បញ្ញវន្ត​ពុទ្ធសាសនា​ព​ថា​បង្សុកូល​បង្កប់ន័យ​គោរព​ដឹងគុណ​បុព្វបុរស​និង​លើកតម្កើង​សុចរិត​ភាព

1283
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈា បា​នល់​បរិយាយ​អំពី​គុណសម្បត្តិ នៃ ពិធី​បង្សុកូល ថា ” ពិធី​បង្សុកូល មិនមែន​ធ្វើឡើង​គ្រាន់តែ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​កា​ទាំង ៧ សន្តាន​របស់​បុគ្គល​ណា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​រំឭក​ដល់​បុព្វការី​ជន ហើយ​ពាក្យ​ថា​បុព្វការី​ជននេះ សំដៅ​ដល់​ជន​ទាំងឡាយណា​ដែល​បានធ្វើ​សេចក្តី​ល្អ​ក្នុង​គ្រា​កន្លង​ទៅហើយ ដូចជា​លោកអ្នក​ដែលមាន​គុណបំណាច់​ចំពោះ​ប្រទេសជាតិ​មាតុភូមិ​ជាដើម ។ ហេតុនេះ ពិធី​បង្សុកូល ក៏បាន​បង្កប់​ទៅដោយ​អត្ថន័យ​អប់រំ ឱ្យ​ជនានុជន​គោរព ស្រឡាញ់ ដឹងគុណ និង ចងចាំ បុព្វបុរស​របស់ខ្លួន​ដែល​បានធ្វើ​ពលិកម្ម​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រទេសជាតិ​មាតុភូមិ​ដែរ ” ។

សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈា ( ​រូបៈ មេសា​)

​តាម​ពិ​ទៅ ពិធី​បង្សុកូល​អាចធ្វើ​នៅពេលណា ទីណា និង ធ្វើ​ដោយ​ធនធាន​ប៉ុន្មាន​ក៏បាន ពោលគឺ បង្សុកូល គឺជា​កិច្ច​កុសល​មួយ​ដែល​ងាយ​ធ្វើ ។ ទោះយ៉ាងណា ត្រូវបាន​គេ​សង្កេតឃើញថា បង្សុកូល​ត្រូវបាន​គេ​ធ្វើ​ច្រើន​បំផុត​នៅក្នុង​ឱកាស​បុណ្យ​ធំៗ ដូចជា​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ និង បុណ្យកាន់បិណ្ឌ​-​ភ្ជុំបិណ្ឌ ។

​លោក​សាស្តាចារ្យ ស៊ិន សុវណ្ណ​និ សាស្ត្រាចារ្យ​ទស្សន​វិ​ជ្ជ​ពុទ្ធសាសនា នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ បាន​ពន្យល់​អំពី​ភាពសាមញ្ញ នៃ ពិធី​បង្សុកូល​ថា គេ​មិន​ចាំ​បាប់​រៀបចំ​សង់រោង ឬ តុបតែង​លម្អ​ផ្ទះ​ឱ្យ​ស្មុគស្មាញ​ទេ ហើយក៏​មិនចាំបាច់ ត្រូវតែ​អញ្ជើញ​ភ្ញៀវ​ញាតិមិត្ត​ជិត​ឆ្ងាយ​ដូច​ពិធីបុណ្យ​ផ្សេងៗ​ដែរ គឺ​គេ​អាចធ្វើ​តែម្នាក់ឯង ឬ ជាមួយ​មនុស្ស​ប៉ុន្មាន​នាក់​ក៏បាន​តាម​ប្រាថ្នា ។

​លោក​សាស្តាចារ្យ ស៊ិន សុវណ្ណ​និ បន្តថា ចំពោះ​អាចារ្យ​វិញ ប្រសិនបើ​មាន​ក៏មាន​ទៅ​ចុះ ប៉ុន្តែ​ប្រសិនបើ​ពុំមាន​អាចារ្យ​ទេ ក៏​មិន​ទាស់ខុស ឬ ជា​បញ្ហា​អ្វី​ដែរ គឺ​គេ​នៅតែ​ធ្វើ​ពិធី​បង្សុកូល​បាន​ដោយ​ពេញលេញ ដ្បិតថា គេ​មិនចាំបាច់ ត្រូវតែមាន​អាចារ្យ​ដឹកនាំ​សូត្រ​នមស្សកា សមាទានសីល សូត្រធម៌​ឧទ្ទិស​កុសល ដូចជា​ធម៌ យំ កិ​ញ ជាដើម​ឡើយ គឺ​គេ​គ្រាន់តែ យក​ទេយ្យទាន​ប្រគេន ឬ ជូន​ដល់​លោកអ្នក​មាន​សីល ដែល​អាចជា​ព្រះសង្ឃ ដូនជី តាជី ឬ អ្នក​រក្សាសីល ៥ ជាដើម ” ហើយ​ពោល​វាចា​ដោយ​ខ្លួនគេ​ដូចជា​ថា សូម​ឩ​ទ្ទិស​កុសល​នេះ ជូន​ចំពោះ​បុគ្គល​នេះ បុគ្គល​នោះ ជាដើម គឺជា​ការ​គ្រប់គ្រាន់ ” ។

