បញ្ជូនអ្នកកាសែត២នាក់ទៅតុលាការ

94
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ សមកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ០២នាក់ដែលជាអ្នកកាសែត ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ។

សមត្ថកិច្ចបានឱ្យដឹងថាៈយោងតាមការអនុញ្ញាតធ្វើការបើកការស៊ើបអង្កេតបឋមលេខ ០២ អ.យ ចុះហត្ថលេខាដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ អនុញ្ញាតឱ្យមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ធ្វើការស៊ើបអង្កេតបឋមលើករណីបទប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។

ប្រភពដដែលបានបន្តថាៈតាមពាក្យបណ្ដឹងរបស់ឈ្មោះ ហាស់ ស្រីមុំ ភេសស្រី អាយុ ៣២ឆ្នាំ មុខរបេអាជីវករ មានទីលំនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រោយពីបានការអនុញ្ញាត មន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង បានកោះហៅជនសង្ស័យចំនួន ០២នាក់

១.ឈ្មោះ អុន សំអឿន (ឈ្មោះធ្លាប់ប្រើ ហង្ស បណ្ឌត ) ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្ពឺខាងកើត ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។

២.ឈ្មោះ ណយ ចំណាន (ឈ្មោះធ្លាប់ប្រើ ណាន) ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឱ្យចូលខ្លួនមកមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ។ ក្រោយពីបញ្ចប់ការសាកសួរមន្រ្តីនគរបាលយុត្តិធម៌បានរាយការណ៍ជូនលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ ដោយបានការអនុញ្ញាតពីលោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានឱ្យមន្រ្តីនគរបាលយុត្តិធម៌ធ្វើការឃាត់ខ្លួនជនជាប់សង្ស័យបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

បច្ចុប្បន្ន ជនជាប់សង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕/B