បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការ​ខេត្ត​ពីបទ​លួច​ម៉ូតូ​គេ​

511

(បាត់ដំបង)​៖ កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ផ្នែក​យុត្តិធម៌ ស្រុក​ឯក​ភ្នំ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​ស្នងការ​នគរបាល​ខេត្ត ដោយ​ចោទ​ពីបទ​លួច​ម៉ូតូ​គេ​។ ជនសង្ស័យ​រូបនេះ ត្រូវ​ប៉ូលិស​ស្រុក​ឯក​ភ្នំ​ចាប់ខ្លួនបាន កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​៤ ភូមិ​អ​ន្ស​ង​សក ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។​

​លោក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឈឿង ឈុំ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​អ​ន្ស​ង​សក ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ដែល​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 1J 0742​។ ចំណែក​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​ឈ្មោះ យ៉ាន់ យ៉េត ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ​។ ម៉ូតូ​នេះ បាន​បាត់​កាលពី​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២២ ខែមិថុនា ហើយ​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ម៉ូតូ​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​អធិការដ្ឋាន បានធ្វើការ​ប្រគល់ជូន​ទៅ​ម្ចាស់​ដើម​វិញ​៕

​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន និង​ម៉ូតូ​ដែល​ដកហូត​បាន (​រូប​៖ គ្រញូង​)