បញ្ជូន​អ្នកបើកបរ​ទៅ​តុលាការ​ករណី​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ម្នាង​អ៊ុក​ផល្លា​ស្លាប់​និង​សម្តេចក្រុមព្រះ​របួសធ្ងន់​

1319
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​កាលពី​រសៀល​ថ្ងៃ​១៨​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​កម្លាំង​នគរបាល​បាន​បញ្ជូន​ខ្លួន​អ្នកបើកប​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​ទៅ​តុលាការខេត្ត​។​ជននេះ​បាន​បង្ក​បណ្តាលឱ្យ​អ្នក​ម្នាង​អ៊ុក​ផល្លា​មរណៈភាព​។​ឯ​សម្តេចក្រុមព្រះ​រងរបួស​ធ្ងន់​និង​មនុស្ស​៦​នាក់​ផ្សេងទៀត​របួសធ្ងន់​ស្រាល​ដែល​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៨​កន្លងទៅ​។​

​បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​រូបនេះ​មាន ឈ្មោះ វ៉ុល សារ៉េត អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​២ សង្កាត់​១​ក្រុងព្រះសីហនុ​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​វ៉ា​ជែង​ជ្រុល​ទៅបុក​រថយន្ត​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ​នៅ​ផ្លូវជាតិ​លេខ​៤​ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ហើយ​ខ្លួនឯង​ក៏​រងរបួស​ធ្ងន់​ដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីអ៊ី​សុខា​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួល​ផែន​សណ្តាប់ធ្នាប់​និង​ចរាចរណ៍​ថ្លែងថា​នេះ​ជា​នីតិវិធី​ផ្លូវច្បាប់​ក្រោយ​សមត្ថកិច្ច​រកឃើញថា​ជនសង្ស័យ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​រូបនេះ បង្កឱ្យមាន​ជា​គ្រោះថ្នាក់​ចរាចរណ៍​ទ្រង់ទ្រាយ​ធំ​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែមិថុនា​២០១៨ បណ្តាលឱ្យមាន​ជនរងគ្រោះ​ស្លាប់​និង​របួស ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បញ្ជាក់​បន្ថែមថា ករណីនេះ បើទោះជា​ជនសង្ស័យ​មាន​របួស​យ៉ាងណាក៏ដោយ ក៏​នីតិវិធី​ត្រូវតែ​ធ្វើ​ដែរ​តាមរយៈ​ការព្យាបាល​ផង​និង​អនុវត្តន៍​នីតិវិធី​ច្បាប់​ផង​និង​ថា​ក្រោយ​បញ្ជូន​ទៅដល់​សាលាដំបូង​ខេត្ត ការសម្រេច​ក្តី​គឺ​ស្ថិតនៅលើ​ចៅក្រម​ជា​អ្នកសម្រេច​។​

​គួរ​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នោះ បណ្តាលឱ្យមាន​មនុស្ស​ម្នាក់​ស្លាប់​គឺ​អ្នក​ម្នាង​អ៊ុក ផល្លា និង​មនុស្ស​៦​នាក់​ទៀត​ដែល​ជិះ​ក្នុង​រថយន្ត​ទាំងសងខាង រងរបួស​ធ្ងន់​និង​ស្រាល ក្នុងនោះ​រួមមាន​ទាំង​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ ផងដែរ​ដែល​ទ្រង់​ទទួលរង​របួសធ្ងន់ ៕S/

បញ្ជូន​អ្នកបើកបរ​ទៅ​តុលាការ​ករណី​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ម្នាង​អ៊ុក​ផល្លា​ស្លាប់​និង​សម្តេចក្រុមព្រះ​របួសធ្ងន់​