បង្គោល​និង​អំពូល​ភ្លើង​ថ្មីៗ​ជាង​២៣០​ដើម​ក្នុង​ក្រុង​ខេមរភូមិន្ទ​កំពុង​ដំឡើង​, ប្រជាពលរដ្ឋ​សម្ដែង​ការពេញចិត្ត​យ៉ាងខ្លាំង​

1405
ចែករម្លែក
  • 55
    Shares

ដោយ​: សុ​ផានី​តា / កោះកុង​: បើទោះបីជា​ផ្លូវ​មួយចំនួន​មិនទាន់មាន និង​បង្គោល​ភ្លើង​ចាស់ៗ​រង​ការខូចខាត​នោះ អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ កំពុង​ដំឡើង​បង្គោល ព្រមទាំង​អំពូល​ភ្លើងអគ្គិសនី​ថ្មី​ជាង​២៣០​ដើម​ជំនួស ក្នុង​គោលដៅ​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ នាពេល​យប់​ងងឹត​។ សកម្មភាព​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សម្ដែង​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​មិនយូរ​នោះទេ​៣​ខែ​ទៀត​ប៉ុណ្ណោះ ភាព​ងងឹត​លំបាក​ធ្វើដំណើរ​ពេលយប់​ជ្រៅ នឹង​លែង​ជា​ក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​តែម្តង ដោយសារតែ​អាជ្ញាធរខេត្ត ក្រុង​ខេមរភូមិន្ទ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អមតៈ ផ្តើម​ដំឡើង​បង្គោល​អគ្គិសនី​ចំនួន​២៣០​ដើម ស្មើនឹង​១០​គីឡូម៉ែត្រ តាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​ជូន​ប្រជាពលរដ្ឋ​។​

​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ បានឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៩ ឧសភា ម្សិលមិញ​ថា សកម្មភាព​ដំឡើង​បង្គោល​ភ្លើងអគ្គិសនី​ថ្មី​នេះ គឺ​ស្ថិតនៅក្នុង​ផែនការអភិវឌ្ឍន៍​កែលម្អ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​របស់​អា​ជ្ញា​ធរ​ខេត្ត ដើម្បី​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ត្រៀម​អបអរសាទរ​បុណ្យ​សមុទ្រ និង​សុវត្ថិភាព​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ គ្រា​ដែល​ផ្លូវ​សំខាន់ៗ​មួយចំនួន​មិនទាន់មាន និង​បង្គោល​ភ្លើង​ចាស់ៗ​រង​ការខូចខាត​។​

​បើតាម​លោក​អភិបាលក្រុង​ខេ​ម​ភូមិន្ទ ការងារ​ដំឡើង​បង្គោល​ភ្លើង​ថ្មី​ក្នុង​ចំនួន​ច្រើន​មិន​ធ្លាប់មាន​នេះ បាន​ផ្តើម​អនុវត្ត​តាំងពី​កណ្តាល​ខែមេសា រហូតដល់​ខែមិថុនា ឆ្នាំ​២០១៨ ទើប​បញ្ចប់ ប៉ុន្តែ​អាស្រ័យ​អាកាសធាតុ​អំណោយផល​ផងដែរ​។ បច្ចុប្បន្ន ក្រុមហ៊ុន អមតៈ ដែលជា​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ កំពុង​មមាញឹក​ដំឡើង​បង្គោល LED ទាំងនោះ​ឲ្យ​ទាន់ពេលវេលា​តាម​គម្រោង​ផែនការ​កំណត់ដោយ​ខ្សែ​កប់​ក្រោម​ដី​។​

​ការ​តម្លើង​បង្គោល​ភ្លើងអគ្គិសនី​នេះដែរ ត្រូវបាន​លោក យ៉ាន វីរៈ និង​អ្នកស្រី ប្រាក់ ចន្ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ស​ង្គា​ត់​ក្នុង​ក្រុង​ខេមរភូមិន្ទ នីមួយៗ សុទ្ធតែ​បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរ​ពាក់ព័ន្ធ លើ​ការ​កិច្ច​សម្រួល​ធ្វើដំណើរ​ពេលយប់​ជ្រៅ តាម​បណ្តោយ​ផ្លូវ​សំខាន់​ចំនួន​១០​ខ្សែ​។

​ក្រុម​ប្រជាពលរដ្ឋ​តាម​សង្កាត់​ខាងលើ ក៏​រំពឹងទុក​ដែរ​ថា សព្វថ្ងៃ​ផ្លូវថ្នល់​តាម​មុខផ្ទះ​របស់​ពួកគាត់​មាន​សភាព​ងងឹតឈឹង​លំបាក​ធ្វើដំណើរ​ទៅមក ឬ​អាចមាន​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះតែ​មើលផ្លូវ​ពុំ​ច្បាស់​។ ដូច្នេះ​រំពឹងថា នៅពេល គម្រោង​ដំឡើង​បង្គោល​ភ្លើង​ជាង​២៣០​ដើម​នេះ សាងសង់​រួចរាល់​នឹងមាន​ភាពល្អប្រសើរ​ច្រើន​ជាមុន​។​

​គួរ​ជម្រាប​ថា សម្រាប់​ផែនការអភិវឌ្ឍន៍​លើកកម្ពស់​សោ​ភ័​ណ្ឌ ឲ្យ​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​នៅ​ខេត្តកោះកុង​របស់​អាជ្ញាធ​រ​ខេត្ត និង​ក្រុង ក៏​គ្រោង​ជួសជុល​កែលម្អ​ផ្លូវ និង​សួនច្បារ​បន្ថែមទៀត ដើម្បី​ឲ្យ​សាក​សម​ទៅនឹង​ជ័យ​លាភ​ទីក្រុង​ស្អាត​ផ្ការំដួល​២​ទង ដែល​ទើបនឹង​ទទួលបាន​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួងទេសចរណ៍​៕ ល​