បច្ចេកទេស​ដាំ​ដំណាំ​ស្ពៃ​ខ្មៅ ឬ​ស្ពៃខៀវ ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់​

315

​ដំណាំ​ស្ពៃខៀវ យើង​អាច​ដាំ​បាន​ស្ទើរ​គ្រប់​រដូវ តែ​រដូវ​ដែល​ល្អ​បំផុត​ក្នុង​ការដាំដុះ គឺ​នៅ​រដូវរំហើយ ពី​ខែតុលា វិច្ឆិកា និង​ធ្នូ ។ កសិករ​ភាគច្រើន​និយម​ដាំ​ដុះ ស្រួល​ដាំ ស្រួល​ថែ ហើយ​និយម​ហូប​ព្រោះ​ឆ្ងាញ់ និង​សំបូរ​ជីវជាតិ​អា ។​

ការរៀបចំ​ដាំ​ដុះ​៖
– ជ្រើសរើស​ពូជ​ដែលមាន​សុខភាព​ល្អ ពុំមាន​ជំងឺ គ្រាប់​ថ្លោស​ល្អ​មិន​ស្វិត មិនមាន​សត្វល្អិត បំផ្លាញ រយៈពេល​លូតលាស់​ខ្លី​ស្រប​នឹង​តំបន់​ដាំ​ដុះ​
– ភ្ជួរ​ឬ​កាប់ ២-៣​ដង ជម្រៅ ២-២,៥​តឹក សំណើម​ល្មម ហាល​ដី ៧-១០​ថ្ងៃ​រដូវប្រាំង និង​១០-១៣​ថ្ងៃ រដូវវស្សា​មុន​ធ្វើ​ការដាំដុះ ឬ​អាច​ឆាប់​ជាង​នេះ ក្នុងករណី​សំបូរ​ពន្លឺ​ថ្ងៃ ។ ទទឹង​រង​១ ម៉ែត្រ បណ្ដោយ​៨-១០​ម៉ែត្រ ឬ​តាម​លទ្ធភាព​ដី​ដែលមាន ។ រដូវប្រាំង គេ​ច្រើន​ធ្វើ​រង​ស្មើ​ដី ឬ​ទាប​ជាង​នៅ​រដូវវស្សា​កម្ពស់ ២-២,៥​តឹក ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ​ពី​២,៥ ទៅ ៣​តឹក ។​

​ការ​សាប​កូន​៖
– មុនពេល​សាប ត្រូវ​រៀបចំ​ថ្នាល ជ្រុំ​ជ្រួយដី រាស់​កៀ​ឲ្យ​ស្មើ​លើ​រង​លាយ​លា​យម​សត្វ​ម៉ដ្ឋ ឬ​ជី​កំ​ប៉ុ​ស្ត ៤-៥​បង្គី​ក្នុង​ដី​១០​ម៉ែត្រការ៉េ ស្រោច​ទឹក​នៅលើ​ថ្នាល (​អាច​សាប​លើ​ឡាំង ឬ​កេស​ឈើ ក៏បាន​) មុនពេល​សាប​គ្រាប់ ត្រូវ​សាប​ស្ដើងៗ​ហើយ​កាត់​ចំបើង​ខ្លីៗ គ្របពីលើ​រង រួច​ស្រោច​ទឹក​ម្ដងទៀត​
– ស្រោច​ទឹក​ឲ្យ​បាន ២-៣​ដង​ក្នុង​មួយថ្ងៃ ពេល​គ្រាប់​មិនទាន់​ដុះ ។​

​ការដាំដុះ​៖
– កូន​អាច​ដាំ​នៅពេល​មាន​អាយុ ១០-១៥​ថ្ងៃ មុន​ដក​ត្រូវ​បន្ថយ​ការ​ស្រោច​ទឹក​២-៣​ថ្ងៃ ធ្វើ​ឲ្យ​ដើម រឹង​ងាយ​ស្ទុះ​ក្រោយពី​ដាំ​
– ត្រូវ​ស្រោច​ទឹក​កូន​ស្ពៃ​មុន​ដក​ទៅ​ដាំ ស្រោច​ទឹក​ថ្នាល​បម្រុង​ដាំ​ឲ្យ​សើម​ជោគ​ល្អ ដក​កូនដើម​ធំ ល្អ

– ដាំ​ដាក់​ឫស ឲ្យ​ត្រង់​ចុះក្រោម កុំ​ឲ្យ​លិច​បណ្ដូល ចន្លោះ​ជួរ​ពី​២-២,៥ តឹក និង​ចន្លោះ​គុម្ព ២​តឹក ដាំ​ហើយ​ត្រូវ​កាត់​ចំបើង​ខ្លីៗ​គ្រប​តាម​គុម្ព​ដែល​ដាំ​រួច ។ ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ ៣​ដង ករណី​គ្មានអ្វី​គ្រប ។ ស្រោច​ទឹក​ឲ្យ​ជោគ ក្រោយពេល​ដាំ​រួច គ្រប់​កូន​ពី​២-៣​ថ្ងៃ ដើម្បី​ការពារ​កម្ដៅថ្ងៃ​ខ្លាំង ។​

​ការថែទាំ​៖
– ស្រោច​ទឹក ៣-៤​ដង នៅ​រដូវប្រាំង ក្រោយពី​ដាំ ៣-៤​ថ្ងៃ​
– នៅ​រដូវវស្សា ស្រោច​ទឹក​ព្រឹកល្ងាច ប្រសិនបើ​មាន​ភ្លៀង ត្រូវ​ស្រោច​ទឹក​លាង

– ប្រើ​ជីលា​មក​សត្វ​ម៉ដ្ឋ ឬ​ជី​កំ​ប៉ុ​ស្ត ៥​គីឡូក្រាម លើ​ផ្ទៃដី​មួយ​ម៉ែត្រ​បួន​ជ្រុង រយៈពេល​៧​ថ្ងៃ បន្ទាប់ពី​ដាំ​
– ស្រោច​ជីអ៊ុយរ៉េ​មួយ​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​មួយ​ប៉ោត លើ​ផ្ទៃដី​មួយ​ម៉ែត្រ​បួន​ជ្រុង រៀងរាល់​៣​ថ្ងៃ​ម្ដង បន្ទាប់មក​ស្រោច​ទឹក​ធម្មតា​លាង​ជា​ក្រោយ ។​

​ការប្រមូល​ផល​៖
– សាប​ផ្ទាល់ អាច​ប្រមូល​ផល​ពី ៣០-៣៣​ថ្ងៃ​
– សាប​ដក​កូន​យកមក​ស្ទូង ឬ​ដាំ ប្រមូល​ផល​ពី ៣៦-៤០​ថ្ងៃ វា​អាស្រ័យ​ទៅនឹង​ការថែទាំ ៕ ប្រភព​: អ៊ាង សុផល្លែត​