បច្ចេកទេស​ផ្សាំ​កូន​ក្រូចពោធិ៍សាត់

4060
ចែករម្លែក
  • 2
    Shares

​បច្ចេកទេស​ផ្សាំ​កូន​ក្រូចពោធិ៍សាត់ ។ បងប្អូន​អាចធ្វើ​ការសាកល្បង​បច្ចេកទេស​នេះ​ដោយ​ខ្លួនឯង ។​

១-​ការជ្រើសរើស​
– ជ្រើសរើស​មែក​ក្រូច​មិន​ខ្ចី​ពេក មិន​ចាស់​ពេក និង​មិនមាន​ជំងឺ មិនមាន​សត្វល្អិត​នៅលើ​សំបក មែក (​នៅលើ​សំបក​មិនមាន​ស្នាម​ជាំ ឬ​អុច​)

– មែក​ដែល​រលោង​មិនសូវមាន​បន្លា​
– មែក​នៅ​ផ្នែក​ខាងក្រោម​
– ត្រូវ​ជ្រើសរើស​មែក​ទៅ​ផ្សាំ​ពី​ដើម​ដែលមាន​អាយុ​ចាស់​ចាប់ពី ២​ឆ្នាំ​ឡើងទៅ ។​

២-​សម្ភារៈ​
​សម្ភារ​សម្រាប់​ផ្សាំ​មានដូចជា​
– កាំបិត​មុត ១
– ខ្សែ​សម្រាប់​ចងរឹត (​យក​ល្អ​ខ្សែ​ត្រចៀក​ត្នោត​)

– ស្រកីដូង (​ហែក​យក​សំបក​ក្នុង​ដែល​ទន់​ងាយ​ប៊ឺ​ត​ទឹក​)
– ដបទឹកក្រូច​សម្រាប់​ប​ន្ត​ក់​ទឹក​
– ថង់​ប្លា​ស្ទីក​សម្រាប់​បន្តក់​ទឹក និង​ថង់​ប្លា​ស្ទីក​សម្រាប់​រុំ​ពី​ខាងក្រៅ ។​

៣-​វិធី​ផ្សាំ​
– យក​កាំបិត​ដែល​មុត​មកចៀរ​ក្រឡឹង​ជុំវិញ​មែក​ពីលើ និង​ពីក្រោម​ថ្នា​ង​ប្រវែង ២ ទៅ ៣ សង្ទីម៉ែត្រ ឆ្កឹះ​កន្លែង​ចៀរ​ហើយ​បកសំបក​ចេញ​
– យក​កាំបិត​កោស​សំបក​ពីលើ​ចុះក្រោម​ថ្នមៗ​ឲ្យ​អស់​រំអិល​
– យក​ក្រណាត់​ទៅ​រូស​ឲ្យ​ស្អាត រួច​យក​ដី​ដែលមាន​លាយ​លាមក​គោ​ពុកផុយ​ទៅ​រុំ​ព័ទ្ធ​ពី​ខាងក្រៅ (​ថង់​ប្លា​ស្ទីក​ចោះ​ប្រហោង ២ ទៅ​៣​រន្ធ ដើម្បី​កុំ​ឲ្យ​ដក់​ទឹក​នៅក្នុង​ថង់​នាំ​ឲ្យ​ឫស​មិនអាច​ដុះ​ចេញ បាន ។

៤- ការ​កាត់​មែក​ក្រូចពោធិ៍សាត់​ដែល​ផ្សាំ​រួច​
– ក្រោយពី​ផ្សាំ​បាន​រយៈពេល ៦០​ថ្ងៃ កាត់​មែក​ក្រូច​ដោយ​ប្រើ​រណា​អារ​
– កាត់​រួច​យក​ដើម​ផ្សាំ​ទៅ​ដាក់​នៅលើ​ថ្នាល​បន្តទៀត​រយៈពេល ៤៥ ទៅ ៦០​ថ្ងៃ ដោយ​ដាក់​នៅ កន្លែង​ដែល​បានរៀបចំ​រួច គឺ​ជីកដី​ជម្រៅ​មួយ​តឹក ត្រ​សុសដី រួច​យក​លាមក​មាន់ ទា គោ ពុកផុយ ទៅ​ដា​ក់នៅ​បាត​រណ្ដៅ ហើយ​យក​មែក​ក្រូចពោធិ៍សាត់​ទៅ​ដាក់​តំរៀប​គ្នា និង​លុប​ដី​កៀនៗ រួច​ស្រោច​ទឹក​ពីរ​លើ​ឲ្យ​សើម ។​

៥-​ការដាំ​មែក​ផ្សាំ​
– ក្រោយពី​ផ្សាំ​បាន​រយៈពេល ៤៥ ទៅ ៦០​ថ្ងៃ យក​ក្រូច​ទៅ​ដាក់​ដាំ​នៅក្នុង​ចំការ ដោយ​ជីរ​ណ្ដៅ ដែលមាន​ទំហំ ១​ម៉ែត្រ ៤​ជ្រុង និង​ជម្រៅ ១​ម៉ែត្រ នៅក្នុង​រណ្ដៅ​មាន​ដាក់​ជី តាម​ស្រទាប់​ដូចជា​៖

