បញ្ញវន្ត​សង្ឃៈ អ្នក​ដែលមាន​បំណង​ទៅ​សិក្សា​នៅ​បរទេស ត្រូវ​ត្រៀមខ្លួន ៣ ចំណុច

272
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ ភិក្ខុ សមុហ៍​បណ្ណារក្ស អឿន សំអាត ព្រឹទ្ធបុរសរង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ទទួលបន្ទុកការិយាល័យទំនាក់ទំនង និង សហប្រតិបត្តិការអន្តរជាតិ បាន​មាន​ព្រះ​ថេរ​ដីកា​អំពី​ការត្រៀមខ្លួន​សម្រាប់​ស្នើសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ថា ទីទៃ​ពី​ត្រូវ​កសាង​ប្រវត្តិ​សិក្សា​ឱ្យបាន​ល្អ​តាំងពី​នៅ​មធ្យម​ភូមិ​ទៅ អ្នក​ដែលមាន​បំណង​ទៅ​សិក្សា​នៅ​បរទេស ត្រូវ​ត្រៀមលក្ខណៈ​សំខាន់ៗ ៣ ចំណុច គឺ ៖ ១. ត្រូវមាន​ចំណេះដឹង​ភាសា​អង់គ្លេស​ឱ្យ​សមល្មម​តាម​តម្រូវការ​ប្រើប្រាស់​បាន គឺ​បើ​ធ្វើតេស្ត​ក្នុង​ក្របខណ្ឌ TOEFL ត្រូវ​ឱ្យមាន​ពិន្ទុ​ចាប់ពី ៦ , ៥ ឡើងទៅ អាស្រ័យ​លើ​ការកំណត់​របស់​ស្ថាប័ន​ម្ចាស់​អាហារូបករណ៍ , ២. ត្រូវមាន​សមត្ថភាព ឬ ចំណេះដឹង​ក្នុងការ​សរសេរ​សំណើសុំ​អាហារូបករណ៍ គឺ​ត្រូវ​ចេះ សរសេរ ពី​វត្ថុបំណង នៃ ការ​ទៅ​សិក្សា​នៅ​បរទេស និង គោលដៅ​ក្រោយពេល​ត្រឡប់មក មាតុប្រទេស​វិញ , ចំណែក​ទី ៣ ត្រូវមាន​លិខិតបញ្ជាក់​ពី​អ្នក​បណ្តុះបណ្តាល​អំពី​អត្ត​ចា​រិត​របស់ខ្លួន​ផង ជាពិសេស​ពី​គ្រូ ឬ សាស្ត្រាចារ្យ


​ព្រះមហា​សមណៈ អឿន សំអាត ផ្តល់​អនុសាសន៍​បែបនេះ នៅក្នុង​បាឋកថា ស្តីពី​ការ​ទៅ​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​បរទេស ដែល​ពិធី​ជួបជុំ​នេះ រៀបចំ​នៅឯ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នា​ព្រឹក​ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២០ នេះ ។​


​ជាការ​កត់សម្គាល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្នុង ១ ឆ្នាំៗ មាន​អាហារូបករណ៍​រាប់រយ​កន្លែង ត្រូវបាន​ផ្តល់​មកឱ្យ​កម្ពុជា​សម្រាប់​ទៅ​សិក្សា​នៅ​បរទេស ក្នុងនោះ​រួមទាំង​ប្រទេស​នៅ​អឺរ៉ុប និង អាស៊ី​ផង ហើយ​ជា​លទ្ធផល ក៏មាន​និស្សិត​ខ្មែរ​ទៅ​សិក្សា​ជាច្រើន​នាក់​ដែរ​ក្នុង ១ ឆ្នាំៗ ។ ទោះយ៉ាងណា ត្រូវបាន​មើលឃើញ​ជាទូទៅ​ថា ចំនួន​និស្សិត​ខ្មែរ​ដែល​បាន​ជោគជ័យ​ក្នុងការ​ស្នើសុំ​អាហារូបករណ៍ និង បាន​ទៅ​សិក្សា​នៅ​បរទេស គឺ​នៅមាន​ចំនួន​តិចជាង​និស្សិត​បណ្តា​ប្រទេសជិតខាង​នៅឡើយ ហើយ​អាហារូបករណ៍​ទាំងនោះ ត្រូវបាន​និស្សិត​ខ្មែរ​សុំ​យក​មិនបាន​ទាំងអស់​ឡើយ ហើយ​នៅ​ក៏​ព្រោះតែ​សមត្ថភាព នៃ អ្នកដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​ទាំងនោះ មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ ស្ថាប័ន​ដែល​ផ្តល់​អាហារូបករណ៍​ទាំងនោះ ។​


​ប្រការនេះ​ក៏​បានសេចក្តីថា លុយកាក់ មិនមែនជា​កត្តា​សំខាន់បំផុត​ទៀត​ទេ សម្រាប់​អ្នក​ទាំងឡាយណា​ដែលមាន​បំណង​ទៅ​សិក្សា​នៅ​បរទេស ប៉ុន្តែ​សមត្ថភាព​របស់​ពួកគេ​ទើប​ជា​កត្តា​សំខាន់បំផុត ឬ អាច​និយាយ​ម្យ៉ាង​ទៀតថា ប៉ុន្មាន​ឆ្នាំ​មកនេះ អ្នក​ដែល​មិនមាន​ជីវភាព​ធូរធា ក៏មាន​ឱកាស​ទៅ​សិក្សា​នៅឯ​បរទេស​បានដែរ ៕ Kh

ព្រះ​ភិក្ខុ សមុហ៍​បណ្ណារក្ស អឿន សំអាត នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ( ​រូបៈ មេសា​ )
អ្នក​ចូល​រូ​ម​ក្នុង​បាឋកថា​ស្តីពី​ការ​ទៅ​សិក្សា​នៅ​បរទេស (​ ​រូបៈ មេសា​ )