បង្ហាញ​ពី​ប្រវត្តិ​សង្ខេប អ្នក​សច្ចំ​ភ្នំ​ត្បែង​ហៅ​លោក តា សួង និង​ការសាងសង់​បុស្បុក​សំរាប់​តំកល់​រូបសំណាក

2707
ចែករម្លែក
  • 28
    Shares

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ​៖ ការតម្កល់​រូបសំណាក់​និង​បុស្សបុក លោក ឪ​សួង (​អ្នក​សច្ចំ​ភ្នំ​ត្បែង​) នៅ​រង្វង់​មូល​ស្រុក​គូលែន អាជ្ញាធរខេត្ត​ព្រះវិហារ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ម្យ៉ាងទៀត​គឺ​ដើម្បីអោយ​វិញ្ញាណ​ក្ខ័​ន្ធ​លោកតា​មក​សន្ធិ​នៅ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដើម្បី​រស់នៅ​ជា​ខែ្មរ​តែមួយ ក្រោម​ម្លប់​សន្តិភាព វឌ្ឍនភាព ដូច​សម័យ​មហានគរ ។​
​ ​មន្ត្រីរដ្ឋបាល​ខេត្ត​បានឱ្យ​ការសាងសង់​បុស្បុក និង​រូបសំណាក លោកតា សួង នេះ​ឡើងជា​គំនិត​ផ្ដួចផ្ដើម​របស់​លក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​ចំណែក ការសាងសង់​លោក បានប្រគល់​ជូន លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដឹកនាំ​ការសាងសង់​ដោយផ្ទាល់​។ ចំពោះ​ថវិកា​នៃ​ការសាងសង់​គឺ បានមកពី​ជំនួយ​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត សប្បុរសជន​នានា​នៅក្នុង​ខេត្ត និង​នៅ​ជិត​ឆ្ងាយ​ផងដែរ​។​
​អ្នក​ខេត្តព្រះវិហារ​ម្នាក់​ឱ្យដឹងថា​៖​កន្លងមកនេះ​មានការ​បង្ហោះ​តាម​ហ្វេ​ស​បុក​និង​យូ​ថូ​ប​មួយចំនួន​ដោយបាន​លើក​ពី​ប្រវត្តិ​របស់លោក ឪ​សួង តែ​ហាក់ដូចជា​មិន​ត្រឹមត្រូវ​នោះទេ ។​ប៉ុន្តែ​ក្រោយពី​អ្នក​ខេត្តព្រះវិហារ​ផ្ទាល់​ចងក្រង​និង​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់ ទើប​ប្រវត្តិ​របស់លោក ឪ​សួង ត្រូវបាន​លាតត្រដាង​យ៉ាងច្បាស់​និង​ត្រឹមត្រូវ​។ ថា​តើ លោក ឪ​សួង ឬ អ្នក​សច្ចំ​ភ្នំ​ត្បែង មាន​ប្រវត្តិ​និង​ភាព​ល្បី​ល្បាយ​បែបណា​នោះ លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានឱ្យដឹង​នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា​២០១៨​នេះ ថា លោកតា សួង ព្រះនាម​ដើម ជុក សួង កើត​ថ្ងៃ​អង្គារ ១៥​កើត ខែ​ក​ត្ដិក ឆ្នាំជូត ឆស័ក ព​.​ស​. ២៤៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា គ​.​ស​.១៩២៤ ក្នុង​ត្រកូល​កសិករ នៅ​ភូមិ​គូលែន​ជើង ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។ ឳ​ពុក​ឈ្មោះ ពួត ជុក ម្ដាយ​ឈ្មោះ អ៊ិន ផាន់ មាន​បងប្អូន​៨​នាក់ ។​
​នៅក្នុង​-​គ​.​ស​.១៩៤០ ឳ​ពុក​ម្ដាយ​បាន​បញ្ជូន​លោក​ឱ្យទៅ​ស្នាក់នៅ​រៀនសូត្រ​ក្នុង​វត្ត​គូលែន​ជើង​។ អាយុ​១៨​ឆ្នាំ បាន​បួល​ជា​សាមណេរ និង​បាន​បំពេញ​ជា​ព្រះ​ភិក្ខុ​ក្នុង​ព្រះជន្ម ២០​ព្រះវស្សា​។ គ​.​ស​.១៩៤៥ លោក​បាន លាចាក​សិក្ខាបទ​មក​ប្រកប​រប​ស្រែចំការ​ជាមួយ​គ្រួសារ​មួយរយៈ ក៏​ថ្វាយបង្គំ​លា​ឳ​ពុក​ម្ដាយ​ទៅ​បួស​រៀន ជា​អ្នក​សច្ចំ​នៅលើ​ខ្នងភ្នំ​ត្បែង ចេះ​នូវ​ក្បួន​ហោរាសាស្ត្រ ក្បួន​វេជ្ជសាស្ត្រ​បុរាណ និង​មន្តអាគម​គាថា ដ៏​ពូកែ​ស័ក្ដិ​សិទ្ធ​។

ក្នុង​គ​.​ស​.១៩៧០ លោកតា សួង បាន​និមន្ត​ចុះ​ពី​ភ្នំ​ត្បែង មក​ផ្សព្វផ្សាយ​ព្រះធម៌ អប់រំ​អ្នកស្រុក​ឱ្យធ្វើ អំពើ​ល្អ កតញ្ញូ​ចំពោះ​អ្នកមានគុណ ជួយសង្គ្រោះ​អ្នកមាន​ទុក្ខភ័យ និង​ជួយ​ព្យាបាល​អ្នកមាន​ជំងឺ​។ តាំងពី ពេលនោះ គុណធម៌​អ្នក​សច្ចំ​ភ្នំ​ត្បែង បាន​ល្បី​សុះសាយ​គ្រប់ទិសទី រហូតដល់​ព្រះរាជាណាចក្រ​ថៃ​។​លោកតា សួង សុគត​នៅ​ថ្ងៃ​សុក្រ ១០​កើត ខែភទ្របទ ឆ្នាំរោង ទោស័ក ព​.​ស​. ២៥៤៤ ត្រូវ​នឹង ថ្ងៃទី​០៨ ខែកញ្ញា គ​.​ស​.២០០០ នៅ​វត្ត​ព្រៃ​ផា​ថា​ណា ស្រុក​ភូ​សិញ ខេត្ត​ស៊ីសាកេត (​ព្រះរាជាណាចក្រ ថៃ​) ក្នុង​ព្រះជន្ម ៧៦​ព្រះវស្សា​។​
​ការបាត់បង់​អ្នក​សច្ចំ​ភ្នំ​ត្បែង មហាជន​ប្រុស​ស្រី​មានការ​សោកស្ដាយ​ជាទីបំផុត​។ ឯ​ការកសាង​បដិមា លោកតា សួង នៅទីនេះ គឺ​ដើម្បី​ឧទ្ទិស​ដល់​បុណ្យ​បារមី​របស់​អ្នក​សច្ចំ​ដទៃទៀត ដែល​លោក​តែងតែ​ជួយ អប់រំ និង​ជួយសង្គ្រោះ​មនុស្ស​ទូទៅ ជា​បុព្វហេតុ​នាំមក​នូវ​សុខសន្តិភាព​យូរអង្វែង​ដល់​សង្គមជាតិ​កម្ពុជា​៕