បញ្ជូន​ស្ត្រី​​ជា​ឃាតករ​មុខស្រស់​សម្លាប់​មិត្តភក្តិ​ព្រោះ​រឿង​ជំពាក់​លុយ​មក​តុលាការ

718
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ​
​ភ្នំពេញ​:
នា​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ស្ត្រី ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់​មិត្តភក្តិ​ពន្លះ សាច់​ជា​កង់ៗ​យកទៅ​បោះចោល​នៅក្នុង​ទន្លេ​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី ចាត់ការ​តាមច្បាប់​។​

​ជនដៃដល់​ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​អាហារ​អឺរ៉ុប យីហោ ដឹ​រេ​ដ​ហ្គោ​របារ នៅផ្ទះ​លេខ ៤០Eo ផ្លូវ​១៥៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។ ចំណែកឯ ជនរងគ្រោះ​ឈ្មោះ​គឹម យ៉ានា​ង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​អ៊ុតសក់​ក្នុង​ផ្សារ​ចាស់ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​ស​ង្កៃ​។​

​បន្ទាប់ពី​ត្រូវបាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ស្ត្រីជន​សង្ស័យ បាន​ឆ្លើយ​សារភាពថា កាលពី​ថ្ងៃទី​០២​ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០៖៣០​យប់ ជនរងគ្រោះ​និង​ជនសង្ស័យ​ត្រូវជា មិត្តភក្តិ​បាន​ផឹកស៊ី​នៅផ្ទះ​ជនសង្ស័យ​។ ក្រោយ​ចប់​ការផឹកស៊ី​ជនរងគ្រោះ​បាន​សុំ​យក​កូន​របស់​ជនសង្ស័យ​ភេទ​ស្រី អាយុ​០៨​ឆ្នាំទៅ​ដេក​ជាមួយ​នៅផ្ទះ​របស់ខ្លួន​នៅឯ​ទួល​សង្កែ​។ លុះដល់​ព្រឹក​ថ្ងៃទី​៣​មិថុនា​ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ ១០​ព្រឹក ជនរងគ្រោះ​បាន​ដឹក​កូន​ជនសង្ស័យ​យកមក​អោយដល់​ផ្ទះ​វិញ ហើយ​ជនរងគ្រោះ​ក៏​ទារលុយ​ជនសង្ស័យ ដែល​បាន​ជំពាក់​ចំនួន​៧០០​ដុល្លារ តែ​ជនសង្ស័យ​ប្រកែក​សុំ​សង​តែ​៣៥០​ដុល្លារ​ប៉ុណ្ណោះ​។ ជនរងគ្រោះ​មិន​ព្រម និង​គំរាមថា បើ​ជនសង្ស័យ​មិន​សងលុយ​គ្រប់​ទេ គេ​និង​ប្រាប់​ម្ចាស់បំណុល​ផ្សេងៗ ឲ្យ​ស្គាល់​ផ្ទះ​ដើម្បី​ទារលុយ​ព្រមៗ​គ្នា​(​ជនសង្ស័យ​ជំពាក់​លុយ​គេ​ច្រើន​)​។ និយាយ​ចប់​ជនរងគ្រោះ​ក៏​ដើរចូល​បន្ទប់ទឹក ដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​បាន ដើរ​តាម​ក្រោយ យកដៃ​ស្តាំ​ច្របាច់ក​ជនរងគ្រោះ ហើយ​យក​ម្រាមដៃ​ឆ្វេង​រុក​ច្រមុះ​ឲ្យ​ថប់ដង្ហើម រហូត​ជនរងគ្រោះ​សន្លប់​បាត់ស្មារតី ទើប​ជនសង្ស័យ​យក​ក្រ​ម៉ា រឹក​មាត់​ចងដៃ ចងជើង ទុក​ក្នុង​បន្ទប់ដេក​រហូត​ដាច់ខ្យល់​ស្លាប់ ហើយ​យក សព​ដាក់ចូល​ទូរ​ក្លាស្សេ​ឲ្យ​កក​។​រហូតដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ពេល​កូនៗ​មិន​នៅផ្ទះ ជនសង្ស័យ​បានដាក់​ថ្នាំ​ងងុយដេក​ក្នុង​ទឹកតែ​ឲ្យ​ប្តី​ដែលជា​ជនជាតិ​អាមេរិកកាំង​ផឹក រហូត​ប្តី​ទន់ដៃទន់ជើង​ឡើងទៅ​ដេកលក់​ស្ងាត់ ឃើញ​ឱកាសល្អ ទើប​ជនសង្ស័យ យក​កាំបិត​មក​កាត់​សាកសព ជនរងគ្រោះ​ជា​បំណែកៗ​(​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ព្រលះ​យក​សាច់​) ច្រក​ដាក់​ស្បោង​ខ្មៅ យកទៅ​បោះចោល​មួយថ្ងៃ​បន្តិចៗ នៅតាម​គំនរ​សំរាម​និង នៅក្នុង​ទន្លេ​។ រីឯ​គ្រឿងអលង្កា​និង​ទូរស័ព្ទ បោះចោល​ក្នុង​ទន្លេ​និង​ក្នុង​ធុងសំរាម​ក្បែរ​វត្ត​ឧណ្ណាលោម​។ ដោយឡែក លុយ​របស់​ជនរងគ្រោះ​(​លុយ​ខ្មែរ​២០​ម៉ឺន​រៀល លុយ​ដុល្លារ​50$) ជនសង្ស័យ​រក្សាទុក​។​

​ព្រមជាមួយ​គ្នា​ផងដែរ និយាយ​ពី​គ្រួសារ​ជនរងគ្រោះ ក្រោយពេល​បាត់​ជនរងគ្រោះ​មួយថ្ងៃ កូនស្រី​ម្នាក់ បាន កាន់​រូបថត​ម្តាយ ដើរ​សួរ​គេឯង​តាមផ្លូវ​ទាំងយប់​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​អំពាវនាវ​សុំ​ឲ្យ​បណ្តាញសារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​រក​ម្តាយ​ខ្លួន​ផង បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​គេឯង​ចាប់អារម្មណ៍ អាណិតអាសូរ​គ្រប់គ្នា​។ ដំណឹង​សួររក​ម្តាយ​នេះ ក៏​ធ្វើ​ឲ្យ​មាន​ការចាប់ អារម្មណ៍​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដុតដៃដុតជើង ចេញ​ស្រាវជ្រាវ​ជួយ​រក ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ផងដែរ រហូត​យប់​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់ ដែលជា​មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​កំណត់​អង្គហេតុ​នៃ​ករណី​បាត់​ខ្លួន​ខាងលើ សង្ស័យ​ជា​រឿង​ឃាតកម្ម និង​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈានទៅ​បំបែក សំណុំរឿង​ជាក់ច្បាស់ ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ​រហូត​ជនសង្ស័យ​ព្រម​សារភាព​ទទួលកំហុស ដូច​បាន​រៀបរាប់​ខាងលើ​ថា​ខ្លួន​គឺជា​ឃាតករ​ពិតប្រាកដ​មែន​៕ ល​/សរន

#