បច្ចេកទេស​ធ្វើ​ត្រី​ផ្អាប់​សំរាប់​ជា​ចំណី​មាន់ សំបូរ​ដោយ​ជាតិ​សាច់​ដែល​ធ្វើអោយមាន់​ធំធាត់​លឿន​

525
ចែករម្លែក

បច្ចេកទេស​ធ្វើ​ត្រី​ផ្អាប់​សំរាប់​ជា​ចំណី​មាន់ សំបូរ​ដោយ​ជាតិ​សាច់ ដែល​ធ្វើអោយមាន់​ធំធាត់​លឿន ។ កាត់​ចំណាយ​ឲ្យ​ច្រើន ដើម្បី​ទទួលបាន​ផលចំណេញ​ច្រើន ។ កសិករ​គួរ​ទិញ​ត្រី​តូចៗ ឬ​ត្រី​ប្រហុក នៅ​រដូវ​ត្រី​ថោក​មក​ធ្វើ​ត្រី​ផ្អាប់​នេះ ។ ត្រី​នេះ​អាច​រក្សាទុក​បានយូរ គឺ​ពី​៦ ទៅ ១០​ខែ​ឯណោះ ។​

វិធី​ធ្វើ​ត្រី​ផ្អាប់​
​សម្ភារៈ៖ ថង់​ប្លា​ស្ទីក និង​ធុង​ជ័រ កូន​ត្រី​តូចៗ ស្ករត្នោត និង​កន្ទក់ ។​
​បងប្អូន​អាចធ្វើ​ត្រី​ផ្អាប់​តាម​បរិមាណ ដែល​ខ្លួន​អាចធ្វើ​បាន តែ​គួរ​យក​សមាមាត្រ​តាម​រូបមន្ត ខាងក្រោម​នេះ ។​

​ដើម្បី​បាន​ត្រី​ផ្អាប់​ចំនួន ១០០​គ​.​ក្រ យក ត្រី ៥០​គ​.​ក្រ និង​ស្ករត្នោត​: ១០​គ​.​ក្រ មក​ប្រឡាក់​ឲ្យ​សព្វ រួច​រក្សាទុក​រយៈពេល ១៥​នាទី យក​ត្រី​នោះ​ប្រឡាក់​ជាមួយ​កន្ទក់​: ៤០​គ​.​ក្រ ឲ្យ​សព្វ​ល្អ រួច​ច្រក​វា​ចូល​ថង់​ប្លា​ស្ទិ​ក ដាក់​នៅក្នុង​ធុង​ជ័រ ឬ​ពាង​បង្ហាប់​ត្រី​ឲ្យ​ណែន​ល្អ និង​ត្រូវ​បញ្ចេញ ខ្យល់​កុំ​អោយមាន ក្នុង​ថង់​ប្លា​ស្ទីក​នោះ រួច​ចង​មាត់​ថង់​នោះ​ឲ្យ​តឹង​ជាការ​ស្រេច ។ ត្រូវ​រក្សាទុក​យ៉ាងតិច ២០​ថ្ងៃ ទើប​អាច​យក​ឲ្យ​មាន់​ស៊ី​បាន ។​

​វិធី​ប្រើប្រាស់​វិញ ងាយ​ណាស់ ដោយ​យើង​គ្រាន់តែ​លាយ​ជាមួយ​ចំណី​អាច​រកបាន​ដទៃទៀត រួច​ឲ្យ​មាន់​ស៊ី ជាការ​ស្រេច ។ សូម​រំលឹកថា ត្រូវ​បញ្ចេញ​ខ្យល់​ក្នុង​ថង់​ប្លា​ស្ទិ​ក​អោយបាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ ត្រី​ផ្អាប់​នឹង​ខូចគុណភាព​៕ ប្រភព​: អ៊ាង សុផល្លែត​