បង​ភ្លើង ស្ងាត់ៗ​បង្កើត​ផលិតកម្ម​ខ្លួនឯង​

473
ចែករម្លែក

​ភ្នំពេញៈ​ពិតជា​មិនធម្មតា​មែន​ តារា​សម្តែង បង ភ្លើង ដែល​ធាតុពិត​ពី​អតីតកាល​ជា​ក្មេងរត់​តុ​ម្នាក់​ ខំ​តស៊ូ​រហូត​ក្នុង​ជីវិត​របស់លោក​ចង់​ក្លាយជា​អ្នកដឹកនាំ​ក្រុម​ចម្រៀង​ថ្មី​ដោយមាន​ផលិតកម្ម​ជា​ខ្លួន​ដើម្បី​លើកស្ទួយ​អូ​រី​ជីណ​ល សង​(Original Song) ។

​បង​ភ្លើង បានផ្តល​កិច្ច​សម្ភាស​ដល់​រស្មី​កម្ពុជា​ថា មូល​ដែល​លោក​ចង់​បង្កើត​ក្រុម​ចម្រៀងថ្មី​នេះ ឈ្មោះ ភ្លេង មេ​ឌា​(Plerng Media) ដោយសារតែ​លោក​មាន​បំណង​ប្រាថ្នា​ជា​យូរមកហើយ​។ កាលពីមុនៗ​លោក​គ្មាន​លទ្ធភាព មានតែ​ខំប្រឹង​សម្តែង​ផង ធ្វើ​ពិធីករ​ដឹកនាំកម្មវិធី​រាប់​ឆ្នាំ​មកហើយ​ទើប​អាច​សន្សំ​លុយ​និង​មាន​ធនធាន​បង្កើត​ក្រុម​មួយ​ទ្រទ្រង់​ដល់ចម្រៀង​ថ្មីៗ​ដែលមាន​សមត្ថភាព​ចង់​ចេញមុខ​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​។ ប៉ុន្តែ​ពួកគេខ្លះ​ពិបាក​និង​គ្មាន​ធនធាន​សម្រាប់​បង្កើត​ចម្រៀង​របស់​ខ្លូន​។

​បង​ភ្លើង បាន​បញ្ជាក់ថា Plerng Media បានជ្រើសរើស​យក​អ្នកចម្រៀង​បាន​៧​នាក់ ហើយ​ដើម្បី​ក្លាយជា​តារាចម្រៀង​លេចធ្លោ​ខ្លាំង​ជាង​មុន​នា​ខាងមុខនេះ​។ ក្រុម​របស់លោក​មាន​តារាចម្រៀង​ដូចជា កញ្ញា ចិន្តា វី​តា​, លោក វ៉ាន់ ម៉ា​កូ​, នី​ល កុម្ភៈ​, លោក អាង​មុន្នី រ​ត្ថា​, កុមារ ផល កក្កដា​, កុមារ ញ៉រ សុភាព​, កុមារី អាង សុជាតា (​ឈូ​ឈូ​) ។ ក្រុម​តារាចម្រៀង​របស់​លោកមា​ន Channel Youtube និង Facebook “Plerng Media” ដែលមាន​បង្ហោះ​បទ​ចម្រៀង​ថ្មី​របស់​ពួកគេ​គ្រប់គ្នា​ខណៈ​តារាចម្រៀង​ម្នាក់ៗ​សុទ្ធតែ​ទទួល​ការគាំទ្រ​ខ្លាំង​គ្រាន់បើ​លើ​បណ្តាញ​សង្គម​។

​ជា​អតីត​ក្មេង​រត់​តុ​ខំប្រឹង​តស៊ូ​រកលុយ​ទៅ​រៀន រហូតដល់​ក្លាយជា​មនុស្ស​ តារា​រូបនេះ​បានបង្ហើប​ទៀតថា​​លោក​បាន​មើលឃើញ​សមត្ថភាព​របស់​ពួកគេ​ម្នាក់ៗ​សុទ្ធតែ​អាច​ក្លាយជាតារាចម្រៀង ហើយ​មានសំនៀង​ពិ​រោះ​ទៀត ។ ទោះបីជា​ពួកគេ នៅមានកម្រិត​​ ប៉ុន្តែ​ពួកគេ​តស៊ូ​ខំប្រឹង​ហ្វឹកហាត់ និង បញ្ចេញ​សមត្ថភាព​ឱ្យ​អស់ពី​ខ្លួន​ដើម្បី​បាន​បទ​ចម្រៀង​ថ្មី មួយ​បទ ដើម្បី​ទស្សនិកជន ក៏ដូចជា​ការលើកស្ទួយ​នូវ Original Song​ឱ្យមាន​រីកចម្រើនខ្លាំង​នៅ​កម្ពុជា​និង​ល្អ​ជាង​ប្រទេសជិតខាង​យើង​។​

​សូមបញ្ជាក់ថា បង ភ្លើង ជា​តារា​សម្តែង ដែល​មហាជន​ស្គាល់​តាមរយៈ​ការសម្តែង​របស់លោក​ឧស្សាហ៍​ដើរតួ​កាច តួ​បងធំ ជាច្រើន​រឿង​ទាំង​រឿង​ដុំ និង​ភាគ​។ ក្រោយ​ប្រឡូកសិល្បៈ​ជាច្រើន​ឆ្នាំ​លោក ក៏​ក្លាយជា​អ្នកដឹកនាំ​កម្សាន្ត និង កម្មវិធី​សង្គម​ដែល​ទទួល​ការគាំទ្រ​ខ្លាំង​ផងដែរ​។​

​ជាពិសេស​លោក ត្រូវបាន​មហាជន និង អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ស្គាល់​លោក​ច្បា​ស់លោក ពីព្រោះ​លោក​ជាតា​រា​ដែល​ឧស្សាហ៍​ចេញមុខជួយ​ឈឺ​ឆ្អាល អ្នក​អត់ អ្នកក្រ អ្នក​ជួប​ការលំបាក​បញ្ហា​ក្នុងសង្គម ហើយ​លោក​តែងតែមាន​ទម្លាប់​ជួប​ក្មេងៗ​ក្រីក្រ ក្មេង​កំព្រា យក​អំណោយ​ជួយ​ជានិច្ច​៕ ដោយៈ បូ​រិ​ន​/Ha