បច្ចេកវិទ្យា​កំពុង​ជំរុញ​ឲ្យ​អេ​ហ្វ​អឹម​អាយ​ឲ្យ​វិនិយោគ​កាន់តែច្រើន​

129

(​ភ្នំពេញ​)៖ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​(FMI) នានា​បាននិងកំពុង​វិនិយោគ​កាន់តែច្រើន​លើ​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ដើម្បី​ឆ្លើយតប​នឹង​ការរីក​​ចម្រើន​នៃ​សេដ្ឋកិច្ចសង្គម ក៏ដូចជា​ជួយ​សម្រួល​ដល់​អ្នកប្រើប្រាស់​សេវាកម្ម​របស់​ពួកគេ​។​
​ ​
​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រិ​ត​លោក ជា ផល្លា​រិ​ន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា​នេះ​ថា​គ្រឹះស្ថាន​របស់​​លោក​បាននិងកំពុង​វិនិយោគ​លើ​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា ដោយ​ឆ្នាំ​២០១៨​នេះ​លោក​គ្រោង​វិនិយោគ​ជាង​មួយ​លាន​ដុល្លារ លើ​ប្រ​ព័​ន្ឋ​នេះ​ដើម្បី​​សម្រួល​ដល់​សង្វាក់​ការងារ​ផ្ទៃក្នុង​របស់​យើង ក៏ដូចជា​ផ្តល់​ភាពងាយស្រួល ក្នុងការ​ទូទាត់​សាច់ប្រាក់​របស់​អតិថិជន​ព្រោះ​បច្ចេកវិទ្យា​វា​​ជួយ​ឲ្យ​មាន​ភាព​ចំណេញ​ច្រើន ទាំង​ពេលវេលា និង​ចំណេញ​សាច់ប្រាក់​។​
​ ​
​លោក​បន្តថា “​ការវិនិយោគ​លើ​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ក៏​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ផលប​ត្រ​របស់​យើង​និង​ជួយ​សម្រួល​ដល់​ការទូទាត់​​សាច់ប្រាក់​ជាមួយ​អតិថិជន ដែល​ពួកគេ​មិនចាំបាច់​មកកាន់​ការិយាល័យ​របស់​យើង គឺ​ពួកគេ​អាច​ប្រើប្រាស់​សេវា​ទូទាត់​តាម​ទូរស័ព្ទដៃ ឬ​ស្មា​ត​ហ្វូ​ន​”​។​
​ ​
​លោក​សាយ​សូ​នី​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ប្រា​សាក់​បាន​វិនិយោគ​លើ​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​នេះ​ជា​យូរ​មកហើយ តាមរយៈ​ប្រ​ព័​ន្ឋ​E Payment, ATM, Smart Phone, Internet ជាដើម ដើម្បី​ជួយ​សម្រួល​ការងារ​បាន​លឿន​ជាង​មុន មិនសូវមាន​កំហុស​ផ្សេងៗ​កើតឡើង ដោយសារ​វា​ជួយ​សម្រួល​ការងារ​បាន​ច្រើន ជាង​ការធ្វើ​ដោយ​ដៃ​ដែល​ខាត​ពេលវេលា​៕​ដោយៈ​ច្រាយ ចំណាន​/sn

​បច្ចេកវិទ្យា​កំពុង​ជួយ​សម្រួល​ការទូទាត់​សាច់ប្រាក់​(​រូបថត​ឯកសារ​)