បញ្ចាំងភាពយន្ត​ជប៉ុន​១២​រឿង ជំរុញ​ការយល់ដឹង​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​និង​វប្បធម៌​ជប៉ុន​ដល់​ប្រជាជន​កម្ពុជា​

258

(​ភ្នំពេញ​)៖​មូលនិធិ​ជប៉ុន​និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​រួមសហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​​ការ​កម្ពុជា​-​ជប៉ុន នឹង​រៀបចំ​មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ​២០១៧​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​រោង​ភាព​​យន្ត Major Cineplex ផ្សារ​អ៊ី​អន​ម៉​ល​និង​រោងភាពយន្ត Legend​ទួលគោក នៅ​ទីក្រុង​ភ្នំពេញ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា​៖​មាន​ភាពយន្ត​ជាច្រើន​ប្រភេទ​ដែល​ត្រូវបាន​​សម្រិតសម្រាំង​សម្រាប់​ការដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ​។​ភាពយន្ត​ទាំងនោះ​រួមមាន​៖​ភាពយន្ត​គំនូរជីវចល ភាពយន្ត​បែប​មនោសញ្ចេតនា ភាពយន្ត​ឯកសារ​ហើយ​ក្នុងនោះ​មាន​ខ្សែភាពយន្ត​ខ្លះ​ធ្លាប់​ទទួលបាន​ពានរង្វាន់​ផងដែរ​។​

​ភាពយន្ត​ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​នេះ​ឆ្លុះបញ្ចាំង​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជប៉ុន​សង្គម​និង​វប្បធម៌​ជប៉ុន​ហើយ​មហោស្រព​​នេះ​ក៏​ផ្តល់ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នកទស្សនា​ដើម្បី​អាច​ស្គាល់​អំពី​ប្រទេស​និង​ប្រជាជន​ជប៉ុន​។
​ ​
​សម្រាប់​ឆ្នាំនេះ​ភាពយន្ត​ជប៉ុន​ចំនួន​១២​រឿង​នឹង​ត្រូវបាន​ចាក់​បញ្ចាំង​ជាមួយ​ចំណងជើង​រង​ជា​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​។​សាធារណ​​ជន​អាច​ចូលរួម​ដោយ​សេរី​។​
​ ​
​សូមបញ្ជាក់ថា​មហោស្រព​ភាពយន្ត​ជប៉ុន ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ក្នុង​គោលបំណង​ជំរុញ​ការយល់​​ដឹង​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​និង​វប្បធម៌​ជប៉ុន​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​ការចាក់​បញ្ចាំងភាពយន្ត​៕​ដោយៈ​សុផល​ ​/sn

​បញ្ចាំងភាពយន្ត​ជប៉ុន​១២​រឿង ជំរុញ​ការយល់ដឹង​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​និង​វប្បធម៌​ជប៉ុន​ដល់​ប្រជាជន​កម្ពុជា​