បញ្ជូនកុមារកើតជំងឺបេះដូង​ចំហ​៥នាក់បន្ថែមទៀត ទៅវះកាត់និងព្យាបាលនៅប្រទេសចិន

201
ចែករម្លែក

*កុមារជិត៧០នាក់ហើយបានព្យាបាលជំងឺបេះដូងជាដោយសុវត្ថិភាព

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ កុមារចំនួន៥រូបមានដូចជា (កុមារា ដេត វឌ្ឍនៈ មកពីខេត្តក្រចេះ កុមារា វឿន ប៊ុនលាភ មកពីខេត្តស្វាយរៀង កុមារា ឈាវ ស័កកូសិទ្ធ មកពីខេត្តកំពង់ធំ កុមារី នី ស្រីណុច មកពីខេត្តកំពង់ស្ពឺ និងកុមារី រឿន កោចន្ទវិទី មកពីខេត្តតាកែវ) បានចេញទៅទទួលការវះកាត់និងព្យាបាលជំងឺបេះដូងចំហនៅមន្ទីរពេទ្យ FUWAI ខេត្តយូណាន ប្រទេសចិន។

លោក ឡ ជឺ (LUO ZHI) ប្រធានអង្គការអ៊ីនឌី (YUNDI) បានគូសបញ្ជាក់ថា ក្រោមលំហសេរីភាពយ៉ាងពេញលេញនៅកម្ពុជា អង្គការYUNDIដែលជាសង្គមស៊ីវិលមួយរបស់ប្រទេសចិន បានកំពុងសកម្មលើការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយបរិមាណកុមារដែលមានជំងឺបេះដូងចំហ។

លោកបន្ថែមថា ថ្ងៃនេះមានកុមារចំនួន៥រូបដែលត្រូវបានលោកវេជ្ជបណ្ឌិត ណុំ សត្យារស្មី បានពិនិត្យយ៉ាងយកចិត្តទុកដាក់តាមនិយាមវិទ្យាសាស្រ្តវេជ្ជសាស្រ្តនិងអេកូសាស្រ្តទំនើប កាលពីដើមខែតុលា ឆ្នាំ២០១៩ ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញផ្នែកវះកាត់ជំងឺសរសៃឈាមបេះដូងរបស់មន្ទីរពេទ្យFUWAIយល់ស្របតាមការពិនិត្យរបស់វេជ្ជបណ្ឌិតកម្ពុជា។ ក្នុងនាមអាណាព្យាបាលកុមារកម្ពុជាដែលត្រូវទៅទទួលការវះកាត់និងព្យាបាលជំងឺបេះដូងចំហនេះ លោក ឡី សាវឿន ដែលជាឳពុកបង្កើតរបស់កុមារី រឿន កោចន្ទវិទី រស់នៅភូមិពារាម ឃុំពារាម ស្រុកបាទី ខេត្តតាកែវ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកយល់ឃើញថា ជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជានាសម័យតេជោសែនបានភ្លក្សនូវរសជាតិសុខសន្តិភាព និងការអភិវឌ្ឍ ហើយជាពិសេសការទទួលបាននូវសេវាថែទាំសុខភាពរួមមានទាំងការវះកាត់និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃនៅប្រទេសចិនថែមទៀតផង។

លោកក៏បានរំលេចពីការជួយជ្រោមជ្រែងបម្រើសេវាសាធារណៈយ៉ាងល្អប្រសើរពីសំណាក់ គណៈអភិបាលស្រុកបាទីដែលជានិច្ចកាលបានយកចិត្តទុកដាក់និងបានជួយខ្នះខ្នែងស្វះស្វែងរកមូលនិធិនិងសប្បុរសជននានាដើម្បីជួយផ្តល់សេវាសុខភាពនិងចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជានៅនឹងមូលដ្ឋាន។

ជាក់ស្តែងក្រោមកិច្ចសហការល្អជាមួយអង្គការYUNDIក្រោមលំហសេរីភាពពេញបរិបូរណ៍នៅក្នុងប្រទេសកម្ពុជា ទើបបានអង្គការYUNDIមានឱកាសកាន់តែល្អប្រសើរក្នុងការចូលរួមចំណែកជាដៃគូដ៏ល្អជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាជននិងបានចូលរួមកាត់បន្ថយភាពក្រីក្រ ព្រមទាំងបំពេញបាននូវតម្រូវការជាក់ស្តែងនៅនឹងមូលដ្ឋានរបស់ប្រជាជនទៀតផង ដែលជាពិសេសគឺការទទួលបាននូវការវះកាត់និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូង FUWAIខេត្តយូណាន ប្រទេសចិននាពេលនេះជាសក្ខីភាពបញ្ជាក់ស្រាប់។

គួរបញ្ជាក់ផងដែរថា នេះជាកុមារទី៦៧ដល់ទី៧១ដែលត្រូវទៅទទួលសេវាវះកាត់ និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃ។ ហើយកុមារចំនួន៦៦រូបបានត្រឡប់មកដល់មាតុភូមិវិញប្រកបដោយសុខភាពល្អបរិបូរណ៍ចាកផុតពីជំងឺបេះដូងចំហ។ បន្ថែមពីលើនេះ អង្គការYUNDIនៅបន្តតាមដានសុខភាពជូនដល់កុមារកម្ពុជា ដែលបានមកដល់មាតុភូមិវិញក្រោយពេលវះកាត់និងព្យាបាលជំងឺបេះដូងចំហ៕B/