ភ្លៀងធ្លាក់មួយមេលាយឡំនឹងខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យបាក់បង្គោលភ្លើងអគ្គិសនីអស់ចំនួន ១៩ដើម បណ្តាលឲ្យសង្កត់លើអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ព្រមទាំងសង្កត់លើរថយន្ត ដែលឈប់ចតតាមដងផ្លូវ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំបុរីពិភពថ្មី ផ្សារកំបូល ទល់មុខកន្លែងបណ្តុះបណ្តាលប៉េអឹមកំបូល ដែលស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ ដោយមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ព្រមទាំងមានខ្យល់កន្ត្រាក់ ដែលបង្កឲ្យបាក់បង្គោលភ្លើងអស់ចំនួន ១៧បង្គោល និងបាក់សង្កត់លើបង្គោលភ្លើងបំភ្លឺផ្លូវចំនួនពីរដើមទៀត ហើយបាក់សង្កត់លើរថយន្តកុងតឺន័រ ឈប់ចតតាមដងផ្លូវ ប្រមាណពីរគ្រឿង រួមនឹងបាក់សង្កត់លើអ្នកលក់ដូរលក់ខោអាវជជុះ និងជួសជុលម៉ូតូនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល និងស្លាកប៉ាន់ណូ រលំបាក់ដួលជាច្រើនកន្លែង និងបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។
ហេតុការណ៍ បាក់បង្គោលភ្លើងអគ្គិសនីនៅផ្លូវជាតិលេខ៤ នៅកំបូលនេះ នាំឲ្យភ្លើងអគ្គិសនី ត្រូវកាត់ផ្តាច់ ពិសេសនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញផងដែរ។
រូបភាពបង្គោលបេតុង ដែលជាបង្គោលភ្ជាប់បណ្តាញអគ្គិសនី ដែលបាក់ជាច្រើនដើមនោះ ត្រូវបានគេថតបង្ហោះ និងបញ្ចេញមតិយោបល់យ៉ាងផុលផុសតាម ហ្វេសប៊ុក នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។
តាមរូបភាព បង្គោលភ្លើងធ្វើពីថ្មបេតុងទាំងនោះ មិនឃើញមានដែកសូម្បីតែមួយ សរសៃ។ តែអ្នកខ្លះលើកឡើងនូវការបកស្រាយថា បង្គោលភ្លើង មិនថានៅស្រុកគេ ឬនៅស្រុកយើងទេ គឺគេធ្វើដោយដាក់ដែកថែប ជាប្រភេទដែករស់ ដែលយើងមើលមិនឃើញនៅពេលបាក់នោះទេ ព្រោះជាដែករស់ ហើយរុញចូលក្នុងបេតុង។ ល។ និង។ល។
យ៉ាងណាក៏ដោយ ហេតុការណ៍បាក់បង្គោលថ្មភ្ជាប់បណ្តាញខ្សែភ្លើងអគ្គិសនី មិនមែនទើបតែកើតមាននៅពេលនេះទេ។ ពោលគឺក្នុងពេលកន្លងមក ពិសេសនៅរដូវវស្សា កាលពីឆ្នាំមុន បង្គោលថ្ម ភ្ជាប់ខ្សែភ្លើង នៅជិតសាលា ACE ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏បានបាក់រលំ នៅពេលមានភ្លៀងផងដែរ។ កាលណោះ បង្គោលភ្លើងដែលបាក់នោះ គេឃើញមានដែកតូចៗ ហើយតែ ១ ឬ ២សរសៃប៉ុណ្ណោះ។
មែនទែនទៅ មិនមែនបង្គោលភ្លើងមិនមានគុណភាពនោះទេ ព្រោះថា នៅភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស បង្គោលភ្លើងមានរាប់លានដើម តែមិនបានបាក់រលំទាំងអស់នោះឡើយ។
យ៉ាងណាក៏ដោយចុះ ដើម្បីធានាសុវត្ថិភាព និងបង្ការការខាតបង់ គេគួរតែពិនិត្យលើគុណភាពបង្គោលភ្លើងរបស់ខ្លួន ពិសេសបង្គោលដែលបាក់រលំទាំងនោះឡើងវិញ ហើយរកវិធីដើម្បីបង្ការ កុំឲ្យបាក់រលំតទៅទៀត។
ករណីបាក់បង្គោលភ្លើងទាំងនេះ ត្រឹមតែគ្រោះថ្នាក់ដល់ឡាន របស់របរ និងអ្នកលក់ដូរ តែចុះបើមានអ្នកស្លាប់វិញ តើម្ចាស់ស្ថាប័ន ត្រូវទទួលខុសត្រូវបែបណាទៅវិញ? អ៊ីចឹងហើយ យើងត្រូវការពារ ប្រសើរជាងព្យាបាល។
មួយវិញទៀតក៏គួរតែបន្ថែមបច្ចេកទេស ឬគុណភាពនៃបង្គោលថ្មបេតុងរបស់ខ្លួន ដើម្បីបង្កើនគុណភាព កុំឲ្យគ្រាន់តែខ្យល់បក់ ក៏បាក់រលំ ដាច់ចេញពីគ្នា ដោយមិនមែនត្រឹមតែទ្រេតនោះឡើយ។ បង្គោលភ្លើង សុទ្ធតែនៅអមសងខាងផ្លូវ ហើយមានផ្ទះ ប្រជាពលរដ្ឋនៅជាប់ៗគ្នា ចុះបើរលំបាក់សង្កត់អ្នកធ្វើដំណើរ និងផ្ទះប្រជាពលរដ្ឋ តើមហន្តរាយនឹងកើនឡើងយ៉ាងណាខ្លះ?។
នៅពេលនេះទៀតចូលដល់រដូវវស្សា ភ្លៀងខ្យល់កើតមានញឹកញាប់ អាជ្ញាធរជំនាញ គួរតែមានវិធានការត្រួតពិនិត្យបង្គោលភ្លើង ដែលមិនទាន់បាក់រលំ ពិសេសបង្គោលចាស់ៗ គួរតែជួសជុល ដកដាក់ថ្មី ឬក៏រកវិធីការពារកុំឲ្យបាក់រលំ ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ អ្នកដំណើរ ទ្រព្យសម្បត្តិ ពិសេសដើម្បីកុំឲ្យប៉ះពាល់អាយុជីវិតរបស់អ្នកដែលមិនដឹងរឿងអីសោះ នៅសុខៗ បែរជារងគ្រោះដោយសារតែបង្គោលភ្លើងទៅវិញ៕ ដោយៈ ម៉េងឆៃ /Ha