បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ប្រើ​អាវុធជាតិផ្ទុះ​បង្ក​ខូចខាតដល់​ធនធានធម្មជាតិ

191
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាប់ពី​ជននេះ​ប្រើប្រាស់​កាំភ្លើង​កែច្នៃ​ប្រើ​រំសេវ​ផ្ទុះ​ធ្វើជា​អាវុធ​ដើម្បី​បាញ់​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។​

កម្លាំង​ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​សហការ​ជាមួយ​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និង​ភ្នំ​ព្រេច​រួម​កម្លាំង​នគរបាល​ខេត្ត​ចុះ​ចាប់បាន​ដោយ​ដកហូត​សាច់​ព្រៃ​ស្រស់​(​ឈ្លូស​)​ទម្ងន់​៨​គីឡូក្រាម​និង​អាវុធ​កែច្នៃ​ប្រើ​រំសេវ​ផ្ទុះ​ចំនួន​១​ដើម​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវលំ​ឆ្ពោះទៅកាន់​ភូមិ​ស្រែ​ធំ ក្នុង​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​កាលពី​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​មានឈ្មោះ ញ៉ា​ញ់ គឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ធំ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​កាំភ្លើង​កែច្នៃ​ធ្វើជា​អាវុធ​ដើម្បី​បាញ់​សត្វព្រៃ​(​ឈ្លូស​)​ប្រាកដ​មែន​។​

បច្ចុប្បន្ន​វត្ថុតាង​កាំភ្លើង​កែច្នៃ​១​ដើម​បាន​រក្សាទុក​បណ្ដោះអាសន្ន​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​។​ចំណែក​ម៉ូតូ​រក្សាទុក​នៅ​ស្នាក់ការ​ត្រពាំង​ត្រាច​។ រីឯ​សាច់​ព្រៃ​ស្រស់​(​ឈ្លូស​)​ត្រូវបាន​ដុត​កម្ទេចចោល​៕S/

#