បង្ក្រាប​បទល្មើស​គ្រឿងញៀន​ពីរ​ករណី​ឃាត់ខ្លួន​មនុស្ស​បីនាក់​

290
ចែករម្លែក

ដោយ:បូកគោ/​កំ​ពត ៖ សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​កំពត​កាលពី​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​បីនាក់​ បន្ទាប់ពី​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ជាច្រើន​កញ្ចប់​។​

មន្ត្រី​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​១០និង​៣០នាទីយប់ ​ថ្ងៃទី​២២ ខែកក្កដា សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​បន្ទប់​ជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិទ្វី​ខាងត្បូង សង្កាត់អណ្តូង​ខ្មែរ ក្រុង កំពត រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយកញ្ចប់​ធំ និង​បួន​កញ្ចប់​តូច​។

ជាមួយនឹង​វត្ថុតាង​ទាំងនេះ សមត្ថកិច្ច​បានសម្រេច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​លី ហឿ អាយុ៣៤ឆ្នាំ មាន​ទីលំនៅ​ភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ​។

មន្ត្រីនគរបាល​ដដែល​បាន​បន្តថា ​លុះដល់​ម៉ោង​១១និង​៣០​នាទី យប់​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ចុះបង្ក្រាប​មួយ​ករណី​ទៀត​ស្ថិតនៅ ភូមិសុវណ្ណ​សាគរ សង្កាត់កំពង់​កណ្តាល ក្រុងកំពត​។ នៅ​ទីនោះ សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​ពីរ​កញ្ចប់​ធំ និង​ប្រាំបួន​កញ្ចប់​តូច ព្រមទាំង​កញ្ឆា​ក្រៀម​មួយកញ្ចប់​ធំ​។ ចំពោះ​បទល្មើស​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ រួមមាន ១.ឈ្មោះ ដា សុខា ភេទស្រី អាយុ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិតា​ងួន សង្កាត់កា​កាប ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ២. ឈ្មោះ THOMAS SHAAWN FRANK DONALD ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិ កាណាដា​៕​B/