បញ្ចប់​វគ្គ​បណ្តុះបណ្តាល គ្រូបង្វឹក​ហែល​ទឹក ទី​ឆ្ងាយ​កម្រិត​មូលដ្ឋាន​

188
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
វគ្គ​បណ្តុះបណ្តាល គ្រូបង្វឹក​កីឡាហែលទឹក ទី​ឆ្ងាយ​កម្រិត​មូលដ្ឋាន “Beginners Open Water Swimming Coach Clinic” ដែល​បាន​ប្រព្រឹត្តធ្វើ រយៈពេល​ពីរ​ថ្ងៃ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក ក្រោម​គម្រោង​បណ្តុះបណ្តាល​ផ្ទាល់ របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នោះ បាន​បិទ​បញ្ចប់ កាលពី​ល្ងាច ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ ។​

​លោក ហែម ចាន់​លី អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​អញ្ជើញ​ចូលរួម​បិទ​វគ្គ និង​ប្រគល់​វិញ្ញាបនបត្រ បញ្ជាក់​ការសិក្សា ដល់​សិក្ខាកាម​ផងដែរ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម ចូលរួម​ចំនួន ២០ នាក់ មកពី ៦ ស្ថាន​ប័ន​គឺ នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្លិប​ហែល​ទឹក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្លិប​ហែល​ទឹក​ក្រសួងមហាផ្ទៃ និង​ក្លិប​ហែល​ទឹក​មច្ឆា​នុប ។​

​លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​មានប្រសាសន៍ ក្នុង​ពិធី​បិទ​ថា វគ្គ​បណ្តុះបណ្តាល គ្រូបង្វឹក​កីឡាហែលទឹក ទី​ឆ្ងាយ​កម្រិត​មូលដ្ឋាន មាន​សារសំខាន់ ក្នុងការ​លើ​កម្ពស់​សម​ត្ថ​ភាព គ្រូបង្វឹក​កីឡាហែលទឹក ឲ្យ​កាន់​តែមាន​ជំនាញ​ច្បាស់លាស់ ដែល​សិក្ខាកាម​ទាំងអស់ នឹង​ក្លាយខ្លួនជា​គ្រូបង្ហាត់ កីឡាហែលទឹក ដើម្បី​បណ្ដុះបណ្ដាល ដល់​កីឡាករ កីឡាការិនី ដើម្បី​ឲ្យ​ក្លាយជា​កីឡាករ កីឡាការិនី មាន​ទេពកោសល្យ សម្រាប់​វិញ្ញាសា ហែល​ទឹក​ទី​ឆ្ងាយ​នេះ ។​

​លោក ហែម គី​រី បាន​ឲ្យ​ដឹង​ដែរ​ថា វគ្គ​បណ្តុះបណ្តាល គ្រូបង្វឹក​កីឡាហែលទឹក​ទី​ឆ្ងាយ កម្រិត​មូលដ្ឋាន​នេះ បង្ហាត់បង្រៀន ដោយ​លោក នាង សូ​រិ​ទ្ធិ​យ៉ា ជា​គ្រូ​ដែល​កម្ពុជា​យើង បាន​បញ្ជូនទៅ​សិក្សា នៅក្នុង​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០១៨ កន្លងមក ដែល​បង្រៀន​ដោយ គ្រូ​ជនជាតិ​អាមេរិក និង​គ្រូ​មកពី សហព័ន្ធ​ហែល​ទឹក​អន្តរជាតិ​។ វគ្គ​នេះ សិក្សា​កាម​ទាំងអស់ បាន​សិក្សា​វគ្គ​បណ្តុះបណ្តាល ផ្នែក​ទ្រឹស្ដី នៅក្នុង​ថ្នាក់ ដោយ​លោក នាង សូ​រិ​ទ្ធិ​យ៉ា និង​អនុវត្ត​ផ្ទាល់​នៅ​ទីលាន ដោយ​លោក ហែម ថុ​ន​ពន្លឺ ។ សិក្ខាកាម បានទទួល​យកចិត្តទុកដាក់ ក្នុងការ​សិក្សា​វគ្គប​ណ្តុះ​បណ្តាល ដោយ​ទទួលបាន​លទ្ធផល និទ្ទេស​ល្អ បាន​ចំនួន ៨៥% និង និទ្ទេស​មធ្យម បាន​ចំនួន ១៥% ។​

​លោក​អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បញ្ជាក់ថា គោលបំណង ដែល​សហព័ន្ធ បើក​វគ្គ​នេះ​ឡើង​គឺ​ទី​១ ដើម្បី​បង្កើន​ធនធាន​គ្រូបង្វឹក ផ្នែក​កីឡាហែលទឹក​ទី​ឆ្ងាយ នៅតាម​ក្លិប សមាគម ខេត្ត ។ ទី​២ ចង់​ពង្រឹងសមត្ថភាព គ្រូឧទ្ទេស​របស់​កម្ពុជា អោយមាន​បទពិសោធន៍​បង្រៀន និង​ចែករំលែក​ចំណេះដឹង របស់​គ្រូឧទ្ទេស ដែល​បាន​ទៅ​សិក្សា នៅ​បរទេស​នោះ មកដល់​គ្រូបង្វឹក នៅក្នុង​ប្រទេស ៕​v