បង្ក្រាប និង​ឃុំខ្លួន​ជន​គ្រឿងញៀន​១២​នាក់ នៅ​ក្រុង​សិរីសោភ័ណ​

300

បង្ក្រាប​ប្រុស​ស្រី​១២​នាក់​លួច​ជក់​និង​លក់​គ្រឿងញៀន​នៅ​ក្រុង​សិរីសោភ័ណ​,​បញ្ជូនទៅ​ឃុំឃាំង​. (​រូប​:​ប​.​ជ័យ​)

(​បន្ទាយមានជ័យ​) : យុវជន និង​យុវនារី​ចំនួន​១២​នាក់ ជា​ជនសង្ស័យ​លួច​លក់ និង​ជក់​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ ធ្វើការ​បង្ក្រាបបាន​នៅវេលា​ម៉ោង​នៅ ២​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​បន្ទប់​ជួល​លេខ​២០៧ ក្នុងផ្ទះ​សំណាក់​ម្កុដ​មាស ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ដំបូង​គេ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ (​ស្រី ១​នាក់​) ឆែកឆេ​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ចំនួន ៥​កូន​ថង់​តូច ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១ កូន​ថង់​សម្រាប់​ច្រក​ថ្នាំញៀន សម្ភារៈ​សម្រាប់​ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន ម៉ូតូ​១​គ្រឿង​។ កម្លាំង​បាន​បន្ត​ឃាត់ខ្លួន​អ្នកប្រើប្រាស់​បាន​ចំនួន ១០​នាក់​(​ស្រី ១​នាក់​) និង​ចុងក្រោយ​បន្ត​ថែមទៀត​សរុប​មាន​ចំនួន​១២​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ចាប សុ​ផា​ឫទ្ធិ ស្នងការរង​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​បង្ក្រាប​គ្រឿង​ញៀន បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ទើប​ឆ្មក់​ចុះ​បង្ក្រាបបាន​ជនសង្ស័យ​ប្រុស​ស្រី​១២​នាក់​នោះ តែម្តង​។​

​សង្ស័យ​បាន​ទទួលស្គាល់ថា ពួកខ្លួន​ខ្លួន​បាន​លួ​កល​ក់ និង​ជក់​គ្រឿងញៀន​នេះ ដោយសារតែ​ធ្វើតាម​គ្នា មាន​គេ​បង្ខំ និង​ធ្លាក់ខ្លួន​ជា​អ្នក​សេព​គ្រឿងញៀន​រហូត​ញៀន កែ​លែង​បាន​។​

​នៅ​ថ្ងៃទី​៣០​ធ្នូ​នេះ កម្លាំង​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ទាំងនេះ ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត និង​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​៕L ដោយ : ប​.​ជ័យ​