បច្ចេកទេស​ចិញ្ចឹម​ត្រី​អណ្ដែង​ក្នុង​លូ​ស៊ីម៉ង់ត៍​!

1401

ការចិញ្ចឹម​ត្រី​អណ្ដែង​ក្នុង​លូ​ស៊ីម៉ង់ត៍ គឺជា​វិធីសាស្ត្រ​មួយ​ក្នុងការ​ចិញ្ចឹម​ត្រី​មួយបែប​ទៀត ដែល​កសិករ​អាច​ចិញ្ចឹម​បាន​ដោយ​ងាយ សមស្រប​តាម​ស្ថានភាព​របស់​កសិករ​ដែ​ល​មាន​ផ្ទៃដី​តូច ងាយស្រួល​ក្នុងការ​ផ្លាស់ប្ដូរ​ទីតាំង​ផងដែរ​។ ថ្លៃដើម​ក្នុងការ​ចិញ្ចឹម​ត្រី ចាប់ផ្ដើម​ពី​ដើមទុន​តិច ហើយ​អាច​ផ្ដល់​ចំណូល​បន្ថែម​សំរាប់​ក្រុមគ្រួសារ ជាពិសេស​ផលកំ​រ៉ៃ​ដែល​ទទួលបាន​មាន​លក្ខណៈ​សមរម្យ​គួរ​ជាទី​ពេញចិត្ត​។​

​វិធីសាស្ត្រ​ការចិញ្ចឹម​ត្រី​អណ្ដែង​តាម​បេ​ច្ចក​ទេស​នេះ លោកអ្នក​ត្រូវ​ធ្វើតាម​ដំណាក់កាល​ដូចតទៅ​នេះ​៖

១. ឧបករណ៍​៖
– លូ​ស៊ីម៉ង់ត៍​ខ្នាត ១ ម x ០.៥​ម មួយ​កង់​

– ទុយ​យ៉ូ​ខ្នាត ១inch ប្រវែង ២ តឹក ចំនួន​មួយ​ដើម និង​ប្រវែង ៤ តឹក ចំនួន​មួយ​ដើម​
– កែង​ទុយ​យ៉ូ ១ (​សំរាប់​ត​បង្ហូរទឹក​ចេញ​នៅ​បាត​លូ​)
– សំណាញ់ (​សំរាប់​ការពារ​ត្រី​លោត​ចេញ​)
– ទឹក​ជី​អ៊ី​អឹម សំរាប់​ជំនួយការ​លូតលាស់​រប​ស់ត្រី​
– ស៊ីម៉ង់ត៍ ខ្សាច់ ថ្ម​
– ចំណី​ត្រី​
– បន្លែ​សំរាប់​ជំនួយ​ជា​ចំណីអាហារ ដូចជា ត្រកួន កំប្លោក ។​ល​។​
– កូន​ត្រី​អណ្ដែង ៧០ ទៅ ៨០ ក្បាល​។​


២. ការរៀបចំ​មុនពេល​ចិញ្ចឹម​៖

២.១. មុនពេល​ដាក់​ត្រី​ចិញ្ចឹម ត្រូវ​បន្សាប​ជាតិ​ស៊ីម៉ង់​ត៍របស់​លូ​ជាមុនសិន ដោយ​យក​គល់​ចេក​ឬ​ដើម​ចេក មក​ហាន់​ជា​ដុំ តូចៗ រួច​យក​លាមក​គោម​កលាយ​អោយចូល​គ្នា រួច​ដាក់​ចូលក្នុង​លូ លាយ​ទឹក​អោយ​ពេញ ហើយ​ត្រាំ​ចោល​ចំនួន​៥​ថ្ងៃ​។​

២.២. យក​ដើម​ចេ ក​និង​លាមក​គោ​ចេញរួច​ដាក់​ទឹក​ថ្មី​ចូល រួច​ត្រាំ​ចោល ១​ថ្ងៃ រួច​បង្ហូរទឹក​ចេញ​អោយអស់ ហើយ​លាង​អោយ​ស្អាត​។​

២.៣. យក​ត្រកួន​មក​ជូត​អោយ​សព្វ​ក្នុង​លូ រួច​ហាល​អោយ​ស្ងួត​។​

៣. ការធ្វើ អ៊ី​អឹម​សំរាប់​ជំនួយការ​លូតលាស់​រប​ស់ត្រី​
– ធុង​ផ្លា​ស្ទិ​កមាន​គំរប​ចំនួន ១
– ស្ករ​ក្រហម ៣ គ​.​ក​
– ល្ពៅ​ចាស់ ៣ គ​.​ក​
– ល្ហុង​ទុំ ៣ គ​.​ក​
– ចេកណាំវ៉ា​ទុំ ៣ គ​.​ក​
៣.១ វិធី​ធ្វើ​៖
​យក​គ្រឿងផ្សំ​ផ្លែឈើ​ខាងលើ​មក​ហាន់​ទាំង​សំបក និង​គ្រាប់​ដាក់ចូល​ក្នុង​ធុង រួច​លាយ​បញ្ចូល​ជាមួយ​ស្ករ ក្រហម អោយចូល​គ្នា​អោយ​សព្វ រួច​បិទ​គំរប​ផ្អាប់​ទុក​ចំនួន ៧​ថ្ងៃ រួច​ទើប​បន្ថែម​ទឹកស្អាត ចំនួន ៩​លីត្រ​ចូល ហើយ​បិទ​គំរប​ផ្អាប់​ទុក​វិញ​ចំនួន ១៥​ថ្ងៃ អាច​យកទៅ​ប្រើប្រាស់​បាន​។​

