បង្រៀន​វិជ្ជា​រចនា​និង​បោះពុម្ព​ដល់​សាខា​តាម​បណ្តា​ខេត្ត​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​

1415
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រុមហ៊ុន​ឯកទេស​ផលិត​ធៀប​ការ​ប្រទេស​កម្ពុជា​(MP)​បាន​សហការ​ជាមួយ​តាម​បណ្តា​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​:​ខេត្ត​នានា​បង្រៀន​វិជ្ជា​រចនា​និង​បោះពុម្ពផ្សាយ​ដល់​សាខា​ដែល​បាន​បើក​អាជីវកម្ម​លើ​មុខរបរ​ទាំងនេះ​ឲ្យ​ចេះ​ផលិត​ខ្លួនឯង​។​គឺ​ដើម្បី​កាត់បន្ថយ​ឬ​ឈានទៅ​ឈប់​នាំចូល​ទាំងស្រុង​ពី​ក្រៅប្រទេស​នាពេល​អនាគត​។​

​លោក សុ​ត សុខុន​ឌី​ឧ​ត្ត​ម ប្រធាន​ក្រុមហ៊ុន​(PM)​បាន​ឲ្យ​ដឹង​នៅ​កន្លែង​បើក​វគ្គ​បង្រៀន​រចនា និង​បោះពុម្ព​ក្នុង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តកំពង់ចាម​កាលពី​សប្តាហ៍​មុននេះ​ថា ខាង​លោក​មក​បង្រៀន និង​ចែករំលែក​បទពិសោធន៍ លើ​មុខវិជ្ជា រចនា​តាម​កុំព្យូទ័រ​លើ​គ្រប់​លិខិតអញ្ជើញ ,​នាមប័ណ្ណ និង​វិក័យប័ត្រ និង​មុខវិជ្ជា​បោះពុម្ព​អួ​ស​ស្បៃ​លើ លិខិតអញ្ជើញ​គ្រប់​ប្រភេទ និង​អាវយឺត​។​

​លោក​ប្រធាន​ក្រុមហ៊ុន MP ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ខាង​លោក​មក​ធ្វើ​បទ​បង្ហាញ​បង្រៀន​ជាក់ស្តែង មុខវិជ្ជា​ខាងលើ​ដល់​សិក្ខាកាម​ទាំង ១៩ រូប​ជា​អាជីវករ​បាន​អញ្ជើញ​មកពី​បណ្តា​ស្រុក​-​ក្រុង​ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍​ថ្មី​។ ពិសេស​បញ្ជ្រាប​ព័ត៌មាន​ផ្នែក​បច្ចេកវិជ្ជា​ទំនើបៗ និង​ការវិវត្ត​ថ្មីៗ​បន្ថែមទៀត​ដល់​ពួកគាត់​។​

​លោក ឧ​ត្ត​ម បាន​បន្ថែមថា កត្តា​សំខាន់​នោះ គឺ​យើង​ចង់​ឲ្យ​ការផលិត​មុខរបរ​រចនា និង​បោះពុម្ព​ដូច​សព្វថ្ងៃ​បាន​នាំចូល​ផលិតផល​មិនទាន់​សម្រេច ពី​ក្រៅប្រទេស​ប្រហែល ៧០ ភាគរយ​។ ផ្ទុយ​មកវិញ​ក្រុមហ៊ុន MP គឺ​ផលិត​ខ្លួនឯង​សិទ្ធ​សាត​។ ដោយ​នាំចូល​ពី​ខាងក្រៅ​ប្រទេស តែ​វត្ថុធាតុដើម​ដូចជា​ក្រដាស​តែប៉ុណ្ណោះ​។​

​លោក​បាន​បន្តថា នេះ​ជា​ឆ្នាំ​ទី​២ ដែល​ក្រុមហ៊ុន PM បាន​ចុះ​សហការ​ជាមួយ​បណ្តា​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​: របស់​ខេត្ត​ជា​គោលដៅ​មួយចំនួន​មាន​: រាជធានី​ភ្នំពេញ​, ខេត្តស្វាយរៀង​,​ខេត្តកំពង់ចាម​,​ខេត្ត​ត្បូងឃ្មុំ​, ខេត្តក្រចេះ​, ខេត្តស្ទឹងត្រែង​, ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី​។​

​លោក ខេង សុ​ភ័​ត្រ ជា​ម្ចាស់​ហាង​រចនា និង​បោះពម្ព​ឈ្មោះ « ផ្កាយព្រឹក » នៅ​ក្រុង​កំពង់ចាម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នោះដែរ​បានដឹង​នៅ​ថ្ងៃទី ២៧ សីហា​នេះ​ថា ឆ្លងតាម​ការបង្រៀន និង​បទ​បង្ហាញ​របស់​ក្រុមហ៊ុន ឯកទេស​ផលិត​ធៀប​ការ​ប្រទេស​កម្ពុជា (MP) ចំនួន បី ថ្ងៃនេះ គឺ​លោក​ទទួល​បទពិសោធន៍​ថ្មី​ច្រើន គឺ​ធ្វើ​ឲ្យ​ការផលិត​មុខរបរ​របស់លោក​បាន​លឿន​រហ័ស ចំណេញ​ពេលវេលា​ប្រហែល​ពាក់កណ្តាល​។​

​ម្ចាស់​ហាង​ផ្កាយព្រឹក​បាន​បន្តថា ជាមួយ​នោះ​ក៏​ទទួលបាន​នូវ​ក្បូរ​ក្បាច់រចនា​ម៉ូត​ថ្មីៗ លើ​លិខិតអញ្ជើញ​។ ដូច្នេះ​សូម​សំណូមពរ​ដល់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​:​ខេត្តកំពង់ចាម​ជួយផ្តល់​វគ្គ​សិក្សា​ដូចខាងលើ​នេះ​ដល់​អាជីវករ ដែល​ប្រកបមុខរបរ​មួយ​នេះ ឲ្យ​រាល់​ឆ្នាំ​។ ដើម្បី​ឲ្យ​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ និង​ដើរ​ឲ្យ​ទាន់​ការវិវត្ត នៃ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​។​

​លោក ជួន សុផាត ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ខាង​លោក​បាន​លើក​ទិសដៅ នៃ​ការបណ្តុះបណ្តាល​វគ្គ​រចនា និង​បោះពុម្ព​នេះ​ទៅកាន់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​រួចហើយ​។ ក្នុង​បំណង​ចែករំលែក និង​ផ្តល់​បទពិសោធន៍​ថ្មីៗ បាន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ប្រកបមុខរបរ​រចនា និង​បោះពុម្ពផ្សាយ គឺ​ចំនួន​ជាង ១០០ កន្លែង​ក្នុង​ខេត្ត​ទាំងមូល​៕S/​

​បង្រៀន​វិជ្ជា​រចនា​និង​បោះពុម្ព​ដល់​សាខា​តាម​បណ្តា​ខេត្ត​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​