បញ្ជី​ឈ្មោះ ១៤ នាក់ ចុងក្រោយ ជម្រើសជាតិ Futsal ត្រូវបាន​បញ្ចេញ​

157
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្នុងខណៈដែល​ក្រុមបាល់ទាត់ ជម្រើសជាតិ Futsal កម្ពុជា ត្រូវ​ចូលរួម​ប្រកួត​ដណ្ដើម​ជើងឯក តំបន់​អាស៊ីអាគ្នេយ៍ (2019 AFF Futsal Championship) នា​ចុងខែ​តុលា​នេះ នៅ​ប្រទេស​វៀតណាម​នោះ សហព័ន្ធ​បាល់ទាត់​កម្ពុជា បានបង្ហាញ​បញ្ជី​ឈ្មោះ​ចុងក្រោយ ចំនួន ១៤ រូប ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​។​

​សូមបញ្ជាក់ថា នៅក្នុង​បញ្ជី​បឋម សហព័ន្ធ រួមជាមួយ​គ្រូបង្វឹក បានសម្រេច​ជ្រើសរើស​កីឡាករ ដែល​លេចធ្លោ​ពី​បណ្ដា​ក្លិប​នានា ចំនួន ២៥ រូប ។ ពួកគេ ទាំង ២៥ រូប បានចាប់ផ្ដើម​ហ្វឹកហាត់ តាំងពីដើម​ខែតុលា មកម្ល៉េះ ។ ពេលនេះ កីឡាករ ចំនួន ១១ រូប ត្រូវបាន​ជម្រុះ​ចេញ ដោយ​ទុក​តែ​ចំនួន ១៤ រូប ដែលមាន​មាន​សមត្ថភាព និង វិន័យ​ជាងគេ ដើម្បី​យកទៅ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ តំបន់​មួយ​នេះ​។​

បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ Futsal កម្ពុជា

​កីឡាករ​ទាំង ១៤ រូបនេះ សុទ្ធតែ​ឆ្លងកាត់​កំដៅ​សាច់ដុំ ជា​មិត្តភាព ជាមួយ​ក្លិប​អាជីព​នានា ក្នុងស្រុក និង​ធ្វើតេស្ត​សមត្ថភាព យ៉ាង​តឹងតែង​បំផុត ។ ក្នុងការ​ធ្វើតេស្ត ដោយ​ប្រកួត​កំដៅ​សាច់ដុំ​នេះ ក្រុម​ជម្រើសជាតិ Futsal សុទ្ធតែ​បានទទួល​ជ័យជំនះ​ទាំងអស់ ដូចជា ប្រកួត​ឈ្នះ​ក្រុម Daniel FC ក្នុង​លទ្ធផល ៨​ទល់​១ ប្រកួត​ឈ្នះ​ក្រុម Home Sports ៥​ទល់​១ និង​ប្រកួត​ចុងក្រោយ ឈ្នះ​ក្រុម DX88FC ៥​ទល់​២ ។​

​ព្រឹត្តិការណ៍ 2019 AFF Futsal Championship ដែល​ប្រទេស​វៀតណាម បានទទួល​សិទ្ធិ ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​ចាប់ផ្ដើម​ប្រកួត ពីថ្ងៃ​ទី​២១ ដល់ ២៧ តុលា ខាងមុខនេះ ។ កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​ក្រុម​ថៃ មី​យ៉ាន់​ម៉ា និង ទី​ម័​រ​ខាងកើត ។ ចំពោះ​ពូ​ល B មាន​ក្រុម​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អូស្ត្រាលី និង​ក្រុម ម្ចាស់ផ្ទះ​វៀតណាម ។​

​នេះ​ជា​ឆ្នាំ​ទី​២ ហើយ ដែល​ក្រុម Futsal វិល​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ ប្រចាំ​តំបន់​នេះ​ឡើងវិញ បន្ទាប់ពី​អាក់ខាន តាំងពី​ឆ្នាំ ២០១៣ មក​នោះ​។​

​កាលពី​ឆ្នាំ​២០១៨ កម្ពុជា ចូលរួម​ដោយ​បញ្ចប់ នៅត្រឹម​បាត​តារាង ដែល​កាលនោះ កម្ពុជា​ស្ថិតនៅ​ពូ​ល A ដែលមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង មី​យ៉ាន់​ម៉ា ដោយ ៣ ប្រកួត​ចាញ់​ទាំង ៣ ប្រកួត ៕v