បច្ចេកទេស​ចិញ្ចឹម​កង្កែប​ក្នុង​តង់​កៅស៊ូ​

1145

​ការចិញ្ចឹម​កង្កែប​ក្នុង​អាង​ដោយ​ប្រើ​តង់​កៅស៊ូ​ជា​របៀប​ចិញ្ចឹម​មួយ​ថ្មី ងាយស្រួល​ក្នុងការ​ថែទាំ និង​គ្រប់គ្រង ។ មិនសូវ​ត្រូវការ​កន្លែង​ធំ និង​ទឹក​ច្រើន​ទេ ដែល​សមស្រប​សម្រាប់​អ្នក​ចង់​ចិញ្ចឹម ដែលមាន​ដី​តូច គ្រាន់​តែមាន​អណ្ដូង​មួយ​ឬ​ស្រះ​ទឹកតូច​ល្មម​ប៉ុណ្ណោះ ។​

១. ការសាងសង់​អាង
– ទំហំ​អាង​សមស្រប​គឺ​ពី ២ ទៅ ៥០​ម៉ែត្រការ៉េ (​បាត​)
– កម្ពស់​អាង ៨០ សង់ទីម៉ែត្រ​ទៅ ១​ម៉ែត្រ​
– ក្រាល​បាត​អាង​ជាមួយ​តង់​កៅស៊ូ​ធ្វើ​ឲ្យ​បាត​អាង​មាន​ផ្ទៃ​រលោង ដើម្បី​កាត់បន្ថយ​ភាព​កកិត ដែល អាចធ្វើ​ឲ្យ​កង្កែប​រលាក ឬ​រលាត់ស្បែក ដែលជា​ហេតុ​ងាយ​ឆ្លង​ជំងឺ និង​ជម្រាល​ទៅ​ម្ខាង ដើម្បី ងាយ​ឲ្យ​ទឹក​ហូរ​អស់ពី​អាង​ពេល​លាង​អាង​

– កម្ពស់​ទឹក​អាង​ពី ២ ទៅ ៥​សង់ទីម៉ែត្រ​
– គួរប្រើ​បំពង់​ជ័រ​បង្ហូរទឹក​ចេញ ដែលមាន​ទំហំ​មុខកាត់​ពី ៤០ ទៅ ៦០​មី​លី​ម៉ែត្រ​

– បំពង់​បង្ហូរទឹក​ចេញ​ត្រូវដាក់​នៅ​កន្លែង​ដែល​ទាប​ជាងគេ​នៃ​បាត​អាង ឯ​បំពង់​បង្ហូរទឹក​ចូល​ត្រូវដាក់ ខ្ពស់ជាង​មាត់​អាង​បន្តិច និង​ដាក់​ត្រង់​កន្លែង​ដែលមាន​បាត​ខ្ពស់​ជាងគេ​
– ដំបូល​រោង​ចិញ្ចឹម​កង្កែប​គួរ​ធ្វើ​ប្រមាណ ២​ម៉ែត្រ ដោយ​ប្រើ​ស្បៃ​ម្លប់ ឬ​ស្បៃ​កាត់បន្ថយ​ពន្លឺ ។​

២. បច្ចេកទេស​ចិញ្ចឹម​
– គួរ​ដាក់​ចិញ្ចឹម ៨០ ទៅ ១០០​ក្បាល ក្នុង​ផ្ទៃ​បាត​អាង ១​ម៉ែត្រការ៉េ​
– ចាប់​កូន​កង្កែប​ណា​ដែល​ធំ​ទៅ​ដាក់​ចិញ្ចឹម​ក្នុង​អាង​ផ្សេង ដើម្បី​កាត់បន្ថយ​ការ​ស៊ីគ្នា
– ប្ដូរ​ទឹក​រៀងរាល់​មុន​ឲ្យ​ចំណី គឺ​នៅពេល​ព្រឹក និង​ល្ងាច​។​

៣. ប្រភេទ​ចំណី​
– ចំណី​ស្រស់​៖ ត្រី​ល្អិត​គ្រប់​ប្រភេទ សាច់​គ្រុំ សាច់​ខ្យង កូន​ក្ដាម សត្វល្អិត ជន្លេន កាកសំណល់ កែច្នៃ​មាន់ ទា​…
– ចំណី​ផ្សំ​៖ ផ្សំ​បញ្ចូល​គ្នា​នូវ​សមាសធាតុ​ច្រើន​មុខ​ដូចជា ម្សៅ​ត្រី ឬ​ត្រី​ល្អិតៗ សណ្ដែកសៀង កន្ទក់ ពោតក្រហម អំបិល​…​។ អាចជា​ចំណី​គ្រាប់​ស្រាប់ ឬ​ចំណី​ស្ងោរ ។​

៤. ការ​ទទួលផល​
– ២​ខែ​កន្លះ ទៅ ៣​ខែ យ៉ាងយូរ​អាច​ទទួលផល​បាន ៕ ប្រភព​: អ៊ាង សុផល្លែត​