បច្ចុប្បន្ន​ភ្នាក់ងារ​ធានារ៉ាប់រង​ជា​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កើនឡើង​ដល់​១៣​ក្រុមហ៊ុន​នៅ​កម្ពុជា​

823
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: ខណៈ​វិស័យ​ធានារ៉ាប់រង​កំពុង​បោះជំហាន​ទៅមុខ​ដោយ​ភាពរឹងមាំ គិត​ចាប់ពី​ឆ្នាំ​២០១២ រហូតមកទល់​បច្ចុប្បន្ន មាន​ភ្នាក់ងារ​ធានារ៉ាប់រង​ដែលជា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​កើន​ឡើងដល់​ចំនួន​១៣​ក្រុមហ៊ុន កំពុង​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​។ នេះ​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​នៃ​កម្ពុជា​។​

​លោកស្រី ហោ សុ​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធានារ៉ាប់រង​និង​សោធន នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅក្នុង​ពិធី​សម្ពោធ​ការចាប់​ដៃគូ​ចែកចាយ​ដំណោះស្រាយ​ធានារ៉ាប់រង​ជីវិត រវាង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ ខេ​ម​បូ​ឌា (A.I.A Cambodia) និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត កាលពី​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​បង្កើត​ឲ្យ​មានការ ធានារ៉ាប់រង​អាយុជីវិត​សង្កេតឃើញថា វិស័យនេះ​បានផ្តល់​សារៈសំខាន់​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ពោលគឺ​មិន​
​ត្រឹមតែ​បង្កើត​ឲ្យ​មាន​ផលិតផល​ធានារ៉ាប់រង​គ្រប់​ប្រភេទ សម្រាប់​សហគ្រាស​អាជីវ​កម្ម​និង​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​មធ្យម​និង​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិស័យនេះ​ថែមទាំង​បង្កើត​ឲ្យ​មាន​ផល​ធានារ៉ាប់រង​យ៉ាង​សំបូរបែប សម្រាប់​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប​ផងដែរ​។​

​ជាមួយនឹង​ការចាប់​ដៃគូ​ខាងលើនេះ លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ បាន​លើកឡើងថា ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជាមួយនឹង​បទ ពិសោធន៍​និង​ជំនាញ​ជិត​មួយ​សតវត្ស​កន្លងមកនេះ ក្រុមហ៊ុន​ជឿជាក់ថា​ពិតជា​អាច​បម្រើ​អតិថិជន​របស់​ដៃគូ​ដ៏​ល្អឥតខ្ចោះ​និង​យូរអង្វែង​។ ហើយ​តាមរយៈ​ការចាប់​ដៃគូ​នេះ​យើង​អាច​បម្រើ​ប្រជាពលរដ្ឋ​បាន​កាន់តែច្រើន និង​នៅ​គ្រប់ផ្នែក​នៃ​ប្រទេស ហើយ​ប្តេជ្ញា​ការពារ​និង​លើកស្ទួយ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​ដោយឡែក លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន​បញ្ជាក់ថា គោលដៅ​ចម្បង​សំខាន់បំផុត​នៃ​ការចាប់​ដៃគូ គឺ​ការនាំយក​នូវ​ផលប្រយោជន៍​បន្ថែម និង​ភាព​ស្ងប់ចិត្ត កាន់តែ​ប្រសើរ​ជូន​ដល់​អតិថិជន​។ មកទល់​បច្ចុប្បន្ន អម្រឹត បាន​បម្រើ​អតិថិជន​សរុប​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់ តាមរយៈ​ការិយាល័យ​សរុប​១៥៦​សាខា​ទូទាំងប្រទេស និង​មានទ្រព្យ​សកម្ម​សរុប​ជាង​៨៦៥​លាន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់ថា វិស័យ​ធានារ៉ាប់រង ពិសេស​ធានារ៉ាប់រង​អាយុជីវិត​បាននិងកំពុង​បន្ត​រីកចម្រើន​ទៅមុខ​គួរ​ជាទី​មោទនៈ​។ គិត​ត្រឹម​នៅ​ឆ្នាំ​២០១៧ បុព្វលាភ​ធានារ៉ាប់រង​សរុប នៃ​ទីផ្សារ​ធានារ៉ាប់រង​ទាំងមូល សម្រេចបាន​ប្រមាណ​១៥៣​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​មាន​ចំនួន​៤៤,៣​ភាគរយ​៕ ល​