បញ្ជូន​មន្ត្រីនគរបាល​ម្នាក់​បើក​រថយន្តបុក​មន្ត្រី​យោធា​ស្លាប់​មក​តុលាការ​

236

(​ភ្នំពេញ) : មន្ត្រីនគរបាល​ម្នាក់ ត្រូវបាន​នគរបាល​កា​រិ​យ​ល័យ​ចរ​ចរណ៍​ផ្លូវគោក បញ្ជូនមក​តុលាការ នៅ​ព្រឹក​ថ្ងៃទី ១០​វិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​ករណី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្ដាល​ឲ្យ​ស្លាប់​មន្ត្រី​យោធា​ម្នាក់ ក្រោយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។ សំណុំ​រឿងនេះ ស្ថិតក្នុង​ដៃ​លោក​ព្រះរាជអាជ្ញារង​សឿន មុនី​រ័ត្ន កំពុង​សាកសួរ​នៅឡើយ​។​

​ជនបង្ក​ឈ្មោះ ឈាង វិជ្ជា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មន្ត្រីនគរបាល មាន​លំនៅស្ថាន​លេខ​២៩៩២ ផ្លូវ​ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​ជា​អ្នកបើករថយន្ត​ម៉ាក​លុច​ស៊ី​សព៍​ណ​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ 1434 ។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ មា​ជ រី ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ផ្ទះ​លេខ ៤៩ ផ្លូវលំ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជា​អ្នកជិះ​ម៉ូតូ​ម៉ាក សេ​១២៥ ព៍ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1S 3398 ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី ៨​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ ១០៦​កែង​ផ្លូវ​លេខ​៥១ ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ឃើញ​អ្នកបើកបរ​រថយន្ត​លុច​ស៊ី​ស​ក្នុងស្ថានភាព​ស្រវឹង​បាន​បុក​ម៉ូតូ​ដែល​ធ្វើដំណើរ​ច្រាសទិស​គ្នា​បណ្ដាលអោយ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា តែ​ដោយ​ស្ថានភាព​អ្នករបួស​ធ្ងន់ធ្ងរ​ពេក​ជនរងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។​

​ចំណែក​អ្នកបើកបរ​រថយន្ត​លុច​ស៊ី​ស​ក្រោយ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នកដទៃ មិនបាន​ឈប់​រថយន្ត​ទេ ដោយបាន​បើក​រត់​យករួចខ្លួន តែ​ត្រូវ​សមត្ថកិច្ច និង​អ្នកដំណើរ​ប្រដេញ​ចាប់បាន ហើយ​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕ L ដោយៈ ស​រិ​ទ្ធ​