បង្គន់​មាស​តម្លៃ​ច្រើន​លាន​ដុល្លារ​ត្រូវ​ក្រុម​ចោរលួច​គាស់​យកទៅ​បាត់​

173
ចែករម្លែក

​បង្គន់​មាស​ទម្ងន់ ១៨ កា​រ៉ាត់​ដែលមាន​តម្លៃ​រហូតដល់​ទៅ​ប្រាំមួយ​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ក្រុមចោរ​ធ្វើ​សកម្មភាព​លួច​គាស់​យកទៅ​បាត់​កាលពីពេល​រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ចេញពី​វិមាន​ប្លេ​នី​ម (Blenheim Palace) នៅ​វូដ​ស្ត​ក់ (Woodstock) តំបន់​អក់​ហ្វឺដ​សៀ (Oxfordshire) ប្រទេស​អង់គ្លេស ។​

វិមាន​នេះ​ត្រូវបាន​សាងសង់ឡើង​ចន្លោះ​ពី​ឆ្នាំ​១៧០៥ ដល់​ឆ្នាំ​១៧២២ និង​ដែល​ត្រូវបាន​ចាត់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ក្នុង​ឆ្នាំ​១៩៨៧​។
​ ​

រចនា​ឡើង​ដោយ​លោក ម៉ូ​រី​ហ្ស៊ី​អូ កា​តេ​ឡាន (Maurizio Cattelan) វិចិត្រករ​ជនជាតិ​អ៊ីតាលី ដ៏​ចម្រូងចម្រាស​កាលពី​ឆ្នាំ​២០១៦ បង្គន់​មាស​នេះ​ទើបតែ​ត្រូវបាន​ដាក់តាំង​បង្ហាញ​កាលពី ២ ថ្ងៃមុន​ប៉ុណ្ណោះ​។​

​បង្គន់​នេះ​ត្រូវបាន​ដំឡើង​ជា​ផ្នែក​មួយ នៃ​ការតាំងពិព័រណ៍​ថ្មី​នៅ​វិមាន​ប្លេ​នី​ម ដែលជា​កន្លែង​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស វីន​ស្តុ​ន ឆើ​ច​ឈី​ល (Winston Churchill) ប្រសូត​នៅ​ខែវិច្ឆិកា ឆ្នាំ​១៨៧៤​។
​ភ្ញៀវ​ចូល​ទស្សនា​វិមាន​នេះ​អាច​ប្រើប្រាស់​បង្គន់​មាស​នេះ​បាន​ម្នាក់​បី​នាទី ដើម្បីឱ្យ​ស្គាល់​រសជាតិ​។
​ ​

ប៉ូលិស​បាន​បញ្ជាក់ថា បង្គន់​នេះ​ពិតជា​ត្រូវ​ចោរ​មួយក្រុម​ធ្វើ​សកម្មភាព​លួច​យកទៅ​បាត់​ប្រាកដ​មែន ដោយ​ប្រើ​រថយន្ត​យ៉ាងតិច ២ គ្រឿង​។ ជា​លទ្ធផល បុរស​វ័យ ៦៦ ឆ្នាំ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ការ​លួច​បង្គន់​មាស​នេះ ហើយ​ពេលនេះ​កំពុង​ជាប់ឃុំ​នៅឡើយ​។​

​លោក ដូ​មី​នី​ក ហ៊ែរ (Dominic Hare) នាយក​ប្រតិបត្តិ​នៅ​វិមាន​ប្លេ​នី​ម បាន​ប្រាប់​ទូរទស្សន៍ BBC ថា បង្គន់​មាស​ដែល​បាត់ទៅ​មានតម្លៃ​ប្រមាណ ៦ លាន​ដុល្លារ ដែលជា “​វត្ថុ​ដ៏​មានតម្លៃ​”​។ លោក​បាន​គូសបញ្ជាក់ថា ការ​លួច​យក​បង្គន់​មាស​នេះ​ពិតជា​ដំណឹង​ដ៏​តក់ស្លុត ខណៈ​ការស៊ើបអង្កេត​កំពុងតែបន្ត​៕​ ​ប្រែ​សម្រួលៈ​ខុម​