បញ្ជូន​ជនសង្ស័យ​៣​នាក់​ក្នុងចំណោម​១១​នាក់ ដែល​ប្រើ​ហិង្សា​លើ​លោក​បណ្ឌិត ស៊ុយ សារ៉េត មក​តុលាការ

1667
ចែករម្លែក
  • 187
    Shares

ដោយ​៖ ស​រិ​ទ្ធ / ភ្នំពេញ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុងចំណោម​១១​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នៅក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ចេតនា​លើ​លោក​បណ្ឌិត ស៊ុយ សារ៉េត មក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែមីនា ដើម្បី​ចាត់ការ​តាមច្បាប់​។​

​សំណុំ​រឿងនេះ បាន​ចាត់​បញ្ជូនទៅ​ឲ្យ​លោក ខៀវ ផល្លា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ឈានដល់​ការចោទប្រកាន់​រួច​បញ្ជូន​សំណុំ​រឿងនេះ ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

លោក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា ជំហាន​ដំបូង​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់​គឺ​ឈ្មោះ អាន វិ​នទី អាយុ​២១​ឆ្នាំ មុខរបរ​ជាងទង ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ឈ្មោះ យា​ត ទិ​ត្យា ហៅ​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។​ជន​ទាំង​២​នាក់​ឃាត់​បាន​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ភោជនីយដ្ឋាន​ឈូក​ទិព្វ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រូបនេះ​បានបញ្ជាក់​ទៀតថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ទើប​បន្ត​ការស្រាវជ្រាវ​បន្ថែម រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន ម្នាក់ទៀត​ឈ្មោះ អាន ផល្លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​រត់​រ៉ឺម៉ក​កង់​បី ស្នាក់​នៅផ្ទះ​លេខ​២៥៤១ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ កាលពី​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ឃុំ​ល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​លោក​បន្តទៀតថា ជនសង្ស័យ​ដែល​បាន​បង្ក​ហិង្សា​ទៅលើ​លោក​បណ្ឌិត ស៊ុយ សារ៉េត និង​វាយ​រថយន្ដ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ទាំងអស់​មាន​ចំនួន​១១​នាក់ និង​បាន​ឃាត់ខ្លួន​៣​នាក់ និង​៨​នាក់​ផ្សេងទៀត ដែល​នៅ​សេសសល់ បាន​ស្គាល់​អំពី​អត្តសញ្ញាណ​អស់ហើយ និង​កំពុង​បន្ត​ស៊ើបអង្កេត​ស្វែងរក​ឃាត់ខ្លួន ដើម្បី​យកមក​ផ្តន្ទាទោស​តាម ។​

​សូមជម្រាបថា គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​ដ៏​មានការ​ភ្ញាក់ផ្អើល​រវាង​រថយន្ត​និង​ម៉ូតូ ម្ចាស់​រថយន្ត​បង្ក​ដែល​គេ​ស្គាល់​ថា ឈ្មោះ ស៊ុយ សារ៉េត សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​កម្ពុជា បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រួចហើយ​ព្យាយាម​បើក​រត់ តែ​ត្រូវ​ប្រជាពលរដ្ឋ និង​ជន​ឱកាសនិយម​ឆ្លៀត​វាយកម្ទេច​រថយន្ត និង​អ្នកបើកបរ​របួស​យ៉ាងដំណំ​។ ដោយ​ពិនិត្យឃើញ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ លោក​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម តែ​ពេលនេះ​ពេទ្យ​បញ្ជាក់ថា មិន​ប៉ះពាល់​ក្បាល​ខ្លាំង​នោះឡើយ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ​គឺ រថយន្ត​បង្កហេតុ​ដែល​បើក​ដោយ លោក ស៊ុយ សារ៉េត បាន​បើក​បុក​គេ​ដំបូង​នៅ​ម្តុំ​វត្ត​ទួល​អស់លោក ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ នៅវេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ ២៦១ កែង​ផ្លូវ​១៦០ រវាង​រថយន្ត ម៉ាក​GS5 ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2AP-9719 និង​ម៉ូតូ​១​គ្រឿង ម៉ាក​ឃ្លិ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2FM-2402 ហើយ​បន្ត​បើក​រត់គេច​តាមផ្លូវ រហូតដល់​ម្តុំ​ផ្សារ​ធំថ្មី ជិះ​២-៣​ជុំ​នៅ​ម្តុំ​ផ្សារ​ថ្មី ហើយ​បន្ត​បើក​រត់គេច​តាមផ្លូវ​ម្តុំ​ផ្សារ​ដេប៉ូ ក៏បាន​បុក​ប្រជាពលរដ្ឋ​តាមផ្លូវ​ផងដែរ ហើយ​បន្តទៅ​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ ជិះ​ម៉ូតូ​ជិត​២០០​គ្រឿង​តាម​ទាន់​តែម្តង​៕L