យោងតាមការស្រាវជ្រាវមួយ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ កក្កដា បានឱ្យដឹងថា បច្ចេកទេសថ្មីទើបរកឃើញ ដែលយកវិធីសាស្ត្រពីរមកប្រើដើម្បីកម្ចាត់មូសចម្លងជំងឺ អាចកម្ចាត់ពពួកមូសខាំយ៉ាងមានប្រសិទ្ធភាពនៅទីតាំងសាកល្បងចំនួនពីរកន្លែងនៅក្នុងប្រទេសចិន។
សត្វមូសគោលដៅទាំងនោះគឺជាប្រភេទមូសពិបាកក្នុងការគ្រប់គ្រងហៅថា Aedes Albopictus ដែលនិយមហៅបំផុតនៅអាស៊ីថា “មូសខ្លា” ជាភ្នាក់ងារចម្លងមេរោគដ៏សំខាន់ ដូចជាជំងឺហ្សីកានិងជំងឺគ្រុនឈាម។
លោក ភីតធឺ អាព្រូស្ទើ (Peter Armbruster) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យចចថោន បាននិយាយថា ការសិក្សានេះ “បង្ហាញពីសក្តានុពលនៃឧបករណ៍ថ្មីដ៏ខ្លាំងក្លា”។
ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់វិធីសាស្ត្រត្រួតពិនិត្យពេញនិយមចំនួនពីរ គឺ ការប្រើប្រាស់វិទ្យុសកម្ម ដែលសម្លាប់មូសយ៉ាងមានប្រសិទ្ធភាព និង បាក់តេរីឈ្មោះ Wolbachia ដែលធ្វើឱ្យស៊ុតរបស់មូសងាប់នៅពេលបង្កាត់ពូជ។
ពួកគេបានធ្វើការសាកល្បងពីរឆ្នាំនៅតំបន់ពីរនៅលើកោះមួយនៅទន្លេខេត្តក្វាងចូវ កន្លែងដែលមូសខ្លាអាស៊ីត្រូវស្តីបន្ទោសចំពោះអត្រាឆ្លងជំងឺគ្រុនឈាមខ្ពស់បំផុតនៅប្រទេសចិន៕ ដោយ៖ កញ្ញាដាលីស