– ស្រទាប់​ទី​១ ដាក់​ទន្ទ្រានខែត្រ​ស្រស់ ២០​គីឡូក្រាម​
– ស្រទាប់​ទី​២ ដាក់​ដី​លាយ​ជាមួយ​លាមក​គោ​ស្រស់ ៥​បង្គី​
– ស្រទាប់​ទី​៣ ស្លឹកឈើ​ពុកផុយ ៥​បង្គី រួច​រាយ​ដីស្រទាប់លើ ២​បង្គី ។ បន្ទាប់មក​ដាក់​កូន​ក្រូច ដាំ​រួច​លុប​ដី​ពីលើ និង​ដាក់​ទន្ទ្រានខែត្រ​គ្រប​គល់ (​ការពារ​កុំ​ឲ្យ​ឆាប់​ហាប់​ដី​)

៦-​ការថែទាំ​ក្រូច​ក្រោយពី​ដាំ​
– ក្រោយពី​ដាំ​រួច បោចស្មៅ​ចេញពី​គល់​កុំ​ឲ្យ​ស្មៅ​ស្រូបយក​ជីវជាតិ រួច​ស្រោច​ទឹក​នៅ​រដូវប្រាំង (​ដឹក​ចង្ហូរ​ព័ទ្ធជុំវិញ​គល់​ដោយ​ទុក​ចំងាយ ០,៥​ម៉ែត្រ​ពី​គល់​)
– ដាក់​ទន្ទ្រានខែត្រ​គ្រប​គល់​

– ក្រោយពី​ដាំ​រហូតដល់​ក្រូច​អាយុ ៦​ឆ្នាំ ទើប​ប្រមូល​ផល (​ប្រសិនបើ​ផ្លែ​នៅ​អាយុ​ចន្លោះ​ពី​ដាំ រហូត​ទៅដល់ ៥​ឆ្នាំ គឺ​ត្រូវ​បេះ​ផ្លែ​ចោល ។ ធ្វើ​ដូចនេះ​ជួយ​ឲ្យ​ដើម​ក្រូច​មាន​អាយុ​វែង​)
– ក្រៅពីនេះ ត្រូវ​ឧស្សាហ៍​កាត់​មែក​ងាប់ និង​មែក​ដែល​រាង​ចាស់​ចោល ឬ​មែក​ស៊ុបទ្រុប​ចេញ ដើម្បី​ឲ្យ​ស្រឡះ​មាន​ពន្លឺ​ចូលដល់ ក្រូច​អាច​លូតលាស់​បានល្អ ។​

​សរុប​បច្ចេកទេស​ផ្សាំ សំខាន់ៗ​៖
– ជ្រើសរើស​មែក​ផ្សាំ មិន​ចាស់​ពេក មិន​ខ្ចី​ពេក គឺ​រើស​ពី​ដើម​ដែលមាន​អាយុ ២​ឆ្នាំ​
– យក​កាំបិត​មុត​ចៀរ​ក្រឡឹង​នៅលើ​មែក​ប្រវែង ២ ទៅ ៣​សង្ទីម៉ែត្រ (​ចៀរ​លើ​-​ក្រោម​)
– ឆ្កឹះ​សំបក​ចៀរ​ចោល និង​កោស​ឲ្យ​ស្អាត

– យក​ដី​លាយ​ជី​កំ​ប៉ុស្តិ៍​មក​រុំ​កន្លែង​មុខចៀរ ដោយមាន​រុំ​ស្រកីដូង​ផ្អោប​កុំ​ឲ្យ​ជ្រុះ​ដី ព្រមទាំង​រុំ​ថង់ ប្លា​ស្ទីក​ដែលមាន​ចោះ​រន្ធ​ពី​ក្រៅ​ផង​
– កាត់​មែក​ផ្សាំ​យកទៅ​ដាំ​នៅ​ថ្នាល ក្រោយពី​ផ្សាំ​បាន ៦០​ថ្ងៃ

– កាប់​រណ្ដៅ​ដាំ​កូន​ក្រូច​ជម្រៅ ១​ម៉ែត្រ និង​ទំហំ ១​ម៉ែត្រ​៤​ជ្រុង ក្រោយពី​ដាំ​នៅ​ថ្នាល ៤៥ ទៅ ៦០​ថ្ងៃ​
– ដាក់​ជី​ក្នុង​រណ្ដៅ​តាម​ស្រទាប់​រួច​ដាក់​កូន​ក្រូច​ដាំ​
– នៅពេល​ក្រូច​ចេញ​ផ្លែ​នៅ​ឆ្នាំ​ដំបូង​គួរ​បេះ​ចោល ដើម្បី​ក្រូច​មាន​អាយុ​បានយូរ​ឆ្នាំ ៕ ប្រភព​: អ៊ាង សុផល្លែត​