បញ្ជូន​ជនជាតិ​ចិន​៣​នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​

1047
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា នគ​បាល​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់ រៀបចំ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពីបទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​។​

​ករណី​ទី​១: នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ២​និង​៣០​នាទី​រសៀល កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជូន​ខ្លួន​អ្នកបើកបរ​រថយន្ត ជនជាតិ​ចិន ឈ្មោះ WANG HUAN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E89930490 មុខរបរ​បុគ្គលិក​កា​សុ​ី​ណូ ស្នាក់នៅ​ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ដែល​ពាក់ ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច កាស៊ីណូ ហ្គោល​ឌែ​ន ស្ថិតនៅ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ បើករថយន្ត​ថយក្រោយ បុក​ទ្វារ​កញ្ចក់ និង​បុក​អ្នក​ថ្មើរជើង​ម្នាក់​ឈ្មោះ ហ៊ុន សុផល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ បណ្ដាល​ឲ្យ​រងរបួស​ជើង​ធ្ងន់ធ្ងរ​។​

​ករណី​ទី​២: នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧​និង​១០​នាទី​យប់ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិតនៅ​ក្នុងភូមិ​គី​រី​វ័ន ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ រថយន្ត ០១​គ្រឿង​ម៉ាក HIGHLANDER ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P 2033 បើកបរ​ដោយ​ឈ្មោះ FANG GUANG FENG ភេទ ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ EC3926985 មុខរបរ លក់ដូរ ស្នាក់នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​នឹង​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1F 1868 បើកបរ​ដោយ​ឈ្មោះ ទិ​ត សុជា ភេទ ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ លក់​តា​ប៉ែ មាន​ទីលំនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង (​ទិសដៅ​ផ្ទុយគ្នា​) ភ្លាមៗ​នោះ អ្នកបើកបរ​ម៉ូតូ​បាន​ខ្ទាត​មកលើ​ផ្លូវ​ក៏មាន​រថយន្ត ០១​គ្រឿង​ទៀត​ម៉ាក TOYOTA VIP ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB 3073 ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន មេគង្គ​អ៊ិ​ច​ប្រេ​ស អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​កិន​ពីលើ​អ្នកបើកបរ​ម៉ូតូ​បណ្តាល ឲ្យ​ស្លាប់​តែម្តង​។

​ចំណែក​រថយន្ត​ម៉ាក HIGHLANDER រត់គេច រហូតដល់ ចំណុច​មុខរោ​ចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិតនៅ​ក្នុងភូមិ​បិត​ត្រាង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាង ស្ទាក់​ចាប់បាន​ទាំង​រថយន្ត និង អ្នកបើកបរ​បើកបរ​។ ចំណែក​អ្នកបើកបរ​រថយន្ត TOYOTA VIP រត់គេចខ្លួន​បាត់​ក្រោយពេល​កើតហេតុ​។ អ្នកបើកបរ​រថយន្ត​ឈ្មោះ FANG GUANG FENG បាន​នាំខ្លួន​មកកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។​

​ករណី​ទី​៣: វេលា​ម៉ោង​១:១០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ លើផ្លូវ​ឯករាជ្យ ត្រង់ចំណុច​ស្តុ​ប​៣៣៣ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្កដោយ​រថយន្ត​០១​គ្រឿង​ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 2B 3687 បើកបរ​ដោយ​ឈ្មោះ CHENG GIMAN ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​E00498881 (​គ្មាន​ប័ណ្ណបើកបរ និង​មិន សហការ​ជាមួយ​សមត្ថកិច្ច​ក្នុងការ​ពិនិត្យ​ជាតិ​អាកុល ) មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ មាន​ទិសដៅ​ពី​លិច ឆ្កោះ​ទៅ​កើត​។ លុះ​មក ដល់​ចំណុចកើតហេតុ​បាន​បុក​ពី​ក្រោ​រថយន្ត​០១​គ្រឿង​ម៉ាក PORSCHE ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK 3336 អ្នកបើកបរ​ដោយ​ឈ្មោះ PERERA WPATABENDEGE S.N ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ស្រីលង្កា សញ្ជាតិ​ស្រីលង្កា កាន់​លិខិតឆ្លងដែន​លេខ N6652131 មុខរបរ​អគ្គនាយក​ក្រុមហ៊ុន ស្នាក់នៅ​ភូមិ​១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ មាន​ទិសដៅ​ស្របគ្នា​។ គ្រោះថ្នាក់​នេះ មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ទេ បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​ទាំង​០២​គ្រឿង​កំរិតធ្ងន់ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។ ទោះជា​អ្នកបើកបរ​បង្កហេតុ​ជា​ជន​ជាតិចិន​រូបនេះ មិន​ព្រម​សារភាព យ៉ាងណា​ក៍ដោយ ប៉ុន្តែ​ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ និង​មាន​សាក្សី​បញ្ជាក់ កម្លាំង​ជំនាញ​បាន​សន្និដ្ឋានថា អ្នកបើកបរ​រថយន្ត​ម៉ាក LEXUS RX300 បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ជន​ជាតិចិន​ឈ្មោះ CHENG GIMAN ភេទ​ប្រុស ពិតប្រាកដ​មែន​។

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង បញ្ចូនទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​