លោក​សាស្តាចារ្យ ស៊ិន សុវណ្ណ​និ នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ (​​រូបៈ មេសា​)

​លោក​សាស្តាចារ្យ ស៊ិន សុវណ្ណ​និ ពន្យល់​បន្ថែមថា ” ធម៌​ដែល​ព្រះសង្ឃ​សូត្រ​ក្នុងពេល​បង្សុកូល មិនមែនជា​ធម៌​ចម្លង ឬ ធ្វើឱ្យ​សម្រេច​កុសល​ដល់​អ្នកស្លាប់​ទៅហើយ​ទេ ព្រោះ​បុណ្យ​កុសល​នោះ បានសម្រេច​រួចទៅហើយ ត្រឹម​ពេល​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ ហើយ​ព្រះសង្ឃ​ទទួលយក ពោលគឺ​មិនមែន​សម្រេច​បុណ្យ​កុសល​ដោយសារតែ ព្រះសង្ឃ​សូត្រធម៌ ហើយ​អាចារ្យ​សូត្រធម៌​ឱ​ទ្ទិស ( កុសល ) នោះទេ ពោលគឺ​ព្រះសង្ឃ​មិន​សូត្រធម៌ ក៏​បុណ្យ​កុសល​បានសម្រេច​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅហើយ​ដែរ ។ ធម៌​ដែល​ព្រះសង្ឃ​សូត្រ​ក្នុង​ពិធី​បង្សុកូល​នោះ គឺជា​ធម៌​ក្រើនរំឭក​ដល់​អ្នក​ដែល​នៅរស់​ពិរ​ចារណា ” ។

​សម្តេច​បណ្ឌិត ឈឹង ប៊ុន​ឈា សង្កត់ធ្ងន់ថា អ្វីដែល​សំខាន់​នោះ គឺ​ត្រូវ​ចេះ​គោរព​ដឹងគុណ ដល់​បុព្វការី​ជន ឬ អ្នក​ដែលមាន​គុណបំណាច់​ចំពោះ​ប្រទេសជាតិ ជាដើម នៅពេលដែល​ពួកលោក​រស់រាន​ជីវិត ដែល​ខ្មែរ​យើង​និយម​ប្រៀបធៀប​ថា ធ្វើបុណ្យ​ទាន់​ខែភ្លឺ ។ ការគោរព និង ដឹងគុណ​ចំពោះ​បុព្វ​បរស​របស់ខ្លួន គឺជា​ស្មារតី​ដ៏​សំខាន់បំផុត ១ ក្នុង​ការកសាង​ខ្លួន និង ប្រទេសជាតិ​ឱ្យក្លាយ​ជា​អរិយជាតិ ព្រោះ​ថាបើ​មនុស្ស មិន​គោរព មិន​ចងចាំ មិន ដឹងគុណ​បុព្វបុរស​ទេ ធ្វើឱ្យ​មនុស្ស​មិន​ចង់​ធ្វើ​ល្អ ឬ មិន​ចង់​លះបង់​ដើម្បី​ប្រយោជន៍ និង ក្តី​សុខ​រួម​ទេ ហើយ​ការមិន​ចង់ចាំ​បុព្វបុរស ក៏​បានសេចក្តីថា បំភ្លេច​ប្រវត្តិសាស្ត្រ​ដែរ ។ ការ​បំភ្លេច​ប្រវត្តិសាស្ត្រ​ធ្វើ​ឱ្យគេ​មាន​កំហុស​ដដែល​ជា​ដដែល ឬ ពិបាក​ប្រាកដថា​ផ្លូវ​ណា​ខុស ផ្លូវ​ណា​ត្រូវ សម្រាប់​ខ្លួនគេ និង សង្គមជាតិ​ជាដើម​។​
​ព្រះសម្មាសម្ពុទ្ធ បាន​បញ្ញត្តិ​ថា ” ពិធី​បង្សុកូល ” គេ​ត្រូវតែ​ធ្វើ​ជាមួយ​អ្នកមាន​សីល ។ អ្នកមាន​សីល គឺជា​មនុស្ស​សុចរិត​ទៀងត្រង់ ។

