បច្ចុប្បន្ន ភ្លើង ទឹក និង​សំរាម​ជា​បញ្ហា​ប្រឈម​របស់​អ្នកក្រុង​ព្រះសីហនុ​

4261
ចែករម្លែក

​ព្រះសីហនុ​៖ អ្នកក្រុង​ព្រះសីហនុ​នាពេល​បច្ចុប្បន្នកំពុង ប្រឈម នឹង​បញ្ហា ភ្លើងអគ្គិសនី និង​ទឹក ប្រើប្រាស់ មិន​គ្រប់គ្រាន់ ថ្ងៃ​ណា​ក៏​ដាច់ បើ​មិន​ដាច់ ភ្លើង ក៏​ដាច់ទឹក​ដែរ ។ នេះ អគារ​ធំៗ របស់​ក្រុមហ៊ុន​ចិន​មិនទាន់​ដំណើរការ​ផង​ទេ ។ រីឯ​សំរាម​ក៏​ស្អុយរលួយ​ពេញ ទីក្រុង​ទេសចរណ៍​មួយ​នេះដែរ ។​

​អ្នកលក់​កាហ្វេ ម៉ាស៊ីន និង​ផ្សារ ម៉ា​ត ច្រើន​កន្លែង​បាន​រអ៊ូរទាំ​ថា ពីមួយ ថ្ងៃ​ទៅមួយថ្ងៃ​បើ​ភ្លើង មិន​ដាច់​ក៏​ដាច់ទឹក ដែរ តើ​ឱ្យ​ពួកគាត់​ប្រកប​របរ​លក់ដូរ​យ៉ាង​ដូចម្តេច ។​
​ ​
​ម្ចាស់​ហាង​កាហ្វេ​ម៉ាស៊ីន នៅ ក្រុងព្រះសីហនុ​ម្នាក់​បាន​និយាយថា រកស៊ី​ប្រវាស់​ជាមួយ​អគ្គិសនី និង​រដ្ឋាករ ទឹក មួយរយៈ​ចុងក្រោយ​នេះ ខាត​ឡុង ចុង លង់​ដើម​ហើយ មួយថ្ងៃ បាន​លក់ មួយថ្ងៃ​ទៀត បើកទ្វារ​អង្គុយ​ហាមាត់ ស្រូបខ្យល់ តែ​ខ្យល់ នៅ​កំពង់សោម សព្វថ្ងៃ ក៏​សម្បូរ ក្លិនស្អុយ​ពី​គំនរ សំរាម ផងដែរ ។ នេះ​អគារ ខុន​ដូ ក្រុមហ៊ុន​ចិន មាន​រាប់រយ រាប់ពាន់​បន្ទប់ មិនទាន់ ដំណើរការ​ផង លុះ​ដល់ពេល​ក្រុមហ៊ុន ទាំងនោះ ដំណើរការ​ពេញបន្ទុក​វិញ មិនដឹង​ជា​វេទនា យ៉ាងណា​នោះទេ ។ ប្រការនេះ ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​មេត្តា គិតគូរ​ផង ។​
​ ​
​មន្ត្រី​អគ្គិសនី​កម្ពុជា ខេត្ត ព្រះសីហនុ​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​បាន និយាយថា ភ្លើង​ដាច់ គឺមាន​មូលហេតុ ជាក់ស្តែង ។ បច្ចុប្បន្ននេះ ប្រព័ន្ធ​ចាស់ ពុកផុយ ត្រូវការ​ជួសជុល​ជា​បណ្តើរៗ ហេតុនេះ​ត្រូវ​ការបិទ​ផ្តាច់​ប្រព័ន្ធ​ជា អន្លើៗ​ហើយ ។ សូម​បងប្អូន​មេត្តា​យោគ យល់ ។​
​ ​
​រីឯ​ផ្នែក​រដ្ឋាក​ទឹក​វិញ ក៏​អះអាង ដូចគ្នានេះដែរ ។ ពេលនេះ រដូវប្រាំង រាំងស្ងួត ខ្វះ​ទឹក​ខ្លះៗ ចំពោះ​ប្រព័ន្ធ ក៏ ពុកផុយ ជា​អន្លើៗ​ដែរ ។ សព្វថ្ងៃ​ប្រភព ទឹក​មានតែ​នៅ​តំបន់​ក្បាលឆាយ​មួយ កន្លែង​ប៉ុណ្ណោះ ចំពោះ​បឹង​ព្រែក​ទប់ មិនអាច​យកមកប្រើ​ប្រាស់​បានទេ ត្រូវ ផ្អាក​ហើយ ។​

​មន្ត្រី​រដ្ឋាករទឹក ខេត្ត​ព្រះសីហនុ ម្នាក់​គ្មាន​ខ្សែ​នឹង​គេ​បាន​លួចខ្សឹប​ប្រាប់ថា កាលពីមុន​ប្រភព ទឹក​មាន ៣ កន្លែង គឺ បឹង​ព្រែក​ទប់ អណ្តូង​ដ៏​ជ្រៅ​ធំ​មួយ នៅ អូរ​ទី​៣ និង​តំបន់​ក្បាលឆាយ តែ​បច្ចុប្បន្ន គេ​ឃុបឃិត​គ្នា​លក់​ដី​អស់ហើយ នៅ​អូរ ទី​៣ និង បឹង​ព្រែក​ទប់ ។​
​ ​
​ពាក់ព័ន្ធ​សំរាម ដែល​កំពុង ជះក្លិន​អសោច​ពេញទី​ក្រុងព្រះសីហនុ​សព្វថ្ងៃ​ត្រូវបាន​មន្ត្រី សាលាក្រុង ព្រះសីហនុ ខ្សឹប​ប្រាប់ថា គឺ​បណ្តាល​មក ពី​អំពើពុករលួយ​ក្នុងការ​ដាក់ឱ្យ​ដេញថ្លៃ ប្រមូល​សំរាម​ក្នុង​ខេត្ត​មួយ​នេះ ក្រុម ហ៊ុន​ស៊ិន​ទ្រី គេ​មាន​រថយន្ត​ដឹក​សំរាម ច្រើន​គ្រឿង និង​កម្មករ​គេ​គ្រប់គ្រាន់​មិន ជ្រើសរើស​ទេ ទៅយក​ក្រុមហ៊ុន​មាន រថយន្ត​តិចតួច និង​កម្មករ មិន​គ្រប់គ្រាន់ រឿង​អី​ប្រមូល​សំរាម​ទាន់​នេះ​ជាហេតុ​ផល​។​
​ ​
​ទោះជា​យ៉ាងនេះ​ក្តី ពលរដ្ឋ ក្នុង ក្រុងព្រះសីហនុ នៅតែមាន​ក្តីបារម្ភ ក្នុងការ​រស់នៅ​ប្រកប អាជីវកម្ម មិនបាន ល្អ​ប្រពៃ និង​រីកចម្រើន​នៅ​ថ្ងៃ​ខាងមុខ ជា​បន្តទៀត​ដោយសារតែ បញ្ហា​ប្រឈម ទាំង​៣​ប្រការ​សំខាន់​ខាងលើនេះ ៕ ដោយ​៖ វណ្ណៈ​