បច្ចេកទេស​ដាំ​ប៉េងប៉ោះ​ឆាប់​បាន​ផល​

759
ចែករម្លែក
  • 2
    Shares

បទពិសោធន៍​ល្អៗ​ក្នុង​ការដាំ ប៉េងប៉ោះ មាន​ផ្ដល់ជូន​ដូចខាងក្រោម​៖

១-​ការរៀបចំ​ធ្វើ​សួន និង​ការបណ្ដុះ​កូន ចំពោះ​ការដាំ​ប៉េងប៉ោះ​ត្រូវ​រៀបចំ​កន្លែង​ដាំ នៅ​កន្លែង​ដែល មា​នទី​ស្រឡះ​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ និង​មាន​ទំហំ​បណ្ដោយ និង​ទទឹង​សមល្មម​និង​ដាំ​វា ហើយ​ត្រូវធ្វើ របង​ព័ទ្ធជុំវិញ ដោយមាន​បាំង​ស្លឹក​ដូង​កម្ពស់​១​ម៉ែត្រ​ដើម្បី​ការពារ កុំ​ឲ្យ​មាន់ ឬ​ទា​ចូល បំផ្លាញ​កូន ប៉េងប៉ោះ​ដែល​អាចធ្វើ​ឲ្យ​យើង​បាត់បង់​ទិន្នផល ។​

​ការ​សាប​គ្រាប់​ប៉េងប៉ោះ​គឺ​យើង​យក​គ្រាប់​ប៉េងប៉ោះ​ទៅ​សាប​នៅលើ​ថ្នាល ដែលមាន ទំហំ​បណ្ដោយ ១​ម៉ែត្រ ទទឹង ០.៧​ម៉ែត្រ ដោយ​ឲ្យ​កូន ប៉េងប៉ោះ​មាន​អាយុកាល​ប្រហែលជា​រយៈពេល ១០​ថ្ងៃ ទើប​ដកយក​កូន​ទៅ​ដាំ​នៅលើ​រង ឬ​ថ្នាល​ដែលមាន​លាយ​ជីធម្មជាតិ​ដូចជា ជី​អង្កាម​ដុត លាមក​គោ ច្របល់​ឲ្យ​សព្វ​នៅលើ​ថ្នាល បន្ទាប់មក​យក​ជីធម្មជាតិ​រោយ​ពីលើ​ស្ដើងៗ រួច​ស្រោច ទឹក​ឲ្យ​ជោគ​នៅ លើ​ថ្នាល​ជា​រៀងរាល់ថ្ងៃ ។

២-​ការរៀបចំ​ដី​សម្រាប់​ដាំ​ដុះ ក្នុងការ​រៀបចំ​ដី​សម្រាប់​ដាំ​ប៉េងប៉ោះ​យើង​ត្រូវ ភ្ជួរ​ដី​ហាល​ឲ្យ​ឆ្អិន រាស់​ស្មៅ​ឲ្យ​ស្អាត​ទើប​កាប់​រង​ជា​ចង្អូរ​ជម្រៅ​១​តឹក បណ្ដោយ​៣​ម៉ែត្រ ឬ​វែង​ជាង​នេះ ក៏បាន និង​ទទឹង ៧​តឹក គម្លាត​ពី​រង​មួយ​ទៅ​រង​មួយ ប្រវែង ៤​តឹក ហើយ​នៅតាម​រង​នីមួយៗ​យើង​ត្រូវដាក់​ជីលា​មក គោ​ចំនួន​២ ទៅ​៣​បង្គី និង​ដុត អង្កាម​លាយ​ផងដែរ ។​

​ក្នុង​ការលើក​រង​សម្រាប់​ដា យើង​ត្រូវដាក់​ទឹក​ឲ្យ​សើម​ល្មម​ក្នុងការ​ពូន​រង​ទាំងនោះ ដើម្បី​ឲ្យ​ដី​ធូរ​ល្មម និង​ងាយស្រួល​ក្នុង​ការលើក​រង​ផងដែរ ។ ក្នុង​ការដាំ​ប៉េងប៉ោះ​ចែកចេញជា​ពីរ​ប្រភេទ​គឺ​: វិធី​ដាំ​ដុះ ទី​១ សម្រាប់​ប្រទេស​កម្ពុជា​យើង​ប៉េងប៉ោះ​មិនមែនជា ដំណាំ​ប្រកាន់​រដូវ​ឡើយ ។ វា​អាច​លូតលាស់ បាន​ចន្លោះ​ពី​សីតុណ្ហភាព​ពី ២៤-៣០ អង្សា​សេ ដែល​វា សមស្រប​បំផុត​សម្រាប់​ការដាំដុះ ។ ដូច្នេះ​យើង ត្រូវយក​ចបជីក ខួង​ជា​រណ្ដៅ​តូច​នៅក្នុង​ចង្អូរ​រង​នោះ​សម្រាប់​ដាំ​កូន​ប៉េងប៉ោះ ដែលមាន​គំលាត​ពី រណ្ដៅ​មួយ​ទៅមួយ 0.៧​ម៉ែត្រ ។ រួចហើយ​ទើប​យក​កូន​ដែល​សាប​លើ​រង​មក កប់​ក្នុង​រណ្ដៅ​ដែល​យើង ខួង​រួច​នោះ ហើយ​ស្រោច​ទឹកជា​រៀងរាល់ថ្ងៃ​គឺ​ពេលព្រឹក​ម្ដង និង​ល្ងាច​ម្ដង ។​

