បង្អាប់​ក្នុង​វង់​ផឹកស៊ី​! ម្នាក់​ធ្លាយ​ពោះ​ដេកពេទ្យ ម្នាក់ទៀត​ជាប់​ខ្នោះ​

1011
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: យុវជន​ម្នាក់​ជាជាង​ជួសជុល​រថយន្ត បាន​ផឹកស្រា​ជាមួយគ្នា ហើយ​បាន​ខឹង​ដែល​ត្រូវ​ជនរងគ្រោះ​និយាយ​បង្អាប់​ថា ធ្វើ​ឡាន​មិនល្អ​ឲ្យ រួច​ក៏​ស្ទុះ​ទាញ​បាន​ខ្វាវ​យកមក​កាប់​លើ​ជនរងគ្រោះ ជា​អ្នក​ហៅ​ម៉ូយ​ជិះឡាន បណ្តាលឱ្យ​រងរបួស​ធ្ងន់​តែម្តង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​បើ​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ហិង្សា​នេះ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ព្រំ សុផាត ហៅ ឌឿ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​ព្រៃ​ឆ្លាក់​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង បានធ្វើ​សកម្មភាព យក​ខ្វាវ (​ឧបករណ៍​សំរាប់​ច្រូតស្មៅ​)​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ នឹម ជុន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ​ជា​អ្នក​ហៅ​ម៉ូយ​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង បណ្តាល​ឲ្យ​រងរបួស ម្រាមដៃ កដៃ​ខាងឆ្វេង និង​ធ្លាយ​ពោះ​ផ្នែក ខាងឆ្វេង របួសធ្ងន់ បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​មូលហេតុ​នៃ​អំពើហិង្សា​បង្ក​របួសស្នាម​ខាងលើនេះ បណ្តាលមកពី​ស្រវឹងស្រា​ទាស់​ពាក្យសំដី​គ្នា ពី​រឿង​ជួសជុល​រថយន្ត​មិន​ស្អាត​។ បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ព្រំ សុផាត ហៅ ឌឿ ត្រូវបាន​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ល​