បង្វែរ​, បង្វិល​, ពុទ្ធិ​, ពុទ្ធិចរិត​, ពន្លិច​, ពពុះ​, ពៀរ​, ពារ​, ទំពា​, ភៀស​, ភូឈួយ​

142
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​បង្វែរ ( កិ​. ) ធ្វើ​ឲ្យ​វេរ​, ឲ្យ​បែរ​, បំបែរ​ត្រឡប់​ឲ្យ​វិញ​; លើក​ផ្តេក​វេរ​ឲ្យ​ទៅលើ​តែមួយៗ ។ (​តាម​ប្រភព​ពាក្យ​ថា​វេរ​គួរប្រើ ព​ង្វេ​រ ប៉ុន្តែ​ធ្លាប់ប្រើ បង្វែរ យូរណាស់​ហើយ​) ។

​បង្វិល ( កិ​. ) ធ្វើ​ឲ្យ​វិល : បង្វិលខ្លួន​, បង្វិល​កង់រទេះ​, បង្វិលពពិល ។ (​គួរប្រើ ពង្វិល (​ពង់​-​វិល​) ព្រោះ​ធ្វើ​ឲ្យ​វិល ប៉ុន្តែ​ធ្លាប់ប្រើ បង្វិល យូរហើយ​) ។

​ពុទ្ធិ ពុត​-​ធិ សំ​. បា​. ( ន​. ) ប្រីជា​, ប្រាជ្ញា​, ការយល់ : មនុស្ស​មាន​ពុទ្ធិ (​សម្រាប់​ប្រើ​ក្នុង​កាព្យ​) : អ្នក​សុ​ទិដ្ឋិ ដែលមាន​ពុទ្ធិ ប្រសើរ​ឆើតឆាយ តែងមាន​យោបល់ យល់​ការ​វែងឆ្ងាយ​ញ៉ាំង​ជន ទាំងឡាយ ឲ្យ​បាន​ក្ដី​សុខ ។

​ពុទ្ធិចរិត ពុត​-​ធិ​ចៈ​រ៉ិ​ត បា​. ( ន​. ) អ្នក​ដែលមាន​ចរិត​ក្រាស់​ដោយ​ការយល់​, អ្នក​ដែល​ក្រាស់ ដោយ​ប្រាជ្ញា​ស្រាប់​មកពី​កំណើត : មនុស្ស​នុះ​ជា​ពុទ្ធិចរិត ។

​ពន្លិច ( កិ​. ) ធ្វើ​ឲ្យ​លិច​, ជ្រមុជ​ឲ្យ​លិច​ចុះទៅ​ក្នុង​ទឹក : ពន្លិចទឹក ។ ព​. ប្រ​. ធ្វើ​ឲ្យ​ហិនហោច​, ឲ្យ​វិនាស ដូច​គេ​ពន្លិច​អ្វីៗ​ទៅក្នុង​ទឹក ។ ពន្លិចពន្លង់​បង្ហិនបំផ្លាញ​ឲ្យ​វិនាស​ដូច​គេ​ពន្លិចពន្លង់ ក្នុង​ទឹក ។

​ពពុះ ( ន​. ) កម្សួល​ឬ​ព្រួច​ទឹក​ដែល​ប៉ោង​ឡើង​ដោយ​កម្លាំង​ប៉ះ​, ទង្គិច​, ខ្ពុរ​ឡើង ឬ​ដោយ កម្លាំង​ដែល​ពុះ​ខ្ជោល​ឡើង : ពពុះទឹក​, ពពុះរលក​, ពពុះបបរ​, បែកពពុះមាត់​,​ទឹកត្នោតជូរ​ឡើង ពពុះ​ស្កុល ។​ល​។​

​ពៀរ សំ​.; បា​. ( ន​. ) (​វៃរ​; វេរ​) ចំណង​ចិត្ត​ក្រោធ​ដែល​ចង​ដោយ​ព្យាបាទ​បម្រុង​នឹង​សង សឹក​វិញ​, ចំណង​ចិត្តជា​សត្រូវ : ចងពៀរ​, ស្រាយ​ពៀរ​, មនុស្ស​មាន​ពៀរ ។ រួច​ចាក​ពៀរ ព្រោះ​ស្រាយ​ពៀរ កាលបើ​បានជា​ចងពៀរ​រួចទៅហើយ​ដែល​បាន​រួច​រដោះ​ចាក​ពៀរ​លែង មាន​តទៅទៀត ព្រោះ​ស្រាយចំណង​ពៀរ​នោះ​ឲ្យ​ជ្រះស្រឡះ​ចេញ បើ​មិន​ស្រាយ​ចេញ​ទេ ពៀរ​ក៏​ចេះតែមាន​តៗ​ទៅទៀត ។​

​ពារ សំ​. បា​. ( កិ​. ) (​វារ “​ឃាត់​, រារាំង​, ទទឹង​ទាស់​”) ប៉ះ​លើ​ឬ​ប៉ះ​ត្រូវ​ទាំងស្រុង : ពាររបង​, ដើរ​ពារ​គល់ឈើ ។ ពារ​លើ​គ្រោះកាច ប្រទះ​លើ​គ្រោះកាច ។ ការពារ រារាំង ។

​ទំពា ( កិ​. ) លម្អិត​អាហារ​ឬអ្វីៗ​ដោយ​ធ្មេញ : ទំពាបាយ​, ទំពាស្លា​, ទំពាអៀង ។

​ភៀស ( កិ​. ) វេះ​ឬ​ដោះ​គេចចេញ​បំបាត់​ខ្លួន​; គេចចេញ​ដោយ​ក្លែងខ្លួន ឬ​ប្លែង​ឈ្មោះ​មិន​ឲ្យ គេ​ស្គាល់ : ភៀសចេញ​បាត់​; ភៀសខ្លួន ។ ភៀស នេះ​ជា​ពាក្យ​ឃ្លាត​ក្លាយ​ឆ្ងាយ​មកពី​ពាក្យ វេស បា​. ដូចជា អញ្ញាតកវេស “​ការ​គេចខ្លួន​មិន​ឲ្យ​គេ​ស្គាល់​” នោះទេ​ដឹង ( ? ) ។

​ភូឈួយ ស​. ( ន​. ) មន្ត្រី​ដែលមាន​មុខងារ​ជា​អ្នកទទួលបន្ទុក​ធ្វើ​កិច្ចការ​រាជការ​បន្ទាប់ពី មន្ត្រី​ជា​អធិបតី : ភូឈួយសេនាបតី​, ភូឈួយរដ្ឋមន្ត្រី​, ភូឈួយខេត្ត ។ សម័យបុរាណ​ប្រើពាក្យ ថា ជំទប់​, លុះ​ចំណេរ​តម​ក ប្រើពាក្យ ភូឈួយ នេះ​, សម័យ​បច្ចុប្បន្ន ប្រើពាក្យ រង វិញ : អភិបាលខែត្ររង​, អភិបាលស្រុករង​…​។ សម្រាប់​គណៈរដ្ឋមន្ត្រី​ប្រើ​ជា អនុរដ្ឋលេខាធិការ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា