បញ្ជី​ក្បាលដី​របស់​ប្រជាពលរដ្ឋ​ប្រមាណ​១១៥​គ្រួសារ ក្នុងចំណោម​២៤៥​គ្រួសារ នឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ស្របច្បាប់​នាពេលខាងមុខ​ដ៏​ខ្លី​

1322
ចែករម្លែក
  • 36
    Shares

ដោយ​៖ សាវ​រក្ស / ភ្នំពេញ​: អភិបាលខណ្ឌ​ឫស្សីកែវ និង​មន្ត្រី​ពាក់ព័ន្ធ និង​ភូមិបាល​ខណ្ឌ ក្រោយពី​ចំណាយ​ពេលវេលា​ក្នុង​ការចុះវាស់វែង​កំណត់​ព្រំ និង​សម្រង់​ទិន្នន័យ​ឲ្យ​បានច្បាស់លាស់​ជា​ផ្លូវការ ​ជាច្រើន​ខែ​មកហើយ រហូត​ឈានដល់​ការជូនដំណឹង ស្តីពី​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ ផែនទី​ក្បាលដី គំនូស​បង្ហាញ​ទីតាំង​ក្បាលដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី នៃ​ប្លង់​សុរិយោដី នៅក្នុង​បរិវេណ​រយះពេល​១៥​ថ្ងៃ ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​តវ៉ា ចាប់ពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨​តទៅ ដោយ​រាប់​គិត​ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ផងដែរ ការប្រកាស​នេះ​ធ្វើឡើង ។​

​លោក ប៊ុន ឡុង ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៣០​ឧសភា ឆ្នាំ​២០១៨​ថា ក្រោយពី​រដ្ឋបាល​ខណ្ឌឫស្សីកែវ បានប្រកាស​ស្ដីពី​ការចុះវាស់វែង​ដីធ្លី តាម​គោល​ការឯកភាព​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ស្ដីពី​ការប្រទាន​កម្ម​ទីតាំង​ដី ដែលជា​សម្បត្តិ​នៃ​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ បែងចែក​ជូន​ប្រជាពលរដ្ឋ​រស់នៅ និង​អាស្រ័យ​ផល​ជាក់ស្ដែង​។​

​ប្រធាន​កា​រិ​ល័យ​រូបនេះ​បន្តថា ក្រុមការងារ​ការិយាល័យ​បាន​ចុះ​វាស់វែង ប្រមូល​ទិន្នន័យ​ក្បាលដី ដើម្បី​ធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ ជូន​ម្ចាស់​ដី​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​តវ៉ា ដែល​បាន​ប្រមូល​ពី​ទីតាំង​ឧបភោគបរិភោគ មាន​ចំនួន​កំណត់​ព្រំ​សរុប ២៤៥​ក្បាលដី បានទទួល​ឯកសារ​ដើម្បី​វិនិឆ្ឆ័យ​ចំនួន ១១៥​ក្បាលដី មិនទាន់​ទទួល​ឯកសារ ដើម្បី​វិនិឆ្ឆ័យ​ចំនួន​១៣០​ក្បាលដី និង​មាន​ក្បាលដី​ដែល​វិវាទ​ចំនួន​១​ករណី ស្មើ​៣​ក្បាល និង​មួយចំនួនទៀត ដែល​គ្មាន​ទិន្នន័យ​បិទ​ផ្សាយ​នេះ បណ្ដាលមកពី​ម្ចាស់​ដី​មិនបាន​ចូលរួម​ផ្ដល់ព័ត៌មាន និង​ឯកសារ ជាពិសេស​ដោយសារតែ មាន​សហការ​ល្អ​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល ដល់​ក្រុមការងារ​រាល់​ការបំពេញភារកិច្ច ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ និង​មានការ​ចូលរួម​វាស់វែង ពី​ម្ចាស់​ក្បាលដី​លើស​៨៥% ក្នុងការ​ជម្រុញ​ឲ្យ​ក្រុមការងារ ចុះបញ្ជី​ដីធ្លី​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​។​

​ជាមួយគ្នា​នោះ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សី​កែង បានលើកឡើង​ដែរ​ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការធ្វើ​ប្រទានកម្ម​ដីឯកជន​របស់​រដ្ឋ ដី​សាធារណៈ​របស់​រដ្ឋ ជូន​ប្រជាពលរដ្ឋ លោក​សូម​សំណូមពរ​កុំ​ជឿ​តាម​ការឃោសនា​ញុះញង់ ឲ្យ​មាន​ការយល់​ខុស មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ផ្ទុយទៅវិញ​ម្ចាស់ឆ្នោត​គ្រប់ៗ​គ្នា ត្រូវ​ចូលរួម​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០ ជា​លេខ​ចុងក្រោយ​គេ ហើយក៍​ជា​លេខ​គាប់​ជួន​ខួប​២០​ឆ្នាំ នៃ​ការដែល​កម្ពុជា​ត្រូវបាន​បិទ​បញ្ចប់សង្គ្រាម​ទាំងស្រុង​កាលពី​២០​ឆ្នាំមុន ពីព្រោះ​មានតែ​គណបក្ស ប្រជាជន​កម្ពុជា​ទេ ដែល​អាច​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ប្រកបដោយ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ​បាន​៕