បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​ស្នងការ​ខេត្ត​ពីបទ​លួច​គោយន្ត​កន្ត្រៃ​១​គ្រឿង

446
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ ​កម្លាំង​អធិការនគរបាល​ស្រុក​បា​ណន់​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែមករា​ ឆ្នាំ​២០១៩ ​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​ស្នងការ​ខេត្ត​ពីបទ​លួច​គោយន្ត​កន្ត្រៃ​១​គ្រឿង​ពី​ក្នុង​រោង​ម៉ា​ស៊ីន​កិនស្រូវ​មួយកន្លែង​ស្ថិតនៅ​ភូមិ​ដង្គត់​ធ្នង់ ឃុំ​តា​គ្រាម​ស្រុក​បាណន់​កាលពី​ល្ងាច​ថ្ងៃទី​១១ ​មករា ឆ្នាំ​២០១៩​។​

លោក​ថោង ធិ​ន ​អធិការរង​នគរបាល​ស្រុក​បាណន់​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​បាន​ឲ្យដឹងថា​ជនសង្ស័យ​៣​នាក់​មាន​១-​ឈ្មោះ​ឌី មករា អាយុ​២៧​ឆ្នាំ រស់នៅ​ខេត្ត​សៀមរាប, ២-​ឈ្មោះ​មោះ ញឹម​ចំរើន អាយុ​២៤​ឆ្នាំ នៅ​ភូមិ​អង្គតាសោម ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​៣-​ឈ្មោះ​ទុំ សំណាង អាយុ​២៨​ឆ្នាំ នៅ​ភូមិប​ង្គាំ​ង​ស ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្តកំពង់ចាម ។​

លោក​អធិការរង​ស្រុក​បានបញ្ជាក់​ថា​ ជន​សង្ស័យ​ទាំង​៣​នាក់​នេះ​ជា​កម្មករសំណង់​របស់​ម្ចាស់​គោយន្ត​មានឈ្មោះ ​ធឿន ធួ​ក ​ភេទ​ប្រុស​ អាយុ​៧៤​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ចារ​សង្កាត់​អូរ​ចារ ​ក្រុង​បាត់ដំបង​ មាន​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ចំ​ណុ​ច​ភូមិ ឃុំ​ខាងលើ​។​

លោក​អធិការរង​បាន​បញ្ជាក់ថា​ ជនសង្ស័យ​ទាំងបី​នាក់​បាន​លួច​គោយន្ត​ទាំង​សណ្តោង​រ៉ឺម៉ក​ព្រមទាំង​មាន​ដឹក​ស៊ីម៉ង់ត៍​មួយចំនួន​ចេញពី​រោង​ម៉ាស៊ីន​ប្រហែល​ម៉ោង​១​រំលង​អា​
​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​១១​ខែមករា​។ ​មកដល់​ពាក់​កណ្តាលផ្លូវ​បាន​បើក​ធ្លាក់​ប្រឡាយ​ក្រ​ឡាប់​តែម្តង​។​

ក្រោយ​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ភ្លាម​ កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់​នៅ​ល្ងាច​ថ្ងៃ​ដដែល​ ព្រមទាំង​ដកហូត​គោយន្ត​១គ្រឿង​និង​ស៊ីម៉ង់ត៍​ប្រគល់ឱ្យ​ម្ចាស៎​ដើម​វិញ​។​

លោក ​ប៉ាន់ វ៉ាន់​នី​ អធិការនគរបាល​ស្រុក​បាណន់​បានឲ្យដឹងថា ​ក្រោយពេល​ជនសង្ស័យ​ទាំ​បីនាក់​ឆ្លើយ​សារភាព​រួចមក​លោក​បាន​បញ្ជាឲ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ទាំងបី​នាក់​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕B/