បច្ចេកទេស​ចិញ្ចឹម​កន្ធាយ​សាច់

2643

+ ការរៀបចំ​ស្រះ​៖
– ជីក​ស្រះ​ជម្រៅ ១-១,៥ ម៉ែត្រ និង​ទំហំ ១០០​ម៉ែត្រ​ការេ​ឡើង កម្រិត​ទឹកថ្លា​ខាងលើ​ប្រមាណ ៣​តឹក​
– ជ្រើសរើស​ទីតាំង​ជីក​ស្រះ​នៅ​ជិត​ផ្ទះ និង​ស្ងប់ស្ងាត់ ងាយស្រួល​ក្នុងការ​មើលថែ ផ្គត់ផ្គង់​ទឹក និង​ឲ្យ​ចំណី ។ មាត់​ស្រះ​ត្រូវយក​ស័ង្កសី ឬ​សំណាញ់​ព័ទ្ធជុំវិញ ប្រវែង​១​ម៉ែត្រ ដើម្បី​កុំ​ឲ្យ​កន្ធាយ​វារ​ឡើង​ចេញពី​ស្រះ​


– សម្រាប់​ជា​ម្លប់​ដល់​កន្ធាយ យើង​ត្រូវ​ដាំ​ដំណាំ​ហូប​ផ្លែ​នៅតាម​មាត់​ស្រះ និង​ដាក់​ដាំ​ត្រកួន កំប្លោក កញ្ឆែត​ក្នុង​ស្រះ
– ត្រូវ​រៀបចំ​កន្លែង​ដែលមាន​ដាក់​បន្ទះ​ឬ​ស្សី​រាង​ទេរ​បន្តិច​ដើម្បី​ឲ្យ​វា​ឡើង​ហាលថ្ងៃ​បាន​
– ត្រូវធ្វើ​កន្លែង​សម្រាប់​ឲ្យ​កន្ធាយ​ឡើង​ហាលថ្ងៃ​បាន ដោយ​ត្រូវដាក់​ឬ​ស្សី​រាង​ទេរ​បន្តិច​
– នៅ​បាត​ស្រះ​ត្រូវដាក់​ភក់​កម្រាស់​១-២​តឹ និង​ដាក់​ទឹក​បញ្ចូល​ជិត​ពេញ​ស្រះ បន្ទាប់មក​បាច​កំបោរ​ស ប្រមាណ​១​គីឡូ ទុកចោល​ប្រហែល ២​អាទិត្យ ។ បន្ត​មកទៀត​យក​ថ្នាំ​ធ្វើ​ឲ្យ​ទឹកស្អាត​ចាក់​ចូល​ស្រះ ឲ្យ​បាន​១​អាទិត្យ​សិន សឹម​លែង​កូន​កន្ធាយ​ចូល​ស្រះ​


– យើង​អាច​រៀបចំ​ជា​ស្រះ​ស៊ីម៉ងត៍​ទៅតាម​លទ្ធភាព​។​

+ ការជ្រើសរើស​ពូជ​៖
– យក​ពូជ​ដែល​មិនមាន​ជំងឺ ឬ​មាន​របួស ដាច់ រលាត់ ជា​ពូជ​ដែល​មាំមួន មាន​ទម្ងន់ ១០០​ក្រាម​សម្រាប់ ចិញ្ចឹម ហើយ​យក​ប៉ុនៗ​គ្នា ដាក់​ចិញ្ចឹម​ក្នុង​ចន្លោះ​ខែកុម្ភៈ ដល់​ឧសភា​ទើប​ល្អ


– អត្រា​ចិញ្ចឹម​គឺ ៤-៥​ក្បាល ក្នុង​១​ម៉ែត្រ​ការេ មុន​ដាក់​កន្ធាយ​ក្នុង​ស្រះ​ត្រូវយក​កូន​កន្ធាយ​លែង​ក្នុង​សំណាញ់ ១​អាទិត្យ​សិន ដើម្បី​មើល​កូន​ណា​ដែល​មិនល្អ​យកចេញ ។​

