បង្ហាញ​ពី​កំណាត់​ផ្លូវ​ដែល​ត្រូវ​ហាមឃាត់​យានយន្ត​ធ្វើ​ចរាចរណ៍​ដើម្បីឱ្យ​ព្រះ​រាជពិធី​អុំទូក​, ដំណើរការ​ទៅដោយ​រលូន​និង​ទទួលបាន​ជោគជ័យ​

665
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ អាជ្ញាធរ​និង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បានបង្ហាញ​ពី​កំណាត់​ផ្លូវ​មួយចំនួន​ដែល​ត្រូវបាន​ហាមឃាត់​មិនឱ្យ​យានយន្ត​ធ្វើ​ចរាចរណ៍​និង​ជម្រុញ​អោយ​ប្រជាពលរដ្ឋ​សហការ ទាំង​លើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​និង​ប​ញ្ហ​បរិស្ថាន ដោយ​ធ្វើយ៉ាងណា​ឱ្យ​ព្រះ​រាជពិធី​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នាពេល​៣​ថ្ងៃ​ខាងមុខនេះ ដំណើរការ​ទៅដោយ​រលូន​និង​ទទួលបាន​ជោគជ័យ ។​ខាងលើនេះ​ជាការ​ថ្លែង​លោក​ចែវ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​និង​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅក្នុង​សន្តិ​សីទ​កាសែត​មួយនា​រសៀល​ថ្ងៃអាទិត្យ​ទី​១៨ វិច្ឆិកា ២០១៨​នេះ​។​
​ក្នុងនោះ​លោក​ចែវ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​ឆ្នាំនេះ កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​វិធានការ​នៅតាម​តំបន់​មួយចំនួន ជុំវិញ​នៃ​ការ​ប្រារព្ធ​ពិធី ដោយ​នឹងត្រូវ​ហាមឃាត់​មធ្យោបាយ​ផ្សេងៗ ជៀស​សវាង​ការកកស្ទះ និង​បង្ក​ជា​បញ្ហា​យានយន្ត​ច្រើន​កុះករ​នៅ​កន្លែង​ប្រារព្ធ​ពិធី​។ លោក​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង ចាប់ពី​ផ្លូវ​១៥០​កែង​ព្រះស៊ីសុវត្ថិ បានន័យថា ប៉ែក​ខាងជើង​វត្ត​ឧណ្ណាលោម​កែង​នឹង​ផ្លូវ​១៣០ ដែលជា​ផ្លូវ​ឯកទិស បុក​ចេញពី​ផ្សារ​ធំថ្មី មក​ត្រង់​កែង​នឹង​ផ្លូវ​ស៊ីសុវត្ថិ ហើយ​ផ្លូវ​ដែល​យើង​ត្រូវ​បិទ​នេះ គឺ​ផ្លូវ​លេខ​១៣០​កែង​នឹង​ផ្លូវ​ស៊ីសុវត្ថិ ខាងលិច​រហូតមកដល់​ផ្លូវ​លេខ​៥ បត់​ស្តាំ​មក​ខាងត្បូង​រហូត ដល់​របង​វត្ត​ឧណ្ណាលោម ពី​ផ្លូវ​លេខ​១៥៤ បត់​ស្តាំ​ទៅ​លិច​ត្រង់​រហូតដល់​ផ្លូវ​លេខ​១៩​។ ផ្លូវ​លេខ​១៩ បត់​ឆ្វេង គឺ​ខាងក្រោយ​ព្រះបរមរាជវាំង រហូត​ទៅដល់​ផ្លូវ​២១៤ បត់​ស្តាំ​ឡើងមក​ផ្លូវ​ព្រះ​នរោត្តម ហើយ​បាន​យើង​បត់​ឆ្វេង​លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម ឆ្លងកាត់​វិមានឯករាជ្យ ទៅ​ប៉ែក​ខាងត្បូង​ផ្លូវ​២៩៤ ។
