បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​បីនាក់​ទៅ​តុលាការ​ពីបទជួញដូរ គ្រឿងញៀន​

427
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​ក​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមេសា ​ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ ចំនួន៣ នាក់​ទៅ​តុលា​​ការ​ពីបទ ជួញដូរ គ្រឿងញៀន​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ​ចាប់ខ្លួន​បានជា​បន្ត​បន្ទាប់​នៅ​រសៀល​ថ្ងៃ​ទី​៧ ​ខែមេសា​ ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​៧ ​ភូមិ​គីឡូ​១៣​ ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន​។​

លោក ​សុខ និមល​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា ​ជន​ស​ង្ស័យ​ប្រុស​ស្រី​ទាំងបី​នាក់​ មាន​១​.ឈ្មោះ​ ភុ​ន អាត ​ហៅ​ម៉ែ​អា​ដូច​ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​គីឡូ​១៣ ​ឃុំ​សន្តិ​ភាព ​ស្រុក​សំពៅ​លូន​, ២​.ឈ្មោះ​ រឿន រ៉ុ​ម ភេទ​​ប្រុស​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ចំបក់ ​ឃុំ​បឹងបេង ​ស្រុក​ម៉ាឡៃ ​ខេត្តបនទាយមានជ័យ​។ ​ទាំងពីរ​នាក់​នេះ​ត្រូវ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក​ICE)​ ចំនួន​១​ថង់​និង​២​កំណាត់​ទុយោ​ទម្ងន់​៤,០៩​ក្រាម ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ ចំនួន​១៩៥​គ្រាប់​ទម្ងន់​១៩,២៤​ក្រាម​ និង​ទូរស័ព្ទដៃ​២​គ្រឿង​ និង​៣.​ឈ្មោះ​អ៊ុយ ស្រី​ពេជ្រ​ហៅ​ខួច​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ ​នៅ​ភូមិ​គីឡូ១៣​ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន​ តាម​ការ​អនុញ្ញាត​​ពី​លោក​ នួន​ សាន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​

ជនសង្ស័យ​ប្រុស​ស្រី​ទាំង​បីនាក់​ និង​វត្ថុតាង​ទាំងអស់ ​ត្រូវសមត្ថកិច្ចជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​តុលាការ​ពីបទ ជួញដូរ គ្រឿងញៀន​នៅ​ព្រឹក​ថ្ងៃទី​៩ ​ខែមេសា​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕B/