បញ្ជូន​ជនសង្ស័យ​ឈ្មោះ នួន វ៉ា ដែល​បង្កើត​ហ្វេ​ស​ប៊ុ​ក​ប្រើរូប​មេធាវី ចៅ ប៊ុន​ហួន ឆបោក​ប្រាក់​អ្នកដទៃទៅ​តុលាការ​

112
ចែករម្លែក
​ជនសង្ស័យ​ឈ្មោះ នួន វ៉ា ដែល​បង្កើត​ហ្វេ​ស​ប៊ុ​ក​ប្រើរូប​មេធាវី ចៅ ប៊ុន​ហួន ឆបោក​ប្រាក់​អ្នកដទៃទៅ​តុលាការ​

ដោយ​៖​ឆាយា​នាថ​:ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា នេះ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ជូន​ជនសង្ស័យ​ឈ្មោះ នួន វ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ប​ង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដោយ​ប្រេី​រូបលោក​មេធាវី ចៅ ប៊ុន​ហួន ជា​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដើម្បី​ឆបោក​ប្រាក់​អ្នកដទៃ ។

​ជនសង្ស័យ​ឈ្មោះ នួន វ៉ា បាន​ឆាត​ទៅ​ឆបោក​ប្រាក់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chumteav kolsokhom Tevi ដែលជា​អ្នកមាន​ស្តុកស្តម្ភ​មួយរូប ។ ប្រសិន​បេី​មាន​បងប្អូន​ណា ចាញ់បោក​ជន​ឆបោក​រូបនេះ អាចមក​ដាក់ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច​បាន ។​

​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា រួមសហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ ២០១៩ បាន​ឃាត់ខ្លួន​ត្រង់ចំណុច​ផ្លូវ​ឌួង​ងៀប​៣ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ រូបនេះ បាន​បង្កើត​គណនី​ក្លែងក្លាយ ឆបោក​ជំរិត​ទារប្រាក់​អ្នកដទៃ និង​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដើម្បី​ទៅ​គំរាមកំហែង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ថ្នាក់ដឹកនាំ ។ ជនសង្ស័យ​បាន​សារភាព​នូវ​ទោសកំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ផងដែរ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ថ្លែង​ដាស់តឿន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ទំនាក់ទំនង សន្ទនា​ជាមួយ​អ្នកដទៃ ឬ​មិត្តភក្តិ អ្នក​ដែល​ស្គាល់​ត្រូវ​បញ្ជាក់​ច្បាស់​មុននឹង​ផ្តល់ព័ត៌មាន​ផ្ទាល់ខ្លួន​ដូចជា​រូបភាព​បុគ្គល​ដោយ​ការ​លួងលោម​មនោសញ្ចេតនា​ណាមួយ ឬ​ផ្តល់​លុយកាក់​ជា​ថ្នូរ​នឹង​អ្វីមួយ​ ចៀសវាង​ការចាញ់បោក នាំ​ឲ្យ​បាត់បង់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ៕​Ha