បង្គោល​ភ្លើង​នៅ​ចំ​កណ្តាល​ត្រង់​ផ្លូវ​ណត​ប្រី​ត​អាច​នឹងត្រូវ​រើចេញ​នៅ​អំឡុង​ខែមេសា​ឆ្នាំ​២០១៨

2022
ចែករម្លែក

​ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ បន្ទាប់ពី​បង្គោល​ភ្លើង​ធំៗ​ដែល​បន្សល់​ទុកចោល​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​ក្រោយ​ការពង្រីក​ត្រង់​តំបន់​ផ្លូវ​ណត​ប្រី​ត ស្ថិតនៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ដោយ​បានទទួល​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​ពលរដ្ឋ រួចមក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​អះអាងថា​បង្គោល​ភ្លើង​នេះ អាច​នឹងត្រូវ​រើចេញ​នៅ​អំឡុង​ខែមេសា​ឆ្នាំ​២០១៨​នេះហើយ​។​

​បើតាម​ពលរដ្ឋ​នា​កន្លងមក​បានលើកឡើង​ថា​ការ​ទុក​បង្គោល​ភ្លើង​ធំៗ នៅ​ចំ​កណ្តាលផ្លូវ​នេះ មិន​ត្រឹមតែ​បង្ក​ការស្ទះ​ចរាចរណ៍​ទេ ប៉ុន្តែ​វា​នៅ​ធ្វើឱ្យ​ងាយ​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ពេលយប់​ទៀតផង​។ ជាមួយ​បង្គោល​ភ្លើង​ច្រើន​រាប់រយ​ស្ថិតនៅលើ​ទ្រូ​វ​ផ្លូវ​នេះដែរ ក្រុម​ពលរដ្ឋ​ទាំង​អ្នករស់នៅ​តំបន់​នេះ និង​អ្នកធ្វើដំណើរ​បាន​ជំរុញឱ្យមាន​ការ​ដកប​ង្គោ​ល​នេះ ចេញ​ឱ្យបាន​ឆាប់ និង​មិនត្រូវ​ពន្យា​ពេល​បន្ត​ទៀតឡើយ​។​
​ពាក់ព័ន្ធ​ទៅនឹង​ការ​ថ្នាំងថ្នាក់​ពី​សំណាក់​ពលរដ្ឋ​អ្នកធ្វើដំណើរ​ដោយសារ​បង្គោល​ភ្លើង​នៅ​ចំ​កណ្តាលផ្លូវ​នេះដែរ​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណៈ​និង​ដឹកជញ្ជូន​រាជ​ធា​និ​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ឱ្យដឹងថា​ការ​យឹត​យូរ​ក្នុង​ការដក​បង្គោល​ភ្លើង​នេះ ដោយសារតែ​ខាង​ផ្នែក​អគ្គិសនី​កម្ពុជា ត្រូវការ​រុះរើ​ចរន្ត​ភ្លើង​នៅត្រង់​បង្គោល​ភ្លើង​នៅលើ​កំណាត់​ផ្លូវ​នេះ ទៅកាន់​ផ្លូវ​២៧១ និង​ភ្ចា​ប់​ទៅកាន់​ផ្លូវ​៥៩៨ ដើម្បី​ប្រើប្រាស់​នៅតាម​តំបន់​រោងចក្រ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​វិញ​។​

​លោ​កថា​បង្គោល​ភ្លើង​នេះ ត្រូវបាន​គេ​ត​ភ្ជាប់​ទៅ​តំបន់​សង្កាត់​ទួល​សង្កែ​ជាច្រើន​ឆ្នាំ​មកហើយ ហេតុនេះ​ការរុះរើ​ជួប​ការលំបាក ប៉ុន្តែ​យ៉ាងណា​នៅ​អំឡុង​ខែមេសា​ខាងមុខនេះ ខាង​ក្រុម​អគ្គិសនី អាច​នឹងធ្វើ​ការរុះរើ​ផងដែរ​។​
ដោយឡែក​ទាក់ទិន​នឹង​ផ្លូវ​កសាង​មិនទាន់​ហើយដោយ​តំបន់​ខ្លះ​មាន​ដី និង​ជង្ហុក​បន្សល់ទុក​តាមផ្លូវ​លោក​បាន​សំណូមពរ​អោយ​ពលរដ្ឋ មានការ​ប្រយ័ត្នប្រយែង​ក្នុងការ​ធ្វើដំណើរ និង​មានការ​យោគយល់​អ​ព្យា​ស្រ័យ​ដោយសារ​ការកសាង​ផ្លូវ​មិនទាន់​រួចរាល់​។​

​ទោះបីយ៉ាងណា​មន្ត្រី​អគ្គិសនី​កម្ពុជា​រស្មី​កម្ពុជា​មិនទាន់​អាច​សុំ​ការឆ្លើយបំភ្លឺ​ជុំវិញ​បញ្ហា​ដក​បង្គោល​ភ្លើង​នេះ​បាន​នៅឡើយ​ទេ​។​យ៉ាងណាក្តី លោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​កាលពី​ថ្មីៗ​មកនេះ​ថា ក្រសួង​ក៏​ចង់​ជំរុញ​ឱ្យ​ការដក​បង្គោល​ភ្លើង​នេះ​បាន​ឆាប់​ដើម្បី​សម្រួល​ចរាចរណ៍​បានល្អ​ប្រសើរ និង​ពិសេស​វា​នឹង​ក្លាយជា​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​មួយ​ដ៏​សំខាន់ ក្នុងការ​រំដោះ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។​
​គួរ​បញ្ជាក់ថា​ត្រង់​តំបន់​ផ្លូវ​ណត​ប្រ៊ី​ដ​នេះ គឺ​ផ្លូវ​ក្រវាត់ក្រុង​ទី​២ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ប្រវែង​១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី ត្រង់​ស្តុ​ប​ផ្សារ​ដី​ហុយ កាត់​តាម​បណ្ដោយ​ផ្លូវ​ណត​ប្រ៊ី​ដ ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​២​។ ការសាងសង់​ផ្លូវ​នេះ នឹង​ចំណាយ​ថវិកា ៦១​លាន​ដុល្លារ​ក្រោម​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ ផ្លូវ​នេះ​នឹងត្រូវ​បញ្ចា​ប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០១៩៕L