បញ្ជូន​មេធាវី ទំនើង​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​

1004

(​ភ្នំពេញ​) ៖​លោក ថា​ន់ ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧​នេះ បានសម្រេច​ឃុំខ្លួន​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ដាក់ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្តទៀត​។

​ការឃុំខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ត្រូវបាន​ព្រះរាជអាជ្ញារង សឿន មុនី​រ័ត្ន ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​ចំពោះ​ការបាញ់​យុវជន​ម្នាក់​ឱ្យ​របួស និង​គំរាម​បាញ់​យុវជន​ម្នាក់ទៀត​។ កាលពី​យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​នៅក្បែរ​ភូមិគ្រឹះ​អគ្គស្នងការ​នគរបាល​ជាតិ​ស្ថិត​នៅមុខ​ពហុ​កីឡដ្ឋាន​អូឡាំពិក ក្នុង​សង្កាត់​វាល​វល់ ខណ្ឌ​៧​មករា​។​

​ពីដំបូង​គេ​នាំគ្នា​ស្មានថា​មេធាវី​រូបនេះ​បាញ់​ខ្យល់ តែ​ក្រោយ​ការបាញ់​មួយថ្ងៃ​មាន​ជនរងគ្រោះ​ដែលជា​និ​សិ​ត្ស​សាលា​នី​ម ២​នាក់ ​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការនគរបាល​ខណ្ឌ​៧​មករា ដែល​ម្នាក់​ត្រូវបាន​លោក​មេធាវី​បាញ់​ឲ្យ​រងរបួស​មេជើង​ខាងស្ដាំ និង​ម្នាក់ទៀត​ត្រូវ​មេធាវី​គម្រាម​បាញ់សម្លាប់​។

​យោងតាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​៧​មករា បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនសង្ស័យ​បានចេញ​ពី​ហូប​ការ​រួច​ជិះ​រថយន្ត​របស់​​ខ្លួន​ម៉ាក Lexus 470 ពណ៌​ស​តែម្នាក់ឯង មក​ផឹក​បន្ត​ជាមួយ​មិត្តភក្តិ នៅ​ចំណុចកើតហេតុ ផ្លូវ​លេខ​២១១ កែង​ផ្លូវ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។ ពេល​កំពុង​ផឹកស៊ី​នោះ ស្រាប់តែ​ពួកគេ​មាន​ជម្លោះ​ជាមួយគ្នា ហើយ​ជនសង្ស័យ​បាន​ទៅយក​កាំភ្លើង​នៅក្នុង​រថយន្ត មក​បាញ់​ជនរងគ្រោះ​ឈ្មោះ លី តុលា អាយុ​២២​ឆ្នាំ បណ្តាល​ឲ្យ​រងរបួស​ជើង និង​បាញ់​ឡើងលើ​មួយ​គ្រាប់​។ បន្ទាប់មក​ជនសង្ស័យ​ក៏បាន​យក​កាំភ្លើង ទៅ​ភ្ជង់​ក្បាល​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ខុន បញ្ចា​សិទ្ធិ អាយុ​២០​ឆ្នាំ នាំ​ឲ្យ​ភ័យ​ឡើង​ព្រលឹងចុងសក់​។​

​ក្រោយ​ធ្វើ​សកម្មភាព​បាញ់ ចំនួន ២​គ្រាប់​រួច ជនសង្ស័យ​ជា​មេធាវី​កាន់​អាវុធ​រូបនេះ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា នាំខ្លួន​ទៅ​សួរនាំ​៕​ដោយ​៖​វាសនា​