បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ជិត​១០​សម័យកាល​ក្នុងឱកាស​ចូលឆ្នាំ​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ដល់​យុវជន​ជំនាន់​ក្រោយ​

300
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​គណ​:​កម្ម​ការរៀបចំ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខេត្តកំពង់ចាម បាន​ស្រាវជ្រាវ​គាស់កកាយ​យក​ម៉ូត​សម្លៀកបំពាក់​របស់​ខ្មែរ​បុរាណ​ចំនួន​ប្រាំបួន​សម័យកាល និង​ជ្រើស​រើសយក​ពណ៌​នៃ​សម្លៀកបំពាក់​តម្រូវ​តាម​ថ្ងៃ​នីមួយៗ​ទាំង​ប្រាំពីរ​ថ្ងៃ​។​គណ​:​កម្ម​ការ បាន​យកមក​ធ្វើជា​បទ​បង្ហាញ​ប្រយោជន៍​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ពី​វប្បធម៌​ប្រពៃណី​ដល់​យុវជន​សម័យ​បច្ចុប្បន្ន​នា​ឳ​កាស​បុណ្យចូលឆ្នាំថ្មី​នេះ​។​

​លោក​ប៉េង​ឈុន​ជា​គណ​:​កម្ម​ការ​បុណ្យចូលឆ្នាំ​មួយរូប​ប្រចាំ​វត្ត​នគរ​បា​ជ័យ​និង​ជា​អ្នកបង្កើត​កម្មវិធី​ខាងលើនេះ​បាន​ឲ្យ​ដឹងថា រដូវ​បុណ្យចូលឆ្នាំ​ឆ្នាំកុរ ឆ្នាំ​២០១៩​នេះ ខាង​លោក​បានជ្រើសរើស​យក​ឈុត ឬ​ម៉ូត​សម្លៀកបំពាក់​ច្រើន​សម័យកាល និង​ច្រើន​ជំនាន់​ជាង​កាលពី​រដូវ​កាល​បុណ្យចូលឆ្នាំ​ឆ្នាំច ឆ្នាំ​២០១៨ កន្លងទៅ នៅក្នុង​បរិវេណ​វត្ត​នគរ​បា​ជ័យ​ក្រៅ​ដដែល​នេះ​។​

​ម្ចាស់​កម្មវិធី​រូបនេះ​បានឱ្យដឹង​ទៀតថា ក្នុងនោះ​មាន​ម៉ូត​សម្លៀកបំពាក់​: សម័យ​ព្រះថោង​នាងនាគ​, សម័យ​ចតុមុខ​ចន្លោះ​ឆ្នាំ​១៤៣២​ដល់​ឆ្នាំ​១៥២៥, សម័យ​លង្វែក​ចន្លោះ​ឆ្នាំ​១៥២៥​ដល់​ឆ្នាំ​១៦០៣, សម័យ​ឧ​ត្តុ​ង្គ​ចន្លោះ​ឆ្នាំ​១៦២០​ដល់​ឆ្នាំ​១៨៦៣,​សម័យ​អាណានិគមនិយម​បារាំង​ចន្លោះ​ឆ្នាំ​១៨៦៣​ដល់​ឆ្នាំ​១៩៥៣,​សម័យ​សង្គមរាស្ត្រនិយម​ចន្លោះ​ឆ្នាំ​១៩៥៣​ដល់​ឆ្នាំ​១៩៧០,​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩,​សម័យ​រដ្ឋ​កម្ពុជា​ចន្លោះ​ឆ្នាំ​១៩៨៩​ដល់​ឆ្នាំ​១៩៩៣,​និង​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​។​