+ ការ​ឲ្យ​ចំណី​៖
– ការ​ប្រលែង​កូន​ដំបូង ត្រូវ​ស្ងោរ​ដំឡូងជ្វា​ផុយ​ល្មម កិន​ឲ្យ​បែក​តូចៗ យកទៅ​ចាក់​លើ​ក្ដា​មាត់​ស្រះ​ឲ្យ​វា​ស៊ី បន្ទាប់ពី​១​ខែក្រោយ យើង​អាច​ចិញ្ច្រាំ​ដំឡូង​ឆៅ​ល្អិតៗ​ដាក់​ឲ្យ​វា​ស៊ី​បាន​
– មិនត្រូវ​ផ្លាស់ប្តូរ​កន្លែង​ដាក់​ចំណី​របស់​វា​ទេ ដើម្បី​ឲ្យ​វា​ចាំ​កន្លែង​មក​ស៊ី​ចំណី ត្រូវ​បំបែក​ចំណី​ទៅតាម​ទំហំ​មាត់​កន្ធាយ​ដែល​វា​អាច​ស៊ី​
– បន្ទាប់ពី​៣​ខែក្រោយ យើង​អាចដាក់​ចំណី​ដូចជា សត្វល្អិត​រស់ក្នុង​ទឹក កំ​ពិស ត្រី ជន្លេន លាស ក្តាម និង​កង្កែប ឬ​ផ្លែឈើ​និង​គ្រាប់​រុក្ខជាតិ​ផ្សេងៗ និង​ចិញ្ចឹម​ត្រី​តូចៗ​ក្នុង​ស្រះ​ជាដើម​
– ចំពោះ​ចំណី​ច្នៃ​មានដូចជា កន្ទក់ សណ្តែកសៀង​កិន ម្សៅ​ត្រី​ដែល​មិន​ប្រឡាក់​ប្រៃ បិ​រិ​មាណ​ចំណី​ឲ្យ​វា​ស៊ី​ប្រមាណ​៥-៨%​នៃ​ទម្ងន់​ខ្លួន​កន្ធាយ ឲ្យ​វា​ស៊ី​២-៣​ដង​ក្នុង​១​ថ្ងៃ និង​មិនត្រូវ​ដាក់​លើស ឬ​ខ្វះ​
– សម្រាប់​វ​ដូ​វ​វស្សា​យើង​អាច​បើក​មាត់​ស្រះ​សងខាង​រួច​យក​សំណាញ់​ដាក់​ទប់​កុំ​ឲ្យ​កន្ធាយ​ចេញរួច វិធី​នេះ​អាច​ឲ្យ​ត្រី និង​សត្វ​ផ្សេងៗ​នៅក្នុង​ទឹក​ចូលមកក្នុង​ស្រះ​ដើម្បី​ជា​ចំណី​របស់​វា ដែល​អាច​បាន​រយៈពេល​២​ឬ​៣​ខែ​ដែរ​។​
– ក្នុង​រដូវវស្សា​យើង​អាច​បើក​មាត់​ស្រះ​សងខាង​ដើម្បី​ឲ្យ​ត្រី និង​សត្វ​ផ្សេងៗ​នៅក្នុង​ទឹក​ចូលមកក្នុង​ស្រះ ក្លាយជា​ចំណី​របស់​វា​បាន​រយៈពេល ២ ឬ​៣​ខែ​ដែរ ។ ហើយ​ត្រូ​យក​សំណាញ់​ដាក់​ទប់​សងខាង​មាត់​ស្រះ ដែល​បើក ដើម្បី​កុំ​ឲ្យ​កន្ធាយ​ចេញរួច ។​

+ ការថែទាំ​៖
– មិនត្រូវ​ដាក់​ចំណី ត្រី​ផ្សេងៗ​ដែល​ស្អុយ​ឲ្យ​វា​ស៊ី​នោះទេ វា​អាច​បណ្តាល​ឲ្យ​កន្ធាយ​កើត​ជម្ងឺ​ពោះវៀន​
– ត្រូវ​ផ្លាសប្ដូរ​ទឹក ដែល​ត្រូវ​បូមទឹក​ចាស់​ចេញ ២០% រួច​បូមទឹក​ល្អ​ចូល​វិញ ត្រូវ​ផ្លាស់ប្ដូរ​មើល​តាម ស្ថានភាព​ទឹក​នៅពេល​ឃើញថា​កខ្វក់ ជៀសវាង​កុំ​ឲ្យ​វា​កើត​ជម្ងឺ​អុច ស​


– នៅពេលដែល​វា​មាន​ជម្ងឺ ត្រូវ​ចាប់​វា​មក​ខ្វេះ​លាង​សម្អាត​កន្លែង​ដែលមាន​ជម្ងឺ​ចេញ និង​ដាក់​ថ្នាំ​ទុក ២០​នាទី ទើប​ដាក់ចូល​ស្រះ​វិញ​
– រាល់​៤​ខែម្ដង ត្រូវ​បូមទឹក​ចេញ រួច​ចាប់​កន្ធាយ មក​ពិនិត្យ​ជម្ងឺ និង​លាង​សម្អាត​វា និង​ត្រូវដាក់​ថ្នាំ​សម្អាត​ទឹក​
– មិនត្រូវ​ឲ្យ​មានការ​រំខាន​ពីស​ត្វ​ផ្សេងៗ ឬ​មនុស្ស​ឡើង កន្ធាយ​ជាស​ត្វ​ត្រូវការ​ភាពស្ងប់ស្ងាត់​
– បន្ទាប់ពី​រយៈពេល​១២​ខែក្រោយ​មក យើង​អាច​ចាប់​វា​លក់បាន​ដែលមាន​ទម្ងន់​ពី​៨​ខាំ ទៅ​១,២ គីឡូក្រាម ដែល​វា​មានតម្លៃ​ប្រមាណ ១០-១២​ដុល្លា ក្នុង​មួយ​គីឡូ ៕ ចងក្រង​អត្ថបទ​ដោយ​៖ អ៊ាង សុផល្លែត​