បង្ក្រាប​នៅ​រ៉ុ​ក​!​មនុស្ស​៤​ទៅ​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៥០​គីឡូ​និង​ជាង​៣០០​នាក់​ដោះលែង​

443
ចែករម្លែក
  • 88
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មនុស្ស​ប្រមាណ​ជាង​៣០០​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក់ (Rock) ត្រូវបាន​ដោះលែង​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​។ ចំណែក​អ្នក​ដែល​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​៤​ទៅ​៥​នាក់​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ និង​បន្ត​ស្វែងរក​មេខ្លោង​ដែល​នៅ​ពី​ក្រោយខ្នង ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ជា​ទ្រង់ទ្រាយ​ធំ​ឆ្មក់​ចូល​បង្ក្រាប​នៅក្នុង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក (Rock) ដោយបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង ៣០០​នាក់ និង​ជនជាតិ​ចិន​ចំនួន​១៤​នាក់​។ ពាក់ព័ន្ធ​ការចែក​ចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​រួមទាំង​ដកហូត​ថ្នាំញៀន​ជាច្រើន​ប្រភេទ​ប្រមាណ​ជាង​៥០​គីឡូក្រាម​។​

ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​កណ្ដាលយប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​។​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​ព្រះរាជអាជ្ញា​និង​កម្លាំង​ជំនាញ​ចម្រុះ​ផងដែរ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែកុម្ភៈ ថា មនុស្ស​ជាង ៣០០​នាក់ បាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ គឺមាន​អ្នក​មិន​ប្រើប្រាស់ មាន​ចំនួន​៧១​នាក់ ប្រគល់​ទៅឱ្យ​អាណាព្យាបាល​យកទៅ​វិញ និង​អ្នកប្រើប្រាស់​ថ្នាំញៀន មាន​ចំនួន​២៣៣​នាក់​។​​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​“​អ្នក​ដែល​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​គឺមាន​ប្រមាណ ៤ ទៅ​៥​នាក់​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត​បាន​បន្តថា​លោក​និង​ស្នងការរង​ជាច្រើនរូប​ព្រមទាំង​កម្លាំង​ជំនាញ​ចម្រុះ បាន​ចុះបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដោយផ្ទាល់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​កដោយ​ឃាត់ខ្លួន​អ្នកប្រើប្រាស់​និង​អ្នក​ចែកចាយ​ជាង​៣០០​នាក់​ក្នុងនោះ​មាន​ជនជាតិ​ចិន​១៤​នាក់​។​ដកហូត​បាន​គ្រឿងញៀន​ជាង ៥០​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក​៩​គីឡូ​២​ខាំ​ជញ្ជីង​ថ្លឺ​ង​គ្រឿងញៀន​ចំនួន​១២​និង​កាំភ្លើងខ្លី​១​ដើម​។

​លោក​បាន​បញ្ជាក់ថា “​ការធ្វើ​តេស​ទឹកនោម​រកសារ​ធាតុ​ញៀន និង​ធ្វើ​កំណត់ហេតុ​ទៅលើ​យុវជន យុវនារី ជាង​៣០០​នាក់ កំពុងតែ​ដំណើរការ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ភាគច្រើន សុទ្ធតែ​រកឃើញ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​។​ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ​ដែល​ដកហូត​បាន​សរុប​ទៅ​មិនតិចជាង​៥០​គីឡូក្រាម​ឡើយ​។​សមត្ថកិច្ច​ជំនាញ​កំពុង​មមាញឹក​បំពេញការងារ​នេះហើយ​សន្និសីទ​ការ​សែត នឹងធ្វើ​នៅពេល​ការងារ​បញ្ចប់​”​។

​បើតាម​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា​ទាក់ទង​ករណី​ជួញដូរ​គ្រឿងញៀន​និង​ចែកចាយ​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​សមត្ថកិច្ច​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​រក​មេខ្លោង​ធំ​និង​អ្នក​ដែល​ពាក់ព័ន្ធ​ជា​បន្តទៀត ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១​និង​៤៥​នាទី​ទាបភ្លឺ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​

​ក្នុងនោះ​លទ្ធផល​នៃ​ប្រតិបត្តិការ​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឆែកឆេរ​បង្ក្រាប​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​នេះ​និង​បាន​ចាប់យក​វត្ថុតាង​ជា​គ្រឿងញៀន​មួយចំនួន​ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣១១​នាក់​ស្រី ៥៦​នាក់​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​ក​ម្សា​ន្ត​រ៉ុ​ក​ហើយ​ផ្តល់​លទ្ធភាព​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ស្រាវជ្រាវ​ឈានទៅ​កំណត់​ប្រភព​នៃ​ការ​នាំចូល​គ្រឿងញៀន​និង​ក្រុម​ជនល្មើស​នាំយកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​៕S/

​ ​រូបថត​មនុស្ស​ដែល​សមត្ថកិច្ច​ឃាត់​នៅក្នុង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក់​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