បញ្ជូន​អ្នកញៀន​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត ក្នុងប្រទេស​វៀតណាម​

387

​ក្មេងស្រី​ជំទង់​ម្នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ត្រូវបាន​ប​ញ្ជូ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារតែ​ជំងឺ​ធ្លាក់​ទឹកចិត្ត បណ្តាលមកពី​ការ​ញៀន​ហ្វេ​ស​ប៊ុ​ក​។​

​យោងតាម​លោក​ថា​ញ់ ភួង អនុប្រធាន​មន្ទីរពេទ្យ​ចិត្តសាស្ត្រ​ជាតិ​ទី​១ នៅ​ក្រុង​ហាណូយ​បានឱ្យដឹងថា អ្នកជំងឺ​វ័យ ១៧ ឆ្នាំ​រូបនេះ ត្រូវបាន​គេ​បញ្ជូនមក​ព្យាបាល​រយៈពេល​ជាង ១ ខែ​ហើយ បន្ទាប់ពី​នាង​បាន​ធ្លាក់ទឹក​ចិ​ត្ដ​ដោយសារតែ​ញៀន​នឹង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេក​។​

​មុនពេល​នាង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្មេងស្រី​នេះ​មាន​បញ្ហា​ធុញទ្រាន់​នឹង​សាលារៀន ទទួលទាន​អាហារ​លែង​ទៀង​ម៉ោង និង​បដិសេធ​រាល់​សកម្មភាព​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្សម្នា មិន​ថា​ជា​មិត្តភក្តិ​ឬ សមាជិកគ្រួសារ​នោះឡើយ​។​

​នាង​តែង​ចំណាយពេល​ជាច្រើន​ថ្ងៃ​ជាប់​សោ​ក្នុង​បន្ទប់​ម្នាក់ឯង​ដើម្បី​បើក​មើល​ហ្វេ​ស​ប៊ុ​ក​នៅលើ​ស្មា​ត​ហ្វូ​ន​របស់​នាង ហើយ​តែង​ប្រើ​ហិង្សា នៅពេលដែល​នាង​នៅ​ឆ្ងាយ​ពី​ទូរស័ព្ទ​។​

​លោក​ភួង​និយាយថា ឪពុកម្តាយ​របស់​នាង​មិនដឹង​ច្បាស់​អំពី​ចំនួន​ម៉ោង​ដែល​នាង​បាន​ចំណាយ​ក្នុង​មួយថ្ងៃ​នៅលើ​បណ្តាញ​សង្គម​នោះទេ ហើយ​ក្មេងស្រី​នេះ​ក៏​ធ្លាប់​ឈានដល់​ថ្នាក់​លេង​ហ្វេ​ស​ប៊ុ​ក​ដាច់​យប់​ដោយ​មិនឱ្យ​ឪពុកម្តាយ​ដឹងផង​ដែរ​។​

​លោក​ភួង​និយាយថា “​ការ​ញៀន​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បាន​ធូរស្បើយ​ច្រើន ចាប់តាំងពី​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។ នាង​លែង​រអ៊ូរទាំ​ទៀតហើយ នៅពេល​គ្មាន​ស្មា​ត​ហ្វូ​ន​”​។​

​យោងតាម​អ្នកជំនាញ​សុខាភិបាល ជំងឺ​ធ្លាក់​ទឹកចិត្ត​ដែល​បណ្តាលមកពី​ការប្រើប្រាស់​ទូរស័ព្ទ​ទំនើប​និង​បណ្តាញ​សង្គម ដូចជា​ហ្វេ​ស​ប៊ុ​ក បាន​ក្លាយជា​កង្វល់​ផ្នែក​សុខភាព​ក្នុងចំណោម​យុវវ័យ​វៀតណាម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ក្មេងស្រី​ជំទង់​វៀតណាម​ឥឡូវ​បាន​ធូរស្បើយ​ច្រើន​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយសារ​លេង​ហ្វេ​ស​ប៊ុ​ក​ច្រើនពេក