បញ្ជូន​យុវជន​ម្នាក់​ទៅ​ស្នងការ​ខេត្ត​ពីបទ​លួងលោម​រំលោភ​អនីតិជន​

1019
ចែករម្លែក

បាត់ដំបង៖ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ បាន​កសាង​សំណុំរឿង​បញ្ជូន​យុវជន​ម្នាក់ ទៅ​ស្នងការ​ខេត្ត​ពីបទ​លួងលោម​រំលោភ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​។

យុវជន​រូបនេះ ត្រូវ​កម្លាំង​អធិការ​ស្រុក​ថ្មគោល​ចាប់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៩​ខែកក្កដា តាម​ពាក្យបណ្តឹង​របស់​ឪពុក​យុវតី​រងគ្រោះ ដោយ​ចោទ​ពីបទ​លួងលោម​ចាប់រំលោភ​កូនស្រី​គាត់​ចំនួន​៦​លើក ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៧​និង​១៨​ខែកក្កដា​ឆ្នាំ​២០១៧ នៅ​ភូមិ​ថ្មី​ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល​។​

​លោក​វរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សុវណ្ណ បញ្ញា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​។ ចំ​ណែ​យុវតី​រងគ្រោះ​ឈ្មោះ ឆ វ ស អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ជា​សង្សារ​នឹង​គ្នា ហើយ​ធ្លាប់បាន​រួមភេទ​ជាមួយគ្នា​ចំនួន​៦​ដង នៅ​ស្រុក​ថ្មគោល​ចំនួន​៣​ដង និង​នៅ​ខេត្តបាត់ដំបង​៣​ដង ដោយ​ការស្ម័គ្រចិត្ត​គ្មាន​បង្ខិតបង្ខំ​ទេ​។

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​នេះ លោក​បាន​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ៖ គ្រញូង

យុវជន​សង្ស័យ សុវណ្ណ បញ្ញា (​រូប​៖ គ្រញូង​)​