បច្ចេកទេស​ដាំ​សាលាដ៍​

461

១. វិធី​បណ្តុះ​កូន​
​ដំបូង​ត្រូវយក​គ្រាប់ពូជ​ទៅ​ស្រុះទឹកក្ដៅ​អ៊ុនៗ ហើយ​ចង​ក្រណាត់​ផ្អាប់​ទុក ១២​ម៉ោង ឲ្យ​វា​ចេញ​ពន្លក​បន្តិច បន្ទាប់មក​យក​វា​ទៅ​សាប​លើ​ថ្នាល​បណ្ដុះ​កូន ។ ចំពោះ​វិធី​មួយទៀត ត្រូវយក​គ្រាប់ពូជ​លាង​ជាមួយ​ស្លឹក ស្ដៅ ដើម្បី​ឲ្យ​វា​ងាប់​មេរោគ បន្ទាប់មក​យក​វា​ប្រឡាក់​ជាមួយ​ម្សៅ​កូនក្មេង​ទើប​យកទៅ​សាប​ភ្លាម ដើម្បី​ការពារ​កុំ​ឲ្យ​សត្វ​ស៊ី​គ្រាប់ពូជ ។​

២. ការរៀបចំ​ថ្នាល​បណ្ដុះ​កូន​
​សម្រាប់ធ្វើ​ថ្នាល​បណ្ដុះ​សាលាដ៍ ក្នុង​ដី ១​ម៉ែត្រការ៉េ ត្រូវ​លាយ​ជាមួយ​ជី​កំ​ប៉ុស្តិ៍​ដែល​ពុកផុយ ២ គីឡូក្រាម ។ បន្ទាប់មក​យក​ចំបើង​ចិញ្ច្រាំ​ឲ្យ​ល្អិត​ទៅ​គ្រប​លើ គ្រាប់ពូជ​ដែល​សាប​រួច និង​ស្រោច​ទឹក ១​ថ្ងៃ ២​ដង ។ រយៈពេល ១​អាទិត្យ​ក្រោយមក ត្រូវ​ស្រោច​ជី​កំ​ប៉ុស្តិ៍​ទឹក​បន្ថែម ដើម្បី​ឲ្យ​កូន​សាលាដ៍​ចាក់ឫស​ជ្រៅ និង​ការលូតលាស់​ដើម​របស់​កូន​សាលាដ៍​ឲ្យ​បាន​រឹងមាំ ។​

៣. ការរៀបចំ​រង​សម្រាប់​ដាំ​
​ការធ្វើ​រង​ដាំ ត្រូវធ្វើ​នៅ​កន្លែង​ជិត​ប្រភពទឹក ភ្ជួរ​ដី​ឲ្យ​បាន​ច្រើនសា និង​ឲ្យ​បាន​ជម្រៅ ៣​តឹក​ចុះក្រោម ។ នៅពេល​ភ្ជួរ​ហើយ ត្រូវ​ហាល​ដី​ឲ្យ​ស្ងួត​រយៈពេល ១​អាទិត្យ រួច​បំបែក​ដី​ឲ្យ​ម៉ដ្ឋ បន្ទាប់មក​យក​ជីលា​មក​គោ ពុកផុយ​ដាក់​ទ្រាប់​បាត​រង គឺ​លាយ​ដី ១​ភាគ ហើយ និង​ជី ២​ភាគ លើក​ក្បាល​រង ១​ម៉ែត្រ បណ្ដោយ​តាម​ប្រវែង​ដី ។ រង​ត្រូវ​លើកកម្ពស់ ១,៥​តឹក ទៅ​២​តឹក នៅក្នុង​រដូវប្រាំង ហើយ​នៅ​រដូវវស្សា​ត្រូវ​លើក​រង​កម្ពស់ ៣​ទៅ ៤ តឹក ការពារ​កុំ​ឲ្យ​លិច​ទឹក ។​

៤. រយៈ​ពេលដែល​ត្រូវ​ដក​កូន​សាលាដ៍​យកទៅ​ដាំ​
​ត្រូវ​ដក​កូន​សាលា​ដ៍ដែល​ដុះ​បាន ១៨​ថ្ងៃ​ទៅ ២០​ថ្ងៃ យកទៅ​ដាំ ភ្លាមៗ​បន្ទាប់ពី​ដក ហើយ​ត្រូវ​រើស​តែ​ដើម ណា​ថ្លោសៗ ។ ត្រូវ​ដាំ​នៅពេល​រសៀល​ត្រជាក់ ទើប​កូន​សាលាដ៍​មិន​អន់ ។​


៥. ការថែទាំ​
​ដំណាំ​សាលាដ៍ ស្រោច​ទឹក​១​ថ្ងៃ ២​ដង ហើយ​ក្នុង​១ អាទិត្យ​ត្រូវ​ស្រោច​ជី​កំ​ប៉ុស្តិ៍​ទឹក ២​ដង ដើម្បី​ធ្វើ​ឲ្យ​ស្លឹក​សាលាដ៍​រឹង និង​បង្កើន​ការលូតលាស់​របស់​សាលាដ៍ ។​

៦. វិធីការពារ
​ត្រូវមាន​សំណាញ់​ពណ៌​បៃតង​បាំង​ការពារ​កំដៅថ្ងៃ​ពីលើ​រង​សាលាដ៍ ដើម្បី​បន្ថយកំដៅ ពីព្រោះ​សាលាដ៍​ជា​ដំណាំ ដែល​ចាញ់​ព​ន្លឹ​ថ្ងៃ ។ ម្យ៉ាងវិញទៀត នៅពេលដែល​ឃើញ​មាន​សត្វល្អិត​មិន​ធ្លាប់ ស្គាល់​មក​បំផ្លាញ​ដំណាំ មិនត្រូវ​ចំណាយលុយ​ទិញ​ថ្នាំ​គីមី​ដែល​គេ​ផ្សំ​មិនត្រូវ​ជំងឺ​នោះទេ ព្រោះ​វា​អាច​គ្មាន ប្រសិទ្ធភាព​លើ​ជំងឺ និង​សត្វ​ចង្រៃ ។ ប្រសិនបើ​ឃើញ​មាន​ដូច្នេះ​ត្រូវ​រាយការណ៍​ទៅ​មន្ត្រី​កសិកម្ម ៕