​ក្នុងនោះ​លោក​ទាំងពីរ​បានបញ្ជាក់​ថា​៖ ខាងត្បូង​វិមានឯករាជ្យ ចំណុច​ស្តុ​ប​ជ្រុ​ញ​លាង​ហាក់ បត់​ឆ្វេង​តាម​បណ្តោយ​ផ្លូវ​លេខ​២៩៤ រហូត​ទៅដល់​ផ្លូវ​សុធារស បត់​ស្តាំ​ឡើង​ផ្លូវ​សុធារស​រហូតដល់​ផ្លូវ​រដ្ឋសភា កែង​ស្ថានទូត​រុស្ស៊ី បាន​បត់​ឆ្វេង​រហូត​ទៅដល់​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា ឆ្ពោះ​ទៅដល់​ផ្លូវ​លេខ​១៧៨ គឺ​កែង​ស្ថានទូត​អូស្ត្រាលី ឆ្ពោះទៅ​គល់ស្ពាន​តន្ត្រី បត់​ឆ្វេង​តាមផ្លូវ​ស​ឌិ​ត​មុខក្រសួង​បរិស្ថាន រហូត​ទៅដល់​គល់ស្ពាន​នាគ​ភ្លោះ​។ នេះ​គឺជា​តំបន់ នឹងត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង មិន​អនុញ្ញាត​ឲ្យ​ធ​ម្យោ​បាយ​ចេញចូល លើកលែងតែ​អ្នក​ដែលមាន​កិច្ចការ​ចាត់ចែង​ការពារ​ក្នុង​ព្រះរាជ​ពិធី និង​អ្នក​ដែលមាន​លិខិត​ចេញចូល ។ ក្នុង​តំបន់​នេះ​មាន​បងប្អូន​ប្រជាជន​ច្រើន​ដែល​កំពុង​រស់នៅ ហើយ​កន្លងមក​យើង​បាន​អនុវត្តន៍​ជា​រៀងរាល់ឆ្នាំ បងប្អូន​បានដឹង ហើយ​អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​បុណ្យជាតិ បានចេញ​លិខិត​ចែកជូន​ដល់​ប្អូន​ដល់​លំនៅដ្ឋាន ដើម្បី​ឲ្យ​ពួកគាត់​ងាយស្រួល​ចេញចូល​លំនៅដ្ឋាន ដែល​យើង​ត្រូវ​បិទ​ចរាចរណ៍​។ មួយវិញទៀត ក្នុងករណី​ដែល​បងប្អូន​ដែល​អត់​មាន​លិខិត​ចេញចូល សូម​ឲ្យ​បង្ហាញ​នូវ​អត្តសញ្ញាណប័ណ្ណ​របស់គាត់ ដល់​សមត្ថកិច្ច បញ្ជាក់ថា​ពួកគាត់​មាន​លំនៅដ្ឋាន​ក្នុង​តំបន់​នេះ ដើម្បី​ងាយស្រួល​ចេញចូល​ក្នុង​តំបន់​ដែល​ត្រូវ​បិទ​ចរាចរណ៍​។ មាន​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​នានា បាន​សួរ​លោក​ថា តើ​ឲ្យ​ពួកគាត់​ចូល​តាម​តំបន់​ណា និង​ទុក​យានយន្ត​កន្លែង​ណា​ដើម្បី​ចូលរួម​ក្នុង​ព្រះ​រាជពិធី​នេះ​។ ចំពោះ​សំណួរ​នេះ​លោក​បានបញ្ជាក់​អោយដឹង​ដែរ​ថា បងប្អូន​និង​យានយន្ត​ដែល​មក​តាមផ្លូវ​ជាតិ​លេខ​១ មិន​អនុញ្ញាត​ឲ្យ​ចូល​រាជធានី​ភ្នំពេញ​ទេ គឺ​ត្រូវ​បញ្ឈប់​បង្វែរ​ទិស​នៅ​ចំណុច​ផ្លូវបំបែក​ថៃ​ហ្គ័​រ​ចូលទៅ​ស្ពាន​ព្រែក​សំរោង ហើយ​ប្រជាពលរដ្ឋ​ដែល​ចូលក្នុង​ព្រះរាជ​ពិធីបុណ្យ​នេះ គឺ​ឈប់​នៅត្រង់​វត្ត​និរោធ ហើយ​រថយន្ត​និង​រ៉ឺម៉ក​តូចៗ ត្រូវ​អនុញ្ញាត​ចូល​ចត​នៅ​ចំណត​ផ្សារ​ច្បារអំពៅ ដោយ​មិន​អនុញ្ញាត​ឲ្យ​ឆ្លងស្ពាន​ព្រះមុនីវង្ស​ទេ ព្រោះ​គ្មាន​ចំណត​ឲ្យ​ចត​លើផ្លូវ​ព្រះ​នរោត្តម​និង​ទីតាំង​ផ្សេងៗ​ទេ ។