​អ្នកស្រាវជ្រាវ​ម៉ូត​សម្លៀកបំពាក់​បាន​បន្ថែម​ថា​ជាមួយ​នោះ​យើង​បាន​បន្ថែម​ការជ្រើសរើស​ពណ៌​នៃ​សម្លៀកបំពាក់​តម្រូវ​តាម​ថ្ងៃ​នីមួយៗ​ទាំង​ប្រាំពីរ​ថ្ងៃ​គឺ​ថ្ងៃអាទិត្យ​ក្រហម​,​ថ្ងៃ​ចន្ទ​ពណ៌​លឿងទុំ​,​ថ្ងៃ​អង្គា​រ៍​ពណ៌​ស្វាយ​,​ថ្ងៃ​ពុធ​ពណ៌​ស៊ី​លៀប​,​ថ្ងៃ​ព្រ​ហ​ស្ប​ហ៍​ពណ៌​បៃតង​,​ថ្ងៃ​សុក្រ​ពណ៌​ពណ៌​ខៀវ​និង​ថ្ងៃ​សៅរ៍​ពណ៌​ព្រីង​ទុំ​។​
លោក ឈុន បាន​បន្តថា ប្រការ​ដែល​លោក​ស្រាវជ្រាវ​ស្វែងរក​ម៉ូត​សម្លៀកបំពាក់​ច្រើន​សម័យកាល និង​ការជ្រើសរើស​ពណ៌​ស្លៀកពាក់​ឲ្យ​ត្រូវ​តាម​ថ្ងៃ​នីមួយៗ​ពេញ​មួយ​សប្តាហ៍​បែបនេះ​ក្នុង​គោលបំណង​ទាក់ទាញ​ការសប្បាយ​ប្លែក​ដល់​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​នៅ​ខេត្តកំពង់ចាម​និង​បណ្តា​ខេត្ត​ដទៃ​បាន​ទស្សនា​។​សំខាន់​គឺ​ដើម្បី​បង្ហាញ​ឬ​បញ្ជ្រាប​ចំណេះដឹង​ដល់​យុវជន​ឲ្យ​យល់​ពី​កា​ស្លៀកពាក់​របស់​ខ្មែរ​យើង​នៅតាម​សម័យកាល​នីមួយៗ និង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ​ពី​បុរាណ​។​

​លោក រ៉ាត់ ពិសាក់ អនុប្រធាន​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា លោក សូម​គាំទ្រ​និង​សូម​កោតសរសើរ​ចំពោះ​ការគាស់កកាយ​នូវ​ឈុត​ឬ​ម៉ូត​សម្លៀកបំពាក់​ខ្មែរ​ពី​សម័យបុរាណ​ដល់​សម័យ​បច្ចុប្បន្ននេះ​។ នេះ​បង្ហាញ​ពី​ការចូលរួម​បំផុសគំនិត​ដល់​យុវជន​សម័យ​បច្ចុប្បន្ន​ឲ្យ បាន​យល់ដឹង​និង​ឲ្យ​ជួយ​ថែរក្សា​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ​។​

មន្ត្រី​រូបនេះ​បាន​បន្តថា​ប៉ុន្តែ​សូម​សំណូមពរ​ឲ្យ​កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​បែបនេះ​នៅ​ឆ្នាំក្រោយៗ ទៀត​គឺមាន​លក្ខណ​:​ស៊ីជម្រៅ​និង​ប្រសើរ​ជាង​នេះ​ពិសេស​សូម​ឲ្យ​ជួយ​លើកយក​ឈុត​ជា​របាំង​ខ្មែរ​ពី​បុរាណ​មក​សម្តែង និង​បង្ហាញ​ដល់​យុវជន​យើង​ឲ្យ​បាន​យល់ដឹង និង​ជួយ​ថែរក្សា​តរៀង​ទៅ​។​

​គួរ​បញ្ជាក់ថា នេះ​ជា​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​លើក​ទី​៣ ហើយ​ដែល​លោក ប៉េង ឈុន បាន​សិក្សា​ស្រាវជ្រាវ​ចងក្រង​ជា​ម៉ូត​សម្លៀកបំពាក់​ខ្មែរ​ពី​បុរាណ​មក​បង្ហាញ​ជា​សាធារណ​:​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន​សម័យ​បច្ចុប្បន្ន​បាន​យល់ដឹង និង​ជួយ​ផ្សព្វផ្សាយ​បន្ត​នោះ​៕S/​