បង្ក្រាប​ហាង​ចាក់​សាក់​នៅ​ទីក្រុង​បាងកក បន្ទាប់ពី​ស្ត្រី​៤​នាក់​ស្លាប់​ដោយសារ​ជំងឺ​ទាក់ទង​នឹង​ជំងឺអេដស៍​

3326
ចែករម្លែក
  • 21
    Shares

លោកAswin Kwanmuang អភិបាលក្រុងបាងកក បានណែនាំក្រុមមន្រ្តីនិងភ្នាក់ងារដែលពាក់ព័ន្ធឱ្យត្រួតពិនិត្យហាងចាក់សាក់នៅតាមផ្សារនានាក្នុងទីក្រុងបាកក បន្ទាប់ពីមានរបាយការណ៍មួយថាថា ស្រ្តី៤នាក់បានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងជំងឺអេដស៍ កាលពីពេលថ្មីៗនេះបន្ទាប់ពីពួកគេបានចាក់សាក់ជាមួយគ្នានៅផ្សារKlong Lot នៅទីក្រុងនេះ កាលពីខែមីនា។

កាលពីថ្ងៃចន្ទ លោក Aswin Kwanmuang បានស្នើក្រុមមន្ត្រីមកពីក្រសួងសុខាភិ​បាល ឱ្យពិនិត្យមើលការចាក់សាក់តាមម៉ូតូទាំងឡាយនៅក្នុងទីក្រុងបាងកក ហើយបានរកឃើញថាមិនមានអនាម័យត្រឹមត្រូវនោះទេ។

ឪពុករបស់ស្រ្តីម្នាក់ក្នុងចំណោមស្រី្តទាំងនេះ ​បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា គាត់បានសង្ស័យថាកូនស្រីរបស់គាត់ អាចឆ្លងវីរុសហ៊ីវ( HIV) ពីម្ជុលចាក់សាក់កខ្វក់ ហើយថា កូនស្រីរបស់គាត់បានមានវីរុសហ៊ីវ( HIV)ជាងមួយឆ្នាំមកហើយ។

តែលោក Somchai Ariya ម្ចាស់ហាងចាក់សាក់នេះ បានអះអាងថា គាត់បានប្រើម្ជុលថ្មីនិងស្អាតល្អសម្រាប់អតិថិជនគ្រប់ៗគ្នា។ តែគាត់បានសារភាពថា​ គាត់បានចាក់សាក់លើស្រី្តទាំង៤នាក់នេះ ប៉ុនែ្តថាគាត់មិនដែលមាន​បញ្ហាជាមួយអតិថិជនណាម្នាក់ទេ អស់រយៈពេល១០ឆ្នាំមកនេះ។

ក្រុមមន្ត្រីសុខាភិបាលបាននិយាយថា ការពិនិត្យលើកទីមួយទៅលើការចាក់សាក់ចល័តនេះ បានរកឃើញកន្លែងចាក់សាក់របស់ម្ចាស់កន្លែងចាក់សាក់នេះ មិនមានសុវត្ថិភាព ខ្វះអនាម័យ ហើយបង្កហានិភ័យនៃការឆ្លងជំងឺតាមឈាម។

លោក Somchai Ariya ដែលជាម្ចាស់កន្លែងចាក់សាកនេះ ត្រូវបានប្រាប់ឱ្យផ្អាកសេវាកម្មចាក់សាក់ជាបណ្តោះអាសន្ន ហើយគាត់ត្រូវ​បានប្រាប់ឱ្យឆ្លងកាត់ការរៀនចាក់សាក់តាមក្បួនខ្នាតត្រឹមត្រូវនៅមុនពេលចាប់ផ្តើមផ្តល់សេវាចាក់សាក់នេះឡើងវិញនោះ៕ដោយ៖សុខា/sn

ក្រុមមន្ត្រីបាននិយាយថា នៅទីក្រុងបាកក មានហាងចាក់សាក់ចំនួន៥០ដែលបានចុះបញ្ជីត្រឹមត្រូវ