៣.២ ផលប្រយោជន៍​៖
​ជា​អ​ម៉ូ​ន​ជួយ​ដល់​ការលូតលាស់​របស់​ដំណាំ​ផ្សេងៗ​ឆាប់​ចេញ​ផ្កា ផ្លែ មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​
​ត្រី​គ្មាន​ជំងឺ ធ្វើអោយ​ត្រី​មិនមាន​ក្លិនឆ្អាប​ខ្លាំង ត្រី​មិនសូវមាន​ខ្លាញ់​ក្នុង​ពោះ ធ្វើអោយ​ត្រី​មាន​រសជាតិ​ឆ្ងាញ់​។​

៤. ចាប់ផ្ដើម​ការចិញ្ចឹម​៖
– យក​លូ​ស៊ីម៉ង់ត៍​ដែល​យើង​បាន​ជូត​ត្រកួន មិនមាន​ជាតិ​កំបោរ ឬ​អាស៊ីត រួច​ដាក់​ទឹក​ចូល​កំពស់ ១​តឹក (​សំរាប់​ដំណាក់កាល​មុនដំបូង​ដែល​យើង​យក​កូន​ត្រី​មក​ដាក់​) រួច​ដាក់​អ៊ី​អឹម​ដែល​យើង​បានធ្វើ​រួច ចំនួន មួយ​ស្លាបព្រា​ក្នុង​ទឹក​។​
– យក​កូន​ត្រី​ដែល​នៅក្នុង​ថង់ មក​ត្រាំ​ក្នុង​ទឹក​ក្នុង​លូ​ដែល​យើង​បានរៀបចំ​រួច​មួយសន្ទុះ ទើប​បើក មាត់​ថង់​តិចៗ អោយ​ត្រី​ហែល​ចេញ​ដោយ​ខ្លួនឯង (​មិនត្រូវ​ចាក់​ត្រី​ចេញពី​ថង់​ចូលក្នុង​ទឹកតែ​ម្តង នោះទេ​)​។​
– ថ្ងៃ​ដំបូង​ដែល​យើង​លែង​កូន​ត្រី មិនចាំបាច់​អោយចំ​ណី​វា​ស៊ី​ទេ​
– ដាក់​ពួក​បន្លែ​ដែល​ត្រី​អាច​ស៊ី​បាន​ដូចជា​ត្រកួន កំប្លោក ក្នុង​លូ​ចិញ្ចឹម ប៉ុន្តែ​កុំអោយ​ច្រើនពេក​
​ការអោយ​ចំណី​ត្រី​១​ក្បាល ចំនួន ៥​គ្រាប់ មួយថ្ងៃ​ពីរដង (​ព្រឹក និង​ល្ងាច​) សំរាប់​រយៈពេល ១​ខែ​កន្លះ​ដំបូង​។ បន្ទាប់មក យើង​ផ្ដល់​ចំណី​តែមួយ​ដង​នៅពេល​ល្ងាច​។​

*​ចំណាំ​៖
​មុនពេល​អោយចំ​ណី​ត្រី ត្រូវយក​ចំណី​មក​ត្រាំ​ទឹក ១០​ទៅ​១៥​នាទី​។​
​ផលប្រយោជន៍​៖
– ត្រី​ស៊ី​ចំណី​បាន​ស្មើគ្នា​
– មិន​ធ្វើអោយ​ត្រី​ណែន​ពោះ​
– ត្រី​មិនមាន​ជំងឺ​
– ការលូតលាស់​ប្រហាក់ប្រហែលគ្នា​
– ចំណី​មិនមាន​សេសសល់​ក្នុង​លូ​ដែល​បង្ករ​អោយ​ទឹក​ឆាប់​មាន​ក្លិនស្អុយ​
​ត្រូវ​ប្តូរ​ទឹក​មួយខែ ៣​ដង (​រៀងរាល់​១០​ថ្ងៃ​) ។ នៅពេល​ប្ដូរ​ទឹក ត្រូវដាក់​ទឹក​អ៊ី​អឹម ១​ស្លាបព្រា​ចូល​។​

៦. មុនពេល​ចាប់​លក់​
– មុនពេល​ចាប់​ត្រី​លក់​២​ថ្ងៃ ត្រូវយក​ដី​ក​ណ្ឌេ​ញ​ពណ៌​ក្រហម ឬ​កញ្ជ្រាំង​ស្រូវ​ដាក់ចូល​ក្នុង​លូ និង​ជួយ​ធ្វើ អោយ​ត្រី​មាន​ពណ៌​លឿង​ស្អាត លក់បាន​តំលៃ​ថ្លៃ​។​
– ត្រី​អណ្ដែង​ចិញ្ចឹម​ក្នុង​រយៈពេល ៣​ខែ​កន្លះ ចំនួន ៧០​ទៅ​៨០​ក្បាល បាន​ប្រហែល ១៥​គីឡូ ឬ​ប្រហែល ៤ ក្បាល​មួយ​គីឡូ​។​
**​ទឹក​ដែល​យើង​ប្ដូរ​ចេញ អាច​យកទៅ​ស្រោច​ដំណាំ​លក្ខណៈ​គ្រួសារ ជួយ​អោយ​ផលដំណាំ​លូតលាស់​បានល្អ ព្រោះ​មាន​ល្បាយ​អ៊ី​អឹម​ស្រាប់​ ៕ ប្រភព: អ៊ាង សុផល្លែត​