​វិធី​ដាំ​ដុះ​ទី ២ មុននឹង​ដាំ​ត្រូវយក​គ្រាប់ពូជ​ទៅ​ហាលថ្ងៃ​ឲ្យ​ក្ដៅ រយៈពេល​១-២​ម៉ោង បន្ទាប់មក​យកទៅ​ត្រាំ​ទឹក​រយៈពេល​៣៤​ម៉ោង ហើយ​លាង​សម្អាត​គ្រាប់​ឲ្យ​ស្អាត​២-៣​លើក​មុន នឹង​ផ្អាប់​ត្រាំ​គ្រាប់ពូជ ។ ការ​ត្រាំ​ផ្អាប់​គ្រាប់ពូជ​ត្រូវយក​ក្រណាត់​ជ្រលក់​ទឹក​ឲ្យ​ជោគ ចាំ​យកមក​ខ្ចប់ គ្រាប់​នោះ ហើយ​កប់​ក្នុង​ដី​សើមៗ​ឲ្យ​បាន​មួយ​យប់​។ ហើយ​មុននឹង​យកទៅ​ដាំ​ត្រូវយក​គ្រាប់ពូជ មក​លាយ​ជាមួយនឹង​ថ្នាំ​សម្លាប់​ផ្សិត​ប្រភេទ Captan Zinneb Mancozeb ក្នុង​កម្រិត ២​ភាគរយ ឬ​១​គ​ក្រ គ្រាប់ពូជ​ប្រើ​ថ្នាំ​កន្លះ​ស្លាបព្រា​បាយ​ហើយ​ជម្រៅ​នៃ​ការដាំ​គឺ ២-៣​ស​.​ម និង​មួយ​រណ្ដៅ ដាក់​ចំនួន ២-៣​គ្រាប់​ដោយ​គ្របពីលើ​ដោយ​ចំបើង​ខ្លីៗ ឬ​ជីធម្មជាតិ​ពុកផុយ​រលួយ ។ ក្រោយ​ដាំ​រួច​ត្រូវ​ពិនិត្យ មើល​ដី​កុំ​ឲ្យ​ក្ដៅ និង​ត្រូវ ឲ្យ​មាន​សំណើម​ទើប​ប៉េងប៉ោះ​ដុះ​ស្មើ​ល្អ ។​

៣- ការថែទាំ បន្ទាប់ពី​ពេល​ដាំ​រហូតដល់​ប្រមូល​ផល យើង​ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ​ល្មម​មួយថ្ងៃ ២​ដង ព្រឹក និង​ល្ងាច​រហូតដល់​ប៉េងប៉ោះ​ចេញ​ផ្កា ។ ដើម្បី​ឲ្យ​ទទួលផល​បាន​ច្រើន យើង​ត្រូវធ្វើ​ស្មៅ កន្លះ​ខែម្ដង​ក៏បាន ប្រសិនបើ​មាន​ពេលវេលា​ច្រើន​នោះ តែ​ត្រូវ​បាញ់ថ្នាំ​សម្លាប់សត្វ​ពី​២-៣​ថ្ងៃមុន​ផង ពេល​ប្រមូល​ផល រួមទាំង​ដាក់​ដើម្បី​ជំនួយ​ដល់ ការលូតលាស់​របស់​ប៉េងប៉ោះ​ផងដែរ ។​

​នៅពេល​ប៉េងប៉ោះ​ចាប់ផ្ដើម​បែកមែក និង​ចេញ​ផ្កា យើង​ត្រូវ​ដោត​ឈើ ដើម្បី​ទប់​ដើម​កុំ​ឲ្យ​បាក់​នៅ ពេល​មាន​ផ្លែ ។ ក្រៅពីនេះ​យើង​ត្រូវ​ឧស្សាហ៍​ជ្រោយ​ដី​ឲ្យ​ធូរ ហើយ​ដាក់​ជីធម្មជាតិ ដើម្បី​ជួយ​ឲ្យ ប៉េងប៉ោះ​លូតលាស់​បានល្អ និង​ទទួលបាន​ផល​បាន​ខ្ពស់ ។ ប្រភេទ​ជីធម្មជាតិ ដែល​យើង​ត្រូវដាក់ កំ​ប៉ុ​ស្ត មានដូចជា លាមក​សត្វ អង្កាម​ដុត និង​ជី​កំ​ប៉ុ​ស្ត ។​

៤-​ការប្រមូល​ផល សម្រាប់​ដំណាំ​ប៉េងប៉ោះ យើង​អាច​ប្រមូល​ផល បាន​បន្ទាប់ពី​ពេល​ដាំ​បាន​រយៈ ពេល​៣​ខែ ពោលគឺ​ក្រោយ​រយៈពេល​នេះ យើង​អាច​ប្រមូល​ផល​ដោយ​បេះយក​ផ្លែ​ណា​ដែល​ទុំ ស្រគាល​យកទៅលក់​មួយ​ភាគ​ធំ និង​បរិភោគ​មួយ​ភាគ​តូច ៕ ប្រភព: អ៊ាង សុផល្លែត