ចំពោះ​បុណ្យ​កុសល នឹង​បាន​ទៅ​អ្នក​ដែល​ស្លាប់​ទៅហើយ តាមរយៈ​ការ​ប្រគេន ឬ ជូន​ទេយ្យទាន​បុគ្គល​អ្នក មាន​សីល គឺជា​រឿង​មួយ ប៉ុន្តែ​តាមរយៈ​ការ​ប្រគេន ឬ ជូន ទេយ្យទាន​នោះ គឺជា​ការសង្គ្រោះ​លោកអ្នក​មាន​សីល ព្រោះថា តាមរយៈ​ការបរិច្ចាគ​ទាំងនោះ ទើប​លោក​មិនចាំបាច់​ប្រព្រឹត្ត​អ្វី​ដែលជា​អំពើ​នាំមក​នូវ​ការឈឺចាប់​ដល់​ខ្លួនឯង ឬ អ្នកដទៃ ក៏​លោក​អាច​ញ៉ាំង​អត្តភាព គឺ​ជីវិត​ឱ្យ​ប្រព្រឹត្តទៅបាន ឬថា គឺជា​ការផ្តល់​ឱកាស​ឱ្យ​លោកអ្នក​មាន​សីល​ទាំងឡាយ អាច​ទ្រ​ទ្រង់សីល​របស់លោក​ដោយ​ក្សេមក្សាន្ត ហើយក៏​ជាការ​លើកទឹកចិត្ត​ឱ្យ​មនុស្ស​រក្សា​លី​ដែរ ។ អ្នក​រក្សាសីល គឺជា​មនុស្ស​មិន​បង្ក​ការឈឺចាប់​ដល់​អ្នកដទៃ ធ្វើឱ្យបាន​សុខ​ទាំង​ខ្លួន​លោក ( អ្នក​រក្សាសីល ) និង អ្នក​នៅ​ជុំវិញខ្លួន និង សង្គម​ទាំងមូល ។ ហេតុនេះ ពិធី​បង្សុកូល គឺជា​ការ​ទ្រទ្រង់ និង លើកទឹកចិត្ត​ឱ្យមាន​វប្បធម៌​សន្តិភាព ឬ សុចរិត​ភាព ។


​ពាក្យ​ថា បង្សុកូល គឺជា​ភាសាបាលី បានសេចក្តីថា របស់​ដែល​ប្រឡាក់​ហ្មងសៅ ។ នៅក្នុង​សម័យ​ពុទ្ធកាល នា​ប្រទេស​ឥណ្ឌា នៅពេល​មាន​មនុស្ស​ស្លាប់ គេ​យក​ក្រណាត់​រុំ​សាកសព​រួច​យកទៅ​បោះចោល​នៅក្នុង​ព្រៃ ។ នៅពេលដែល​សាកសព​នោះ​ស្អុយរលួយ ហួរ​ឈាម ហូរ​ខ្ទុះ ឬ ត្រូវ​សត្វ​ហែក​ស៊ី​ជាដើម ធ្វើឱ្យ​ក្រណាត់ ឬ សំពត់​រុំ​សព​នោះ ក្លាយទៅជា​របស់​ប្រឡាក់​ហ្មងសៅ ។ សំពត់​ដែល​ប្រឡាក់​នោះឯង​ហើយ ដែល​ហៅថា បង្សុកូល ឬ សំពត់​បង្សុកូល ។


​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា សម្គាល់​សំពត់​រុំ​សព​នោះ​ថា ជា​របស់​គ្មាន​ម្ចាស់ ជា​របស់​គ្មាន​ទោស ក៏​តែងតែ​យក​សំពត់​បង្សុកូល ពោលគឺ​សំពត់​ដែល​ប្រឡាក់​សៅហ្មង​នោះ ទៅ​បោកគក់​លាង​ទឹក​សម្អាត ដេរ​ភ្ជាប់​ធ្វើជា​ស្បង់​ចីវរ​ប្រើប្រាស់ ។ សកម្មភាព​ទាញយក​សំពត់​ប្រឡាក់​សៅហ្មង​នោះឯង ក៏​គេ​ហៅថា បង្សុកូល​ដែរ ។


​ក្រោយមក សង្គម​មាន​ភាពសម្បូរ​រុងរឿង គេ​ក៏​យក​ក្រ​ណាស់​សំពត់​កញ្ចប់​សាដក ឬ អាហារ​ចំណី និង សម្ភារ​ប្រើប្រាស់​ជាដើម​ដែល​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់​ប្រគេន​ដល់​ព្រះសង្ឃ ហើយ​ចាត់ទុក​ទង្វើ នៃ ការ​ប្រគេន​ព្រះសង្ឃ ហើយ​ព្រះសង្ឃ​ទទួល​អនុមោទនា​នោះ ថា​ជា បង្សុកូល​ជា​ជំនួស​វិញ ៕ Kh

ពិធី​បង្សុកូល​ជា​កិច្ច​បុណ្យ​ងាយ​ធ្វើ ប៉ុន្តែ​បង្កប់​អត្ថន័យ​ទូលំទូលាយ (​​រូបៈ មេសា)