បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ច្រើនជាង​២​ពាន់​ក្រុមហ៊ុន​កំពុង​វិនិយោគ​នៅ​កម្ពុជា​

186

(​ភ្នំពេញ​) ៖ រហូតមកទល់​ពេលនេះ មាន​ក្រុមហ៊ុន​ចិន​ជាង​២០០០ ដែល​បាន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន​។

លោក ស្យង់បូ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា​

​លោក ស្យ​ង់​បូ ឯកអគ្គរដ្ឋទូត​ចិន បាន​ថ្លែង​ឲ្យ​ដឹង ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រលប់​ថ្ងៃ​ម្សិល​ម៉ិ​ញ​ស្ដីពី​ស្ថានភាព​នៃ​វិនិយោគ​ចិន និង​ប្រជាជន​ចិន​រស់នៅ​កម្ពុជា​ថា តាម​ទិន្នន័យ​ដែល​ស្ថានទូត​ទទួលបានៗ បញ្ជាក់ថា ក្រុមហ៊ុន​ចិន​ច្រើនជាង​២​ពាន់​ក្រុមហ៊ុន កំពុង​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទំហំ​ប្រមាណ​ជា​១២​ពាន់​៥​រយ​លាន​ដុល្លារ​អាមេរិក ជាពិសេស​អ្នកវិនិយោគ​ចិន ដែល​គ្រោង​បណ្ដាក់ទុន នៅ​កម្ពុជា តែងតែ​ទាក់ទង​តាម​ស្ថានទូត​ជា​រៀងរាល់ថ្ងៃ​។

​លោក​បាន​បន្តថា ចំនួន​ក្រុមហ៊ុន​ចិន និង​ទំហំ​វិនិយោគ​អាចមាន​ចំនួន​ជាង​នេះ​ដោយសារ​ក្រុមហ៊ុន​មួយចំនួន​មិន​បានមក​តាម​ស្ថាន​​ទូត​នោះទេ​។

​លោក ស្យ​ង់ បូ បន្ថែមថា គម្រោង​វិនិយោគ​ធំៗ​នៅ​កម្ពុជា​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​ចិន មានដូចជា វា​រី​អគ្គិសនី ព្រលានយន្តហោះ​ថ្មី​នៅ​​ខេត្តសៀមរាប ជា​ឥណទាន​សម្បទាន​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម​កាត់ដេរ សំលៀកបំពាក់ និង​ស្បែកជើង​ដោយមាន​រហូតដល់​៧០​ភាគរយ នៃ​ក្រុមហ៊ុន​សរុប​ដែល​បាន​វិនិយោគ​ក្នុង​វិស័យនេះ​នៅ​កម្ពុជា ហើយ​សព្វថ្ងៃ​អ្នកវិនិយោគ​ចិន​ក៏​កំពុង​បណ្ដាក់ទុន​លើ​វិស័យ​​ទេសចរណ៍ និង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​កំពុង​ទាក់ទាញ​អ្នកវិនិយោគ​ចិន​ផងដែរ​។​

​លោក​បាន​បន្ថែមថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​ប្រទេស​ចិន បាន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​១​ពាន់​៤​រយ​លាន​​ដុល្លារ​អាមេរិក ដោយ​ស្មើនឹង​២៧,៥​ភាគរយ នៃ​ការវិនិយោគ​សរុប​នៅ​កម្ពុជា​។ លោក​បានបញ្ជាក់​បន្ថែម​ថា ចំនួន​ទឹកប្រាក់​នេះ​មិនទាន់​​រាប់បញ្ចូល​ឥណទាន​ស​ម្ប​ទាន​នៅឡើយ​ទេ ប៉ុន្តែ​បើ​រាប់បញ្ចូល​នោះ​ទំហំ​ទឹកប្រាក់​នេះ​ទំហំ​ទឹកប្រាក់​នឹង​កើន​ដល់​ប្រមាណ​ជា​៤​ពាន់​​លាន​ដុល្លារ​អាមេរិក​៕​ដោយ​៖​វិបុល​/sn