បច្ចេកទេស​ស្ទូងស្រូវ​ឲ្យ​បាន​ផល​ច្រើន​

1859

១-​មុននឹង​ស្ទូង​សូម​លោកអ្នក​ធ្វើការ​ពង្រាយ​ដី និង​យក​ជីធម្មជាតិ​ទៅប្រើ​លើដី​ឲ្យ​បាន​ស្មើ​ល្អ ។ ការធ្វើ​របៀបនេះ​នឹងធ្វើ​ឲ្យ​ស្រូវ​គ្រប់​គុម្ព​អាច​លូតលាស់​បាន​ផល​ស្មើ​ល្អ​ដូចគ្នា ។​

២-​យក​ល្អ សូម​ផ្ញើ​ប្រព័ន្ធ​ចង្អូរ​ទឹក​ឲ្យ​បាន​ខ្វាត់ខ្វែង​ក្នុង​វាលស្រែ ប្រៀប​ដូច​ប្រព័ន្ធ​ចង្អូរ​ទឹក​ក្នុង​ថ្នាល សំណាប​ដែរ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ដក់​ទឹក​ច្រើនពេក​នៅ​កន្លែង​ត្រូវ​ស្ទូង ។ ការ​មាន​ដក់​ទឹក​ច្រើន ពេក​វា​ធ្វើ​ឲ្យ​សន្ទូង​មិនសូវ​បែក​គុម្ព​ច្រើន​ល្អ​ទេ ។ ការធ្វើ​របៀបនេះ វា​ក៏​អាចជួយ​កាត់បន្ថយ​នូវ​ការ បំផ្លាញ​ពី​សត្វល្អិត​ដែរ ។​

៣- សូម​ជ្រើសរើស​ដកយក​តែ​សំណាប​ដែល​ថ្លោសៗ​ល្អ​ទៅ​ស្ទូង ពីព្រោះ​សំណាប​ថ្លោស​វា​មាន ការ​បែក​គុម្ព​បានល្អ​ជាង​សំណាប​ស្ដើង ។​

៤- នៅពេល​ស្ទូង​សូម​ដាក់​តែ​១​ដើម​ក្នុង​១​គុម្ព តែ​ត្រូវ​ប្រើតែ​សំណាប​ថ្លោស​បាន​ហើយ ។ ការប្រើ សំណាប​ថ្លោស ១​ដើម​ស្ទូង​វា​ប្រសើរ​ជាង​ការប្រើ​សំណាប​ស្ដើង​ច្រើន​ដើម​ស្ទូង ។ សំណាប​ស្គម ស្ដើង វា​មិនសូវមាន​សុខភាព​ល្អ​ដូច​សំណាប​ថ្លោស​ទេ ហើយ​នៅពេល​យើង​ចាប់​វា​ដាក់​ជាមួយគ្នា ច្រើន​ដើម​ស្ទូង នាំ​ឲ្យ​វា​កាន់តែ​លំបាក​ថែមទៀត​ក្នុងការ​លូតលាស់ ។ សូមបញ្ជាក់ថា ស្រូវ​១​ដើម ជា​ជីវិត​១ ដូចនេះ ជីវិត​នីមួយៗ​វា​ត្រូវការ​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​លូតលាស់​ដែរ ។​

៥- នៅពេល​ស្ទូងស្រូវ គឺ​លៃ​ចន្លោះ​គុម្ព​ឲ្យ​បាន​សមស្រប​ទៅតាម​រដូវ​កាល ។ នៅពេល​ដើម រដូវ​យើង​ត្រូវ​ទុកចន្លោះ​គុម្ព​រាង​ធំ​តែ​ធ្វើការ​បន្ថយ​ចន្លោះ​គុម្ព​បន្តិច​ម្ដងៗ ។ យើង​អាច​ចាប់ផ្ដើម​ពី ចន្លោះ​គុម្ព ៣​តឹក ហើយ​បន្ថយ​មក ២,៥​តឹក ២​តឹក ១,៥​តឹក ឬ​រហូតដល់ ១​តឹក នៅ​រដូវ​ជិត​ចុង រដូវ​ភ្ជុំ​។ ការមិន​លៃ​ចន្លោះ​គុម្ព​ឲ្យ​សមស្រប​ទៅតាម​រដូវ​កាល​ធ្វើ​ឲ្យ​យើង​បាត់បង់​ផល​ជាច្រើន សម្រាប់​ពូជស្រូវ​វស្សា​ប្រកាន់​រដូវ ។ ដោយឡែក​សម្រាប់​ស្រូវ​មិន​ប្រកាន់​រដូវ (​ដូចជា​ពូជ​អ៊ី​អ៊ែរ​) ឬ​សែន​ពិដោរ យើង​លៃ​ចន្លោះ​គុម្ព​ទៅតាម​អាយុ​សំណាប មានន័យថា អាយុ​សំណាប​កាន់តែ​ខ្លី ចន្លោះ​គុម្ព​ធំ​ជាង​អាយុ​សំណាប​ចាស់ ។​

​សូម​លោកអ្នក​ព្យាយាម​អនុវត្ត​ទៅតាម​ចំណុច​ខាងលើ​ឲ្យ​បានល្អ យ៉ាង​អន់​ណាស់​ក៏​រើស​តែ សំណាប​ថ្លោស​យកមក​ស្ទូង ហើយ​ស្ទូង​តែ ១​ដើម​ក្នុង​១​គុម្ព​បាន​ហើយ ។ ដើម្បី​បានទទួល​ផល ស្រូវ​ល្អប្រសើរ​ជាង​មុន​ទាល់តែ​លោកអ្នក​សាកល្បង​នូវ​វិធី​សា​ស្តរ​អ្វីមួយ​ដែល​ប្រសើរ​ជាង​មុន ៕ ប្រភព​: អ៊ាង សុផល្លែត​