ចំណែក​ផ្លូវជាតិ​លេខ​២​វិញ យានយន្ត​ត្រូវ​ចូល​ចត​នៅ​ចំណត​ចាក់អង្រែ វត្ត​ចាក់អង្រែ វិទ្យាល័យ​ចាក់អង្រែ គឺ​ឲ្យ​ពួកគាត់​ឈប់​នៅត្រឹម​នេះ មិន​អនុញ្ញាត​ឲ្យ​ឆ្លងស្ពាន​អាកាស​ក្បាលថ្នល់​ទេ ។ ចំណែក​អ្នក​មកពី​ផ្លូវ​លេខ​២ តាមផ្លូវ​៦០​ម៉ែត្រ គឺ​ត្រូវ​ឈប់​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​តែម្តង មិន​អនុញ្ញាត​ឲ្យ​ចូល​ផ្លូវ​ព្រះមុនីវង្ស​ទេ ។ ដោយឡែក​យានយន្ត​មកពី​ផ្លូវ​វេ​ង​ស្រេង មិន​អនុញ្ញាត​ឲ្យ​ចូល​មកដល់​ស្ពាន​ស្ទឹងមានជ័យ​ទេ ត្រូវ​បិទ​នៅ​ច្រមុះជ្រូក​ស្ទឹងមានជ័យ ដោយ​បង្វែរ​ទិស​ឲ្យ​ទៅ​ឈប់​ចត​នៅ​ផ្លូវ​ចំការ​ដូង និង​ផ្លូវ​៦០​ម៉ែត្រ​។ ចំណែក​ផ្លូវជាតិ​លេខ​៣ និង​លេខ​៤ រថយន្ត​ប្រភេទ​ដឹកជញ្ជូន​ទាំងអស់​មិន​អនុញ្ញាត ឲ្យ​ធ្វើ​ចរាចរណ៍​លើផ្លូវ​សហព័ន្ធរុស្ស៊ី​ទេ ដោយ​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​ចំណត​ចោមចៅ ហើយ​អាច​ឡើង​ជិះ​រថយន្តក្រុង​របស់រ​ដ្ឋ​បាល​ក្រុងភ្នំពេញ​បន្ត ។ ឯ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ត្រូវ​បង្វែរ​ទិស​ទៅតាម​ផ្លូវ​ទំនប់​កប់​ស្រូវ ។ សម្រាប់​ផ្លូវ​ហាណូយ និង​ផ្លូវ​៥៩៨ ដែល​យានយន្ត​ត្រូវ​មក​ចូលរួម​ក្នុង​ព្រះ​រាជពិធី​នេះដែរ គឺ​មិន​អនុញ្ញាត​ឲ្យ​យានយន្ត​ចូលមក​ផ្លូវ​គឹមអ៊ី​ល​ស៊ុ​ង​ចំណុច​អង់​តែ​ន​ទួលគោក​ទេ និង​អាច​ចូល​ចត​នៅ​ចំណុច​តំបន់​បឹងកក់ ព្រោះ​យើង​មាន​ដី​មិនទាន់​ប្រើប្រាស់​មួយចំនួន​អាច​ចត​រថយន្ត​កូរ៉េ​បាន​។ ចំពោះ ផ្លូវជាតិ​លេខ​៥​រថយន្ត​ធុន​ធ្ងន់​ត្រូវ​បង្វែរ​នៅត្រង់​ស្ពាន​ព្រែក​ព្នៅ ឯ​រថយន្ត​ដែល​មក​ចូលរួម​ក្នុង​ពិធី ត្រូវ​ចូល​ចត​នៅ​ចំណត​គីឡូម៉ែត្រ​លេខ​៩ ឯ​រថយន្ត​លក្ខណៈ​គ្រួសារ រថយន្ត​ដឹកជញ្ជូន​ធុន​តូច ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ចត​ត្រឹម​សាលា​ដែក​។ ផ្លូវជាតិ​លេខ​៦ រថយន្ត​ធុន​ធ្ងន់​ត្រូវ​បង្វែរ​ទៅ​ផ្លូវ​ឈ្នះ​ឈ្នះ ចូលទៅ​ស្ពាន​លី​យ៉ុង​ផាត់ ឡើងទៅ​ទំនប់​កប់​ស្រូវ ឯ​រថយន្ត​ធុន​តូច ត្រូវ​ឈប់​នៅ​តំបន់ អូ​ស៊ី​អាយ​ស៊ី និង​ចំណត​ព្រែកលៀប ។ ចំណែក​រថយន្ត​មួយចំនួន​ដែល​បើក​ហួស​ដល់​ក្នុង​ក្រុង មិន​អនុញ្ញាត​ឲ្យ​ចូល​ចត​ទេ ដោយ​បញ្ជា​ឲ្យ​វិលត្រឡប់​ទៅ​ចូល​ចត​ក្នុង​ចំណត​ដែល​រៀបចំ​ទុក​។​
លោក​ស្នងការរង​រាជធានី​នូវ​បានស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ សូម​ចូលរួម​ថែរក្សា​សណ្តាប់ធ្នាប់​អនាម័យ និង​សន្តិសុខ​សុវត្ថិភាព ជាពិសេស​ត្រូវ​សមត្ថកិច្ច​មិនអាច​ទៅ​ការពារ​បងប្អូន​គ្រប់រូប​បានទេ ដូចជា កាបូប សម្ភារ​ផ្សេងៗ ត្រូវ​ចេះ​ថែរក្សា​ដោយ​ខ្លួនឯង ចៀសវាង​ជន​ខិល​ខូ​ត​ឆ្លៀតឱកាស​លូក​ខ្វេះ លួច​ឆក់ កាបូប ដូច្នេះ​បងប្អូន​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នូវ​សម្ភារ​ផ្ទាល់ខ្